កាលណាយើងចង់សប្បាយនឹងការដើរលេងនៅក្រៅប្រទេស ដឹងតែត្រូវអស់លុយហើយ ប៉ុន្តែប្រសិនបើរិះគិតចំណុចខាងក្រោមនេះ វាអាចកាត់បន្ថយការចំណាយបានច្រើន ហើយក៏មានឈ្មោះថា «បានដើរលេងបរទេស» មិនតែប៉ុណ្ណោះក៏អាចនឹងទទួលបទពិសោធន៍ល្អៗជាច្រើនផងដែរ ។

ចូរសាកល្បងអនុវត្តតាមកត្តាទាំងនេះ នោះអ្នកនឹងទទួលបានបទពិសោធន៍នៃដំណើរទេសចរណ៍ពិតៗជាមួយនឹងការចំណាយដែលអស់មិនច្រើន ដូចជាការចំណាយតាមក្រុមហ៊ុនទេសចរណ៍ឡើយ។ ប៉ុន្តែមុននឹងធ្វើដំណើរ អ្នកដាច់ខាតត្រូវតែសិក្សាស្វែងយល់ពីគោលដៅដែលអ្នកចង់ទៅ ដោយរួមទាំងព័ត៌មាននៃការស្នាក់នៅ ប្រពៃណី ទំនៀមទម្លាប់ មធ្យោបាយ ដឹកជញ្ជូនជាពិសេសគឺម្ហូបអាហារនៅគោលដៅនោះជាមុន ។

១- រៀបចំផែនការទុកមុន ៖
ប្រសិនអ្នកមានលុយ គឺគ្រាន់តែបោះលុយមួយកញ្ចប់ទៅក្រុមហ៊ុនទេសចរណ៍ នោះគេនឹងចាត់ចែងឲ្យអ្នកសព្វបែបយ៉ាង។ ប៉ុន្តែប្រសិនបើអ្នកចង់សន្សំលុយ អ្នកដាច់ខាតត្រូវតែគិតទុកជាមុន ហើយប្រសិនបើអាចគួរតែធ្វើដំណើរដោយមានគ្នា ។ ការធ្វើដំណើរមានគ្នា វាផ្តល់ទំនុកចិត្ត ហើយក៏អាចជួយគ្នាទៅវិញទៅមកនៅពេលមានបញ្ហា ដូច្នេះត្រូវតែបង្កើតផែនការឲ្យច្បាស់លាស់ដោយខ្លួនឯង ។ អ្នកត្រូវតែស្វែងរកការកក់សំបុត្រយន្តហោះនៅក្នុងអំឡុងពេលដែលគេធ្វើកម្មវិធីបញ្ចុះតម្លៃ កន្លែងស្នាក់នៅតាមបែបទេសចរណ៍ផ្សងព្រេង ហើយព្យាយាមសន្សំលុយទុក ។

២- ត្រូវជ្រើសរើសពេលដែលគេមិននិយមដើរ ៖
ជាធម្មតាតែពេលមានតម្រូវការច្រើននោះ តម្លៃនឹងឡើងថ្លៃតាំងពីការដឹកជញ្ជូន ការហូបចុក ការស្នាក់នៅ ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសពេលដែលគេមិនសូវនិយមដើរ នោះតម្លៃនៃការចំណាយនឹងធូរស្រាលច្រើន ដោយសារតែសេវាកម្មគ្រប់វិស័យនឹងបញ្ចុះតម្លៃ ។ នៅក្នុងឱកាសបែបនោះ ប្រសិនបើអ្នកដើរ អ្នកអាចនឹងទទួលបានបទពិសោធនៃសេវាកម្មឥតខ្ចោះក៏ថាបាន ជាមួយនឹងអត្រាតម្លៃដ៏សមរម្យបំផុត ។

៣- ភាពវៃឆ្លាតក្នុងការស្នាក់នៅ ៖
នៅពេលនេះ តម្លៃនៃការស្នាក់នៅតាមគោលដៅទេសចរណ៍ និងទីកន្លែងនានា មិនថានៅទីណានោះទេ គឺច្រើនតែមាននៅតាមបណ្តាញសង្គមធំៗ ។ ដូច្នេះអ្នកអាចសម្រេចចិត្តជ្រើសរើសបានតាមលទ្ធភាពដែលអ្នកចង់ ហើយនៅក្នុងនោះ គឺមានតាំងពីកម្មវិធីបញ្ចុះតម្លៃ និងការអនុគ្រោះផ្សេងៗទៀត ដែលអ្នកអាចស្វែងរកតាមបណ្តាញសង្គម ឬអ៊ីនធើរណេត។

៤- គួរសាកល្បងប្រើមធ្យោបាយធ្វើដំណើរសាធារណៈរបស់ប្រទេសគេ ៖
ឡានក្រុង និងរថភ្លើងមានតម្លៃថោកជាងយន្តហោះ។ ដូច្នេះវាគឺជាជម្រើសដ៏សមរម្យសម្រាប់ជាជំរើសនៃដំណើរកំសាន្តតាមបែបសន្សំសំចៃរបស់អ្នក ។

ការធ្វើដំណើរតាមមធ្យបាយដឹកជញ្ជូននៅក្នុងស្រុកជាទូទៅ វាអាចងាយស្រួលធ្វើអោយអ្នកវង្វេង ប៉ុន្តែក៏ជាបទពិសោធន៍ និងជាឱកាសដែលអ្នកអាចនឹងស្វែងយល់អំពីស្ថានភាពពិតប្រាកដនៃគោលដៅ ប្រសើរជាងពេលអ្នកកាន់លុយមួយកញ្ចប់ទម្លាក់អោយក្រុមហ៊ុនទេសចរណ៍រៀបចំ ដូច្នេះហើយបានជាយើងឧស្សាហ៍ឃើញភ្ញៀវបរទេសខ្លះធ្វើរួចមកហើយ នៅពេលពួកគេមកលេងកម្ពុជាយើង ។

៥- ការទទួលទាន ៖
បើនិយាយអំពីអាហារ គឺមានតម្លៃកប់ពពក ប្រសិនបើអ្នកទៅទទួលទាននៅតាមភោជនីយដ្ឋាននានា ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសការទទួលទានជាមួយនឹងអ្នកស្រុកនោះ វាពិតជាចំណាយតិចមែនទែន។ ប៉ុន្តែពេលខ្លះ យើងក៏ត្រូវតែរៀនអត់ធ្មត់ ពីព្រោះអ្នកគ្មានជម្រើសច្រើនទេ ប៉ុន្តែពេលខ្លះ អ្នកក៏អាចនឹងរីករាយ ហើយទទួលបានគុណតម្លៃមិននឹងស្មានដល់ពីអាហារទាំងនោះ ខណៈដែលតម្លៃខុសគ្នារាប់សិបដងក៏មាន ។

ជាក់ស្តែងត្រឹមតែកាហ្វេប្រេន នៅរាជធានីភ្នំពេញ មួយកែវ កន្លែងខ្លះត្រូវអស់ជិត៥ដុល្លារ ទាំងអត្រាពន្ធតម្លៃបន្ថែម ប៉ុន្តែកាហ្វេនៅតាមផ្សារនៅក្នុងស្រុកខ្លះត្រឹម ២០០០ រៀល ក៏អាចបានកាហ្វេដ៏ឈ្ងុយមួយកែវ ផងដែរ ។
ទោះជាយ៉ាងណាក៏ដោយចុះ អ្នកក៏ត្រូវបរយ័ត្នអាហារមិនមានអនាម័យ ព្រោះវាអាចធ្វើអោយអ្នកឈឺបាន។ ដូច្នេះអាហារត្រូវតែថោក ហើយមានអនាម័យ៕
អត្ថបទដោយ ៖ ស ផាត់
















ចែករំលែកព័តមាននេះ