- ភ្នំពេញ
យុវជន និងយុវតីក្រីក្រ ១,៥ លាននាក់ នឹងទទួលលុយជំនួយផង និងការបង្រៀនជំនាញ ដើម្បីអោយចេះរកលុយនៅអនាគតផង
យុវជន និងយុវតីក្រីក្រ ១,៥ លាននាក់ នឹងទទួលលុយជំនួយផង និងការបង្រៀនជំនាញ ដើម្បីអោយចេះរកលុយនៅអនាគតផង
យុវជន និងយុវតីក្រីក្រ ១,៥ លាននាក់ នឹងទទួលលុយជំនួយផង និងការបង្រៀនជំនាញ ដើម្បីអោយចេះរកលុយនៅអនាគតផង។
រដ្ឋាភិបាលទើបប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ កម្មវិធីនេះ ត្រូវគេរំពឹងថា នឹងផ្តល់ជំនាញពិតប្រាកដមួយដល់យុវជន ឆ្លើយតបតម្រូវការទីផ្សារ ខណៈទីផ្សារការងារជាចំណោទរបស់យុវជន។
យុវជនកម្ពុជាជាច្រើន ត្រូវគេដឹងថា បានធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារនៅក្រៅប្រទេស ដោយគ្មានជំនាញពិតប្រាកដ។ ពួកគេបានត្រឹមកម្មករលក់កម្លាំងប៉ុណ្ណោះនៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង និងនៅប្រទេសជប៉ុនជាដើម។
តាមក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីនេះ នឹងអាចជួយបណ្តុះបណ្តាលដល់ក្រុម គោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១.៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថា កំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។
ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះ ដំណើរទៅប្រកបដោយភាពជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថាប័ន និងដៃគូរពាក់ព័ន្ធដោយបានកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យ និងអនុវិស័យ។ ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា ដោយកំណត់បានមុខជំនាញសម្រាប់ជំហានដំបូង ចំនួន៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាព ចំនួន១០ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ច និងព័ត៌មានវិទ្យា។
ដោយឡែក ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតាឱ្យបានគង់វង្ស និងអភិវឌ្ឍ «ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតបង្កើតថ្មី»។ ជំនាញដូនតា ត្រូវគេដឹងថា មានដូចជា ៖ ជាងចម្លាក់ ស្មូន គំនូរ តម្បាញ ហូល ផាមួង ជាដើម។
នៅពេលប្រកាសបើកកម្មវិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរ មូលដ្ឋាន និងដៃគូរពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធអំពីឱកាសបណ្ដុះបណ្ដាល និងការចុះឈ្មោះរៀននៃកម្មវិធីនេះ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបណ្ដុះបណ្ដាលដល់ស្ថាប័ន និងដៃគូរពាក់ព័ន្ធ ឱ្យចេះប្រើប្រាស់កម្មវិធីចុះ ឈ្មោះរៀន តាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះ ចូលរៀនកម្មវិធីបណ្ដុះបណ្ដាលនេះ។
«ខ្ញុំសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល យុវជននៃគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួនឱ្យមកចុះឈ្មោះចូលរៀន និងមករៀនឱ្យបានទៀងទាត់ ឱ្យចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបបសមរម្យ និងមានស្ថិរភាពចំណូល» នេះជាការអំពាវនាវរបស់នាយករដ្ឋមន្ត្រី។
យុវជនអាចស្វែងរកការងារបណ្តុះបណ្តាលនេះ នៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ តាមខេត្ត-ក្រុងមួយចំនួន ឬទាក់ទងទៅក្រសួងការងារផ្ទាល់។ យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែ អំឡុងពេលចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញនេះ៕
ដោយ ៖ សា រ៉ាន់
ចែករំលែកព័តមាននេះ