ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​​ឱ្យ​​ប្រើ​ប្រាស់​​​អគារ​​​តម្កល់​​​សព​​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អគារ​តម្កល់​​​​សព​និង​ឧបករណ៍​រក្សា​សព​ដ៏​ទំនើប​​មួយ ​ដែល​​ទើបតែ​​​បង្កើត​​ឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ​-សូវៀត​​ ត្រូវ​​បាន​សម្ពោធ​​​​បើក​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​នាព្រឹក​​ថ្ងៃទី​២០ ឧសភា ក្រោម​អធិបតីភាព​​​លោក​ធា គ្រុយ រដ្ឋលេខាធិការ​​​ក្រសួង​សុខា​ភិបាល​​ ដោយ​មាន​ការអញ្ជើញ​​ចូលរួម ​ពី​សំណាក់​​​​ភ្ញៀវ​​ជាតិ​និង​​អន្តរជាតិ​

រាជធានីភ្នំពេញ ៖ អគារ​តម្កល់​​​​សព​និង​ឧបករណ៍​រក្សា​សព​ដ៏​ទំនើប​​មួយ ​ដែល​​ទើបតែ​​​បង្កើត​​ឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ​-សូវៀត​​ ត្រូវ​​បាន​សម្ពោធ​​​​បើក​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​នាព្រឹក​​ថ្ងៃទី​២០ ឧសភា ក្រោម​អធិបតីភាព​​​លោក​ធា គ្រុយ រដ្ឋលេខាធិការ​​​ក្រសួង​សុខា​ភិបាល​​ ដោយ​មាន​ការអញ្ជើញ​​ចូលរួម ​ពី​សំណាក់​​​​ភ្ញៀវ​​ជាតិ​និង​​អន្តរជាតិ​ មាន​ទាំ​ង​តំណាង​​ស្ថាន​ទូត​​​​សំខាន់ៗ​​ប្រចាំ​​នៅព្រះរាជាណាចក្រ​កម្ពុជា​​ចូល​រួម​​​ផងដែរ ។​

លោក​​វេជ្ជ​បណ្ឌិត​​សាយ សេង​លី នាយ​ក​​មន្ទីរពេទ្យ​​​មិត្ត​ភាព​​​ខ្មែរ​-​សូវៀត​បាន​មាន​​ប្រសាសន៍​ថា ​អគារ​តម្កល់​​សព​ថ្មី​ដែល​ទើបនឹង​​​បង្កើត​នេះ​​មាន​បន្ទប់​​ទទួល​ភ្ញៀវ​ បន្ទប់​​​​អប់ សាកសព​ បន្ទប់​តម្កល់​​សព​ បន្ទប់​ទុក​ដាក់​ឱសថ​។ នៅ​ខាង​ក្រោយ​អគារ​​ មាន​ទូក្លាស្សេ​​សពតាម​លក្ខណៈ​​បច្ចេក​ទេស​​ថ្មី​មួយ ​ដែល​អាច​​​ដាក់​​សព​បាន​៨​​ ហើយ​​​រក្សា​ទុក​បាន​យូរ​រយៈ​ពេល​​ពី១​សប្តាហ៍​​​ទៅ​ដល់​​​មួយ​ឆ្នាំ ។ ជាង​នេះ​​ទៅ​ទៀត​​​ទីធ្លា​​​ ​តម្កល់​សព​​មាន​លក្ខណៈធំទូលាយ​​អាច​​តម្កល់​​សព​បាន​រាប់​​រយ​សម្រាប់​ពេល​មាន​គ្រោះ​អាសន្ន​​ផ្សេងៗ​​កើត​ឡើង​ ។ 

លោក​វេជ្ជ​បណ្ឌិត​​​​មាន​ប្រសាសន៍​​​បន្ត​ថា ការ​រៀបចំ​កន្លែង​​តម្កល់​​សព​នៅ​ក្នុង​​​មន្ទីរ​ពេទ្យ​​​មិត្តភាព​ខ្មែរ​-​សូវៀត​ ក៏ជា​ផ្នែក​មួយ​​របស់​​​មន្ទីរពេទ្យ​​ដែល​បាន​​សហការ​ជាមួយ​ក្រុម​ហ៊ុន​​​រក្សា​​សាក​សព​​អន្តរជាតិ​នៃ​ប្រទេស​អូស្ត្រាលី​ ​ដោយ​សារ​ក្រុម​​ហ៊ុន​នេះ​មាន​បទពិសោធន៍​​ជាមួយ​​បណ្តា​ប្រទេស​​ផ្សេង​ៗ​ ដូច​ជា​ប្រទេស​ថៃ ហ្វ៊ីលីពីន​ ឡាវ អូស្ត្រាលី​ ម៉ាឡេស៊ី ។ល។​ ​លោក​វេជ្ជ​បណ្ឌិត​​​សាយ សេង​លី ​​​បន្ត​ទៀតថា ​មុនពេល​​មន្ទីរ​ពេទ្យ​ចាប់​ផ្តើម​ទទួល​សេវា​កម្ម​រៀបចំ​កន្លែង​តម្កល់​សព​ គឺមន្ទីរពេទ្យ​​បាន​បញ្ជូន​​​វេជ្ជ​បណ្ឌិត​២​រូប​ទៅបណ្តុះ​បណ្តាល​​នៅ​ប្រទេស​​អូស្ត្រាលី​​ ដើម្បី​មានបទពិសោធន៍​​ថ្មី​យក​មក​​អនុវត្ត​នៅមន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ-​សូវៀត​យើងនេះ ។

លោក​ Clive Allison តំណាង​​ក្រុម​ហ៊ុន​​ដំឡើង​​​ឧបករណ៍​​តម្កល់​​សព​មក​ពីប្រទេស​​អូស្ត្រាលី​ មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​របស់​លោក​​បាន​ដំណើរ​ការ​ជាង​១០០​ឆ្នាំមក​ហើយ​ ​ហើយ​ក្រុមហ៊ុន​នេះ​ក៏​មាន​ឈ្មោះ​​បោះសំឡេង​នៅលើ​ពិភព​លោក​ផង​ដែរពាក់ព័ន្ធ​នឹង​បញ្ហា​​​តម្កល់​​សព​​​និង​​ក្លាស្សេ​​សព​ផ្ញើពីប្រទេស​មួ​យ​ទៅ​ប្រទេស​មួយ​​ទៀត ។​

បន្ទាប់​ពីស្តាប់​របាយការណ៍​​របស់​​លោក​នាយកមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-​​​សូវៀត​​​​ក៏ដូច​ជា​​ស្តាប់​​នូវ​ប្រសាសន៍​​រៀបរាប់​របស់​លោក​ Clive Allison រួចមក ​លោក​​ធា គ្រុយ រដ្ឋលេខា​ធិការ​​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ការ​ដំឡើង​ឧបករណ៍​​ទំនើប​​​សម្រាប់​​តម្កល់​សព​​​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​នេះ​គឺជា​កន្លែង​​គំរូដ៏ល្អមួយដែល​មាន​លក្ខណៈ​តាម​ស្តង់​ដា​អន្តរជាតិ​ ហើយ​នៅ​ស្រុក​​ខ្មែរ​យើង​​ទើបតែ​មាន​​នៅ​ទីនេះទេ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផងដែរ លោក​ធា គ្រុយ​ ក៏​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​ហ៊ុន ​ដែល​បាន​មក​វិនិយោគ​ជួសជុល​អគារ​​តម្កល់​សព​​និង​ដំឡើង​ឧបករណ៍​តម្កល់​សព​​តាម​បច្ចេក​វិទ្យា​​ទំនើប ។ នេះ​ជា​តម្រូវ​ការ​​ចាំបាច់មួយ​​របស់​​កម្ពុជា​​យើង​ ដែល​ទើប​តែ​មាន​​ឧបករណ៍​​តម្កល់​សពទុក​មាន​រយៈពេល​យូរ ៕