ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ជើងឯក សាងសង់​រួចរាល់ ដែល​អាច​ចម្រោះ​បាន​៥,០០០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ជើងឯក ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន នៅ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ គម្រោង​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ជើងឯក ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន នៅ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០២៣ ម្សិល​ម៉ិ​ញ ការដ្ឋាន​សាងសង់​សម្រេច​បាន ១០០% នៃ​គម្រោង​ហើយ ដែល​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ចំនួន ៥,០០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ ។

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ដាក់​អោយ​ដំណើរការ​សាកល្បង ២៤​ម៉ោង​លើ​២៤​ម៉ោង នៅ​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ជើងឯក សម្រេច​បាន​១០០% នៃ​គម្រោង​។ ស្ថានីយ៍​នេះ ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ចំនួន ៥,០០០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ។

គួរ​រំលឹក​ថា ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ជើងឯក​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់ តែ​ម្តង ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ ធ្លាប់​បាន​បញ្ជាក់​អោយ​ដឹង​ហើយ​ថា ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ជើងឯក ត្រូវ​សាងសង់​ជា​សំណង់​បូម​បញ្ជូន​ទឹក​កខ្វក់ ទៅ​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ដែល​មាន​សមត្ថភាព​បូម​បាន​សរុប​ចំនួន ៤៦៨​ម៉ែត្រគូប ក្នុង​មួយ​ម៉ោង មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​ខាងក្រោម​ជាប់​អាង បង្ហូរទឹក​បូម​ចេញពី​ស្ថានីយ៍​បូមទឹក​បឹង​ត្របែក​។

ស្ថានីយ​នេះ ក៏​មានការ​សាងសង់ ផ្លូវ​សម្រាប់​ថែទាំ​ប្រឡាយ មាន​ទទឹង​ផ្លួ​វ ១០​ម៉ែត្រ និង​មាន​បណ្តោយ​ផ្លូវ ១.៦៩០​ម៉ែត្រ សម្រាប់ ជីក​ដាក់​បំពង់​លូ​ដក​បង្ហូរទឹក​កខ្វក់ មក​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ដោយ​ត្រូវ​ក្រាល​កៅស៊ូ AC ទំហំ​៧ ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ ២៧១ រហូត​ដល់​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្ដី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង ជីក​ដាក់​បំពង់​លូ​ដែក ទំហំ​មុខកាត់ ០,៣ ម៉ែត្រ ប្រវែង​ប្រមាណ ១.៨៤០ ម៉ែត្រ​ដើម្បី​បង្ហូរទឹក​កខ្វក់​ពី​សំណង់​បូម​ប​ញ្ចូ​ន​ទឹក​កខ្វក់ ឆ្ពោះទៅ​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ។

ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ (Sewage Treatment Plant) មាន​សមត្ថភាព​ប្រព្រឹត្ត​កម្ម​ទឹក កខ្វក់​ចំនួន​៥.០០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ លើ​ផ្ទៃដី​ទំហំ ៣​ហិច​តា ក្នុង​ផ្ទៃ​បឹង​បម្រុង​ទុក​ប្រមាណ​១៩ ហិច​តា ស្ថិត​នៅ​ជាប់​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្ដី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង ដែល​រាជរដ្ឋាភិបាល បាន​កាត់​ឆ្កៀល​សម្រាប់​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ក្នុង​គម្រោង​ឆ្នាំ​គោលដៅ​២០២៥​។​ជាមួយ​គ្នា​នេះ គម្រោង​ក៏​ត្រូវ​មានការ​សាងសង់​សំណង់​ប្រព្រឹត្ត​កម្ម​សំណល់​ភក់ (Sludge Treatment Facility) ដែល​កើត​ចេញពី​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក បន្ថែម​ទៀត​ផង​ដែរ​។

គម្រោង​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក​នេះ ត្រូវ​បាន​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ «​កម្ពុជា​–​ជប៉ុន​» ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ និង​បន្ទាប់​មក​ទីភ្នាក់ងារ JICA បាន​ចុះ​កិច្ច​ព្រម ព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ