សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង ប្រាប់លោកបៃដិនថាត្រូវឈប់បញ្ជូនអាវុធទៅឱ្យកោះតៃវ៉ាន់។ លោកបញ្ជាក់ថាប្រទេសចិនប្ដេជ្ញាថាត្រូវតែបង្រួបបង្រួមទឹកដីឱ្យខាងតែបាន ដោយគ្មានអ្វីអាចមករារាំងបានឡើយ។ អាមេរិកគួរតែឈប់ផ្ដល់អាវុធទៅឱ្យតៃវ៉ាន់ ហើយគួរតែគាំទ្រដំណើរការបង្រួបបង្រួមទឹកដីរបស់ចិនដោយសន្តិវិធី។ ប្រទេសចិននឹងកើតមានការបង្រួបបង្រួមទឹកដី ដោយគ្មានអ្វីអាចរារាំងបានឡើយ។ នេះជាអ្វីដែលលោកស៊ីជីនពីងថ្លែងប្រាប់លោកបៃដិន។
យោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីជាន់ខ្ពស់អាមេរិក, លោកបៃដិនប្រាប់លោកស៊ីជីនពីងថាចិនត្រូវតែគោរពលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅកោះតៃវ៉ាន់នាពេលខាងមុខនេះ។ យើងបានស្នើសុំឱ្យភាគីចិនគោរពលទ្ធផលឆ្នោត។ បញ្ហាតៃវ៉ាន់គឺជាចំណុចរសើបបំផុត។ នៅពេលជួបគ្នាទ្វេភាគីរយៈពេល៤ម៉ោង លោកស៊ីជីនពីងថ្លែងប្រាប់លោកបៃដិនថាតៃវ៉ាន់គឺជាចំណុចគ្រោះថ្នាក់បំផុត។ បើគ្រប់គ្រងស្រួលមិនស្រួលអាចនឹងប៉ះពាល់ខ្លាំងបំផុតចំពោះទំនាក់ទំនងចិន និងអាមេរិក។
លោកថ្លែងបន្តទៀតថារដ្ឋាភិបាលចិនចង់បង្រួបបង្រួមទឹកដីដោយសន្តិវិធី។ សម្រាប់ពេលនេះ ប្រទេសចិនមិនទាន់មានគម្រោងប្រើប្រាស់កម្លាំងយោធាវាយប្រហារកោះតៃវ៉ាន់នៅឡើយទេ។ យ៉ាងហោចណាស់ក៏ប៉ុន្មានឆ្នាំទៅមុខទៀត។ លោកស៊ីជីនពីងថ្លែងថាលោកមិនបោះបង់ចោលជាដាច់ខាតនូវការបង្រួបបង្រួមទឹកដីដោយកម្លាំងយោធានៅក្នុងករណីចាំបាច់។
ទោះបីលោកស៊ីជីនពីងព្យាយាមបញ្ចុះបញ្ចូលអាមេរិកកុំឱ្យបារម្ភខ្លាំងពេកពីការវាយប្រហារកោះតៃវ៉ាន់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកថ្លែងថាខ្លួននៅតែប្រកាន់គោលជំហរដដែលចំពោះតៃវ៉ាន់។ មានន័យថាអាមេរិកគាំទ្រគោលនយោបាយចិនតែមួយ និងការបង្រួបបង្រួមទឹកដីដោយសន្តិវិធី។ ប៉ុន្តែទន្ទឹមនឹងនោះ អាមេរិកចង់ធ្វើយ៉ាងណាឱ្យតៃវ៉ាន់មានសមត្ថភាពការពារខ្លួន។
លោកបៃដិនឆ្លើយតបទៅលោកស៊ីជីនពីងថាវ៉ាស៊ីនតោននៅតែប្ដេជ្ញាចិត្តធ្វើឱ្យសន្តិភាព និងស្ថិរភាពកើតមានជានិច្ចនិរន្តរ៍តរៀងទៅនៅក្នុងតំបន់។ លោកស៊ីជីនពីងថ្លែងថាសន្តិភាពជារឿងល្អ។ ប៉ុន្តែពេលខ្លះ យើងត្រូវតែប្រើប្រាស់វិធានការអ្វីមួយដោយខានពុំបាន។ នេះជាជំនួបទ្វេភាគីរវាងលោកស៊ីជីនពីង និងលោកបៃដិនលើកដំបូងបន្ទាប់ពីខកខានរយៈពេល១ឆ្នាំ។
ជំនួបលើកនេះដើម្បីទប់ស្កាត់ការមិនយល់ចិត្តគ្នាដែលអាចនាំទៅដល់ការប៉ះទង្គិចគ្នាប្រដាប់អាវុធ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំង២បានជជែកគ្នាពាក់ព័ន្ធនឹងការទប់ស្កាត់ការជួញដូរគ្រឿងញៀន, បញ្ញាសិប្បនិម្មិតអេអាយ (AI), ការតភ្ជាប់បណ្ដាញទំនាក់ទំនងយោធាឡើងវិញ និងបញ្ហាដទៃទៀត។ លោកបៃដិនថ្លែងកោតសរសើរជំនួបនេះថាមានដំណើរការទៅមុខ។
នៅដំណាក់កាលចុងក្រោយនេះ គេសង្កេតឃើញថាកងទ័ពចិនធ្វើសកម្មភាពកាន់តែខ្លាំងក្លានៅក្បែរកោះតៃវ៉ាន់ដើម្បីដាក់សម្ពាធទៅលើកោះនេះឱ្យព្រមទទួលយកការបង្រួបបង្រួមទឹកដីដោយមិនចាំបាច់វ៉ៃគ្នា។ ប៉ុន្តែតៃវ៉ាន់នៅតែប្រកែកយ៉ាងដាច់អហង្ការ។ យោងតាមមន្ត្រីរដ្ឋាភិបាលអាមេរិក លោកស៊ីជីនពីងបានបញ្ជាឱ្យកងទ័ពត្រៀមខ្លួនទុកឱ្យហើយជាបណ្ដើរៗចាប់ពីពេលនេះតទៅដើម្បីវាយប្រហារតៃវ៉ាន់យ៉ាងយូរត្រឹមឆ្នាំ២០២៧ បើតៃវ៉ាន់នៅតែរឹងទទឹងមិនព្រមចរចាជាមួយប្រទេសចិន៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/taiwan-china-xi-jinping-us-joe-biden-stop-arming-reunification-unstoppable-3924216








ចែករំលែកព័តមាននេះ