ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Man City ប្រកាស​ប្រាក់​ចំណូល​បំបែក​កំណត់​ត្រា Man United នៅ EPL

8 ខែ មុន

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Manchester City បាន​ប្រកាស​អំពី​ប្រាក់​ចំណូល​ចំនួន ៧១២.៨​លាន​ផោន

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Manchester City បាន​ប្រកាស​អំពី​ប្រាក់​ចំណូល​ចំនួន ៧១២.៨​លាន​ផោន ស្មើនឹង ៨៨៤.៣​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ឆ្នាំ ២០២២-២៣ ហើយ​ជាមួយ​ចំនួន​នេះ បាន​បំបែក​កំណត់​ត្រា​ក្លិប​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League (EPL) របស់​ក្លិប Manchester United ។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ បានឱ្យ​ដឹង​ថា តួលេខ​នេះ បាន​កើន​លើស​ពី​កំណត់​ត្រា ៦៤៨.៤​លាន​ផោន ដែល​ស្មើនឹង ៨០៤.៤​លាន​ដុល្លារ ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ខែ​មុន​ដោយ​ក្លិប Manchester United​។

ប្រាក់​ចំណូល​មហាសាល​នេះ កើតឡើង​មក​ពី​ការ​រួមចំណែក​ដ៏​ធំធេង​ពី​រដូវ​កាល​មុន ដែល​ពួក​គេ​បាន​ក្លាយជា​ក្លិប​អង់គ្លេស​ទី​២ បន្ទាប់​ពី Manchester United កាលពី​ឆ្នាំ ១៩៩៩ ដើម្បី​ឈ្នះ​ពានរង្វាន់​៣​ក្នុង​១​រដូវ​កាល English Premier League, FA Cup និង UEFA Champions League ។ ទោះ​យ៉ាងណា តួលេខ​នេះ នៅ​តែ​តិច​ជាង​ប្រាក់​ចំណូល​កំណត់​ត្រា​ពិភពលោក​របស់​ក្លិប Barcelona ដែល​រកបាន​រហូត​ដល់ ៩៩០​លាន​អឺ​រ៉ូ ស្មើនឹង ១.០៧​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៩​។

របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្លិប Man City បាន​បង្ហាញ​ពី​ការ​កើនឡើង​ប្រាក់​ចំណូល​សំខាន់​ៗ នៃ​ផ្នែក​ទាំងអស់ ដោយ​ប្រាក់​ចំណូល​បាន​ពី​ការ​ផ្សាយ​កើនឡើង ២០.២% នៅ​ក្នុង​តម្លៃ ២៩៩.៤​លាន​ផោន ស្មើនឹង ៣៧១.៣​លាន​ដុល្លារ ហើយ​ក្លិប​ក៏​បាន​អះអាង​ថា ប្រាក់​ចំណូល​នេះ​ជា​ចម្បង​បាន​មក​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​ពានរង្វាន់ Champions League និង FA Cup ។ បន្ថែម​លើស​ពី​នេះ ក្លិប​រហស្សនាម «​មេឃ​ខៀវ​» ក៏​ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន ១២១.៧​លាន​ផោន ស្មើនឹង ១៥១​លាន​ដុល្លារ​ពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ អំឡុង​ឆ្នាំ ២០២២-២៣ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ