ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តោន និង​បាញ់ថ្នាំ ហុងដា ខា ហា​កា​តា នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI)

11 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមករា ឆ្នាំ​២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមករា ឆ្នាំ​២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​តោន និង​បាញ់ថ្នាំ ហុងដា ខា ហា​កា​តា​» របស់​ក្រុមហ៊ុន​ហុងដា ខា ហា​កា​តា ខូ​អិ​ល​ធី​ឌី (Honda Cars Hakata Co., Ltd) នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ក្នុង​រាជធានី​ភ្នំពេញ​។ សមិទ្ធផល​នេះ កើតឡើង​ពី​ភាព​ជា​ដៃគូ​ ដែល​បាន​ចាប់ផ្តើម​តាម​រយៈ​ការ​ចុះ​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​អបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​វិទ្យាស្ថាន ITI និង​ក្រុមហ៊ុន ដែល​បាន​បង្កើត​ជា​ផ្លែផ្កា​ នៃ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​នេះ​។ សមិទ្ធផល​នេះ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កសាង​មូលធន​មនុស្ស​ដែល​មាន​ជំនាញ និង​ផលិតភាព​ការងារ​ខ្ពស់ ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ការងារ និង​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស ​នៃ​វិស័យ​ឧស្សាហកម្ម​រថយន្ត​។ កិច្ចសហការ​នេះ ក៏​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន សិស្ស និង​និស្សិត​កម្ពុជា ជាមួយ​ប្រជាជន​ជប៉ុន​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា នេះ​គឺជា​ពេលវេលា​ដ៏​សម​ស្រប ដែល​ឧស្សាហកម្ម​យានយន្ត​នៅ​កម្ពុជា​កំពុង​រីក​លូតលាស់ ហើយ​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង ដែល​នាំ​ឱ្យ​តម្រូវការ​ប្រើប្រាស់ និង​ថែទាំ​រថយន្ត​កើនឡើង ជា​ពិសេស​ជំនាញ​តោន និង​បាញ់ថ្នាំ​នេះ​តែ​ម្តង​។ មជ្ឈមណ្ឌល​នេះ មិន​ត្រឹមតែ​ផ្តល់​ឱកាស​ការងារ​ដែល​មាន​ប្រាក់​ចំណូល​សមរម្យ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បើកផ្លូវ​ឱ្យ​សិស្សានុសិស្ស​អាច​យកចំណេះ​ជំនាញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ផង​ដែរ​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ដល់​វិទ្យាស្ថាន ITI ធ្វើការ​ថែទាំ​មជ្ឈមណ្ឌល​នេះ​ឱ្យ​បាន​ល្អ ដើម្បី​ដំណើរការ​ដោយ​ជោគជ័យ និង​បន្ត​ពង្រីក​កិច្ចសហការ​ជាមួយ​ដៃគូ​ដទៃ​ទៀត​។ ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​គ្រូ​បង្គោល​ទាំង ៤​រូប ដែល​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​រយៈពេល ៣​ខែ នៅ​ប្រទេស​ជប៉ុន​នា​ពេល​កន្លង​មក ឱ្យ​ខិតខំ​ធ្វើការ​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង​ដល់​សិស្ស និស្សិត ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​ជំនាញ​មួយ​ច្បាស់លាស់ និង​ទទួល​បាន​ឱកាស​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់ ទាំង​ក្នុង និង​ក្រៅប្រទេស​ ។

តាម​ការ​បញ្ជាក់​ពី​លោក ជិន តា​រ៉ា នាយក​វិទ្យាស្ថាន ITI និង​លោក កូ​ស៊ី​រ៉ូ មុ​តូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Honda Cars Hakata, ក្រុមហ៊ុន​បាន​ផ្តល់​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ការ​បំពាក់​ឧបករណ៍ និង​សម្ភារ​បរិក្ខារ សរុប​ជា​ទឹកប្រាក់​ប្រមាណ ២៧​ម៉ឺន​ដុល្លារ​អាម៉េរិក ព្រមទាំង​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​។ តាម​ផែនការ គ្រូ​បង្គោល​សរុប​ចំនួន ១៦​នាក់ នឹង​ត្រូវ​បណ្តុះបណ្តាល​ឱ្យ​បាន​ក្នុង​រយៈពេល ៤​ឆ្នាំ (២០២៤-២០២៨) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ