ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយកែវរមៀត នៅប៉ៃលិន មានទីផ្សារខ្ពស់​ជាងមុនបន្តិចហើយ!

5 ខែ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គេសង្កេតឃើញប្រជាកសិករ ចាប់ផ្តើមជួលកម្មករ ឱ្យចូលទៅប្រមូលផលផ្លែស្វាយកែវរមៀត ដើម្បីថ្លឹងលក់ឱ្យឈ្មួញ ដឹកយកទៅលក់បន្ត…

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គេសង្កេតឃើញប្រជាកសិករ ចាប់ផ្តើមជួលកម្មករ ឱ្យចូលទៅប្រមូលផលផ្លែស្វាយកែវរមៀត ដើម្បីថ្លឹងលក់ឱ្យឈ្មួញ ដឹកយកទៅលក់បន្ត នៅប្រទេសថៃ។ តម្លៃស្វាយកែវរមៀតខ្ចី នៅប៉ៃលិន មានទីផ្សារខ្ពស់​ជាងមុនបន្តិច។

ប្រជាកសិករ សង្ឃឹមថា អាចនឹងលក់សងជំពាក់បំណុលគេរួចរាល់ ហើយក៏អាចសល់លុយ​តិចតួច ទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។  

ស្រ្តីជាម្ចាស់ចម្ការម្នាក់ ឈ្មោះ ស្រីម៉ៅ អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យ​ដឹងថា គាត់បានដាំដំណាំស្វាយកែវរមៀតនេះ ជាង១០ហិកតា នៅលើដីរបស់ខ្លួន អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ដោយទទួលបានផលផ្លែជាហូរហែ។

នាងបន្តទៀតថា នៅឆ្នាំ២០២៣នេះ ការប្រមូលផលបាន ២លើក ដោយលើ​កទី១ ប្រមូលផល​លក់ឱ្យឈ្មួញបានជាង ១០តោន ហើយនៅលើកទី២នេះ ប្រមូលផលបន្តទៀត បានប្រហែលជាង ១០តោនដែរ។  

នាងបញ្ជាក់ទៀតថា តម្លៃទីផ្សារផ្លែស្វាយកែវរមៀត ដែលគាត់លក់ នាពេលនេះ ឈ្មួញទិញ ក្នុង ១គីឡូក្រាមតម្លៃ ១០០០រៀល។ បើផ្លែស្វាយល្អជាងនេះ គេហ៊ានទិញរហូតដល់ ១៥០០រៀល ក្នុង ១គីឡូក្រាមឯណោះ។ តែបើផ្លែស្វាយអន់ជាងនេះ ឈ្មួញហ៊ានទិញត្រឹមតែ ១គីឡូក្រាម តម្លៃ៦០០ ទៅ ៧០០រៀល ក្នុង ១គីឡូក្រាមប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលប្រមូលផលរួច ស្ត្រីម្ចាស់ចម្ការ អាចនឹងលក់បានថវិកា សម្រាប់សង​បំណុលគេ ហើយមើលទៅ អាចនឹងសល់លុយ​តិចតួច សម្រាប់ផ្គត់ផ្គង់ជីវភាព​ប្រចាំថ្ងៃផងដែរ។  

ចំណែកអ្នកភូមិផ្សេងៗទៀត ក៏បានចាប់ផ្តើមប្រមូលផលផ្លែស្វាយកែវរមៀតខ្ចី​ជាបណ្តើរៗ សម្រាប់លក់ឱ្យឈ្មួញ ដឹក​យកទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយត្រូវបង់ឱ្យថ្លៃច្រកទ្វារទាំងខាងភាគីខ្មែរ និងភាគីថៃ គឺជួលអ្នករត់ការ ឱ្យជួយទាក់ទង ដើម្បីនាំចេញផ្លែស្វាយទាំងនេះ​៕ ដោយ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ