ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី ដែល​នឹង​បើក​សម្ពោធ ដោយ​សម្តេច​ធិ​បតី នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ កំពុង​បង្ហាញ​ពិភពលោក​អំពី​របៀប​ដែល​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​កំពុង​វិវដ្ដ និង

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី ដែល​នឹង​បើក​សម្ពោធ ដោយ​សម្តេច​ធិ​បតី នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ កំពុង​បង្ហាញ​ពិភពលោក​អំពី​របៀប​ដែល​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​កំពុង​វិវដ្ដ និង​គំរូ​គោលនយោបាយ​សេដ្ឋកិច្ច​មួយ ដែល​វា​នៅ​តែ​អាច​នាំ​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​ទទួល​បាន​មូលនិធិ ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ជាតិ ។

វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​ដែល​បាន​រៀបចំ​កាលពី​ខែ​មុន នៅ​ទីក្រុង​ប៉េ​កាំ​ង បាន​បង្ក​ឱ្យ​មានការ​អត្ថាធិប្បាយ​យ៉ាងច្រើន​អំពី​ភាព​ជោគជ័យ ភាព​បរាជ័យ និង​អនាគត​របស់​គំនិត​ផ្តួចផ្តើម ដែល​បាន​ដាក់​ចេញ​ដោយ​លោក ស៊ី ជី​ន​ភីង កាលពី​ជាង​១០​ឆ្នាំ​មុន នូវ​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ពី​កម្មវិធី​នេះ និង​អ្វី​ដែល​ប​ស្ចឹ​ម​ប្រទេស​មើល​ស្រាល ហើយ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព និង​ចរិតលក្ខណៈ​ខុស​គ្នា​រវាង​ជំនួយ​ចិន និង​ប​ស្ចឹ​ម​ប្រទេស​។

មក​ដល់​ពេល​នេះ ប្រទេស​ចិន និង​សម្ព័ន្ធមិត្ត​ដោយ​រួម​ទាំង​កម្ពុជា និយាយ​ដូច​គ្នា​អំពី​ផលប្រយោជន៍​ដែល​មិន​នឹក​ស្មានថា គំនិត​ផ្តួចផ្តើម​នេះ បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កំពុង​អភិ​វឌ្ឍន៍ ប៉ុន្តែ​ក្រុម​អ្នក​ដែល​រិះគន់ ជា​ពិសេស​ពួក​ប​ច្ចឹ​ម​ប្រទេស​ជា​ច្រើន បាន​អះអាង​ថា គំនិត​ផ្តួចផ្តើម​​ដោយ​លោក​ស៊ី បាន​បង្ក​នូវ​បន្ទុក​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ដែល​ចូលរួម ក៏​ដូច​ជា​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​អភិបាលកិច្ច សូចនាករ​បរិស្ថាន និង​សង្គម​របស់​ប្រទេស​ទាំងនោះ ហើយ​ថែម​​ទាំង​បាន​ប្រឆាំង​ទៅ​នឹង​សណ្តាប់ធ្នាប់​ពិភពលោក​ទៀត​ផង​ដែរ​។

ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ដ៏​គួរ​ឱ្យ​ទាក់ទាញ និង​ទាន់សម័យ ដែល​ចំណាយ​ថវិកា​ប្រមាណ ១.១០០ ពាន់​លាន​ដុល្លារ និង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន គ្រប់គ្រង​ដោយ​រដ្ឋ​មក​ពី​ខេត្ត​យូ​ណា​ន របស់​ប្រទេស​ចិន ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ចិន​។

អ្នក​អភិវឌ្ឍន៍​នឹង​ដំណើរការ​អាកាសយានដ្ឋាន​នេះ ក្រោម​កិច្ចព្រមព្រៀង​តាម​របៀប​មួយ​ដែល​គេ​ហៅ​ថា សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ​ប្រាក់ (BOT) រយៈពេល​៥៥​ឆ្នាំ ដែល​នេះ​គឺជា​យន្តការ​គន្លឹះ​មួយ ដែល​បង្ហាញ​សា​ម៉ី​ប្រទេស​នឹង​អាច​ទទួល​ភាព​ជា​ម្ចាស់​ពេញទំហឹង​វិញ បន្ទាប់​ពី​រយៈពេល​នេះ​បាន​បញ្ចប់ ។

អាកាសយានដ្ឋាន​ថ្មី ដែល​មាន​ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ពី​ខេត្តសៀមរាប គឺ​នៅ​ឆ្ងាយ​ពី​ប្រាសាទអង្គរវត្ត​ដ៏​ល្បី​ជាង​អាកាសយានដ្ឋាន​ចាស់​ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក និង​ទីក្រុង​សៀម​រាម ដែល​បាន​បិទ​កាលពី​ខែ​មុន​។ ការ​ផ្លាស់​ប្តូរ​នេះ នឹង​រួមចំណែក​ដល់​ការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ ក៏​ដូច​ជា​សម្រួល​ដល់​ការ​ចុះ​ចត​ប្រកបដោយ​សុវត្ថិភាព ហើយ​អាច​ធានា​ដល់​យន្តហោះ​ពាណិជ្ជកម្ម​ធុន​ធំ​បំផុត របស់​ពិភពលោក​ចុះ​ចត​បាន​ជាមួយនឹង​ឧបករណ៍​នានា​ដែល​ទំនើប ។

អាកាសយានដ្ឋាន​ថ្មី​នេះ នឹង​អាច​ផ្ទុក​អ្នកដំណើរ​បាន​៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ បាន​បង្កើន​សមត្ថ​ភាព​ទទួល​អ្នកដំណើរ​បន្ថែម​២​លាន​នាក់​លើស​សមត្ថភាព​នៅ​អាកាសយានដ្ឋាន​ចាស់​។ ខណៈ​ពេល​ដែល​សមត្ថភាព​ទទួលភ្ញៀវ​កាន់តែ​ច្រើន​អាច​មាន​សារៈសំខាន់​នា​ពេល​អនាគត សម្រាប់​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។ ទោះបីជា​ពេល​នេះ ភ្ញៀវ​ទេសចរ​បរទេស មក​លេង​សៀមរាប​នៅ​តិចតួច​ក៏​ដោយ​ចុះ ប៉ុន្តែ​អាកាសយានដ្ឋាន​ថ្មី​នេះ អាច​នឹង​ឱ្យ​កម្ពុជា អូស​បន្លាយ​ចិន​ឱ្យ​ផ្តល់ និង​គាំទ្រ​សម្រាប់​គម្រោង​មួយ​ចំនួន​ទៀត គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន មក​ទីក្រុង​សៀមរាប ដែល​មាន​តាំងពី​រថភ្លើង​ធុន​ស្រាល ហើយ​ក៏​ដូច​ជា​ផ្លូវថ្នល់​ដែល​មានគុណ​ភាព ដែល​វា​មិន​ត្រឹមតែ​មាន​ប្រយោជន៍​សម្រាប់​អ្នកដំណើរ​ប៉ុណ្ណោះ​ទេ ពលរដ្ឋ​កម្ពុជា​ក៏​នឹង​ទទួលផល​នេះ​ផង​ដែរ ។

ក្រៅពី​នោះ ក៏​មាន​សេចក្តីរាយការណ៍​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​ទំនួល​ខុស​ត្រូវ​ខាង​ផ្លូវច្បាប់​ផង​ដែរ ដល់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​បារាំង ដែល​ជា​អ្នក​ទទួល​សិទ្ធិ​វិនិយោគ​នៅ​អាកាសយានដ្ឋាន​ចាស់ ។ តាម​ដែល​ព័ត៌មាន​បាន​ទទួល ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ​ចាស់ ដែល​មាន​សិទ្ធិ​គ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​អាកាស​យាន្ត​ដ្ឋា​ន​ចាស់ គឺ​ក្រុមហ៊ុន Vinci គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​សំណង​តាម​ច្បាប់​ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សម្បទាន​ដល់​ឆ្នាំ​២០៤០ ។

ជុំវិញ​ការ​ចំណាយ​ដ៏​ក្រាស់ក្រែល​លើ​ការ​សាងសង់​អាកាសយានដ្ឋាន​នេះ មាន​អ្នក​រិះគន់​ថា កម្ពុជា​កំពុង​យក​ទៅ​អន្ទាក់​បំណុល​ចិន ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ប៉ុន្តែ​យើង​ត្រូវ​យល់​ថា តើ​កម្ពុជា​ជាប់បំណុល​វ័ណ្ឌ​.​ក​យ៉ាងម៉េច? ពីព្រោះ​អ្នក​ដែល​សាងសង់ គឺ​ក្រុមហ៊ុន​ចិន ហើយ​អ្នក​ដែល​ខ្ចី និង​ទទួល​លុយ គឺជា​ក្រុមហ៊ុន​ចិន​នោះ​ទេ​។ ដូច្នេះ​គួរ​បញ្ឈប់​ការ​រិះគន់​បែប​នេះ ខណៈ​ដែល​ពេល​នេះ អ្នក​បង្កើត​គោលនយោបាយ​កម្ពុជា កំពុង​តែ​យកចិត្តទុកដាក់​ចំពោះ​ប្រទេស​ចិន ដោយ​សារ​សារៈ​សំខាន់​ដ៏​ធំធេង​របស់​ខ្លួន ក្នុង​នាម​ជា​ដៃគូរ​ពាណិជ្ជកម្ម និង​វិនិយោគ និង​អ្នក​ផ្តល់​ប្រាក់​កម្ចី ។

សូមកុំ​បន្ទោស​កម្ពុជា​លើ​គោលនយោបាយ​បែប​នេះ ពីព្រោះ​អ្វី​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ គឺ​នៅ​ក្នុង​គោលបំណង​តែ​មួយ​គត់ ដើម្បី​ជំរុញ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ទទួល​បាន​ឱកាស​ផលប្រយោជន៍​សេដ្ឋកិច្ច​កាន់តែ​ខ្ពស់​ប៉ុណ្ណោះ​។ ដូចដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​យ៉ាង​ច្បាស់​ហើយ​ថា កម្ពុជា​អាច​ធ្វើការ​ជាមួយ​គ្រប់​ដៃគូរ ប៉ុន្តែ​នៅ​ក្នុង​ករណី​គេ​មិន​មក តើ​អោយ​កម្ពុជា​មិន​ធ្វើការ​ជាមួយនឹង​អ្នក​ដែល​មក​ឬ? ។ បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស វា​អាច​គ្រាន់តែ​ថាមវន្ត​បន្ថែម​នូវ​រសជាតិ​និ​ន្នា ការ​នយោបាយ​ប​ស្ចឹ​ម​ប្រទេស​ប្រើប្រាស់​មក​លើ​កម្ពុជា​ប៉ុណ្ណោះ ។

សរុប​មក​វិញ សមិទ្ធផល​នៅ​អាកាសយានដ្ឋាន​ថ្មី​នេះ ជា​សក្ខីភាព​ស្រាប់ ដែល​បង្ហាញ​ពី​របៀប​ដែល​ទីក្រុង​ប៉េ​កាំ​ង​ធ្វើ និង​តម្រូវការ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចង់បាន ហើយ​ក៏​ជា​កញ្ជាក់ បង្ហាញផ្លូវ​ថា តើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​ដើរ​ផ្លូវ​ណា? ។ មក​ដល់​ពេល​នេះ កម្ពុជា​នៅ​តែ​ចាប់អារម្មណ៍​នឹង​គម្រោង​ក្រោម​គំនិត​ផ្តួចផ្តើម​នេះ​បន្ថែម​ទៀត ដូចដែល​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ធិ​បតី នៅ​ទីក្រុង​ប៉េ​កាំ​ង​នា​ពេល​ថ្មី​ៗ​នេះ​។ ដរាបណា​ប្រទេស​ចិន និង​ដៃគូរ​ប្រទេស​កំពុង​អភិវឌ្ឍន៍​របស់​ខ្លួន​អាច​រៀបចំ​ឱ្យ​មាន​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ប្រាកដជា​នឹង​បន្ត​ដំណើរការ​ទៅ​មុខ​បន្ថែម​ទៀត​។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ