ខេត្តឧត្តរមានជ័យ ៖ ក្នុងការប្រយុទ្ធឈ្លានពានទឹកដីកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពសៀមបានធ្វើការវា.យប្រហារលើជនស៊ីវិល និងពិសេសបានព្យាយាមវាយប្រហារកម្ទេចវត្តប្រាសាទតាមាន់សែនជ័យ ដែលស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងនៅក្បែរតំបន់ប្រាសាទតាមាន់ថែមទៀត ។ នេះបើយោងតាមក្រសួងព័ត៌មានបានផ្សាយនាមុននេះ ។

មានសង្ឃដីកាឱ្យដឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលក្រុមអនុព័ន្ធយោធាបរទេសចំនួន៩ប្រទេស សរុបមានចំនួន១៤នាក់ ដែលបានចុះពិនិត្យទីតាំងរងគ្រោះ ដោយការវាយប្រហារពីសំណាក់កងទ័ពថៃ ព្រះអង្គឡាយ លន ព្រះគ្រូសង្ឃសូត្រស្តាំប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យ បានមានសង្ឃដីកាថា កងទ័ពថៃបានប៉ុនប៉ងកម្ទេចវត្តអារ៉ាមមួយនេះចោលដោយក្នុងនេះ ប្រើនូវយុទ្ធសាស្ត្រវាយទាំងតាមយន្តហោះ F-16 និងកាំំភ្លើងធំផ្លោងកម្ទេចទាំងព្រះវិហារ កុដិលោក សាលាឆាន់ រោងបាយ ត្រូវបានធ្លុះធ្លាយអស់គ្មានសល់ ។
ព្រះអង្គលើកឡើងថា ការវាយប្រហារយ៉ាងខ្លាំងក្លានេះ បានធ្វើឱ្យហេរដ្ឋារចនាសម្ព័ន្ធវត្តទាំងមូលទទួលរងខូចខាតទាំងស្រុង ។ ព្រះអង្គមានសង្ឃដីកាបន្ដថា យន្តហោះ F-16 របស់កងទ័ពថៃបានមកវាយប្រហារពីរលើកដោយមួយលើកៗវាយប្រហារ២គ្រាប់ និងក្រៅពីនេះបានវាយប្រហារដោយគ្រប់ផ្លោងជញ្ជ្រុំគ្រប់ទីតាំងវត្តក្នុងបំណងកម្ទេចគ្រប់កន្លែងក្នុងវត្ត ។

ព្រះគ្រូសូត្រស្តាំប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យ បានមានសង្ឃដីកាបន្ថែមថា យោធាថៃធ្វើនេះសាហាវហួសហេតុខ្លាំងមែនទែន ដែលមិនគួរណាវាយប្រហារវត្តអារ៉ាម បម្រើលើវិស័យព្រះពុទ្ធសាសនាបែបនេះឡើយ ។ ព្រះអង្គចាត់ទុកថា ជាទង្វើឧក្រិ.ដ្ឋកម្ម មានចិត្តសាហាវយង់ឃ្នងវា.យប្រហារលើជនស៊ីវិល និងពិសេសលើវិស័យសាសនា ។
ព្រះអង្គក៏អំពាវនាវដល់ពុទ្ធបរិស័ទជួយកសាងវត្តប្រាសាទតាមាន់សែនជ័យឡើងវិញ ហើយព្រះអង្គមិនបោះបង់ចោលជាដាច់ខាត ។
ចំណែកលោកតា ឈ្មោះ ព្រហ្ម ចិន្តា ជាអ្នកមើលថែប្រចាំនៅវត្ត ប្រសាទតាមាន់សែនជ័យ បានប្រាប់ឱ្យដឹងដែរថា យោធាថៃ មានចិត្តសាហាវឃោរឃៅបំផុត គឺពួកគេបានសម្លា.ប់តាជីម្នាក់ និងបំផ្លាញគ្រប់ទីតាំងវត្តគ្មានសេសសល់នោះទេ ។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារពីសំណាក់កងទ័ពថៃឈ្លានពាននេះ គឺបានបណ្តាឱ្យតាជីម្នាក់បាត់បង់ជីវិត ហើយក្រៅពីនេះក្រុមយោធាថៃនៅបានបាញ់កម្ទេចសាលាបឋមសិក្សាតាមន្តសែនជ័យ បំផ្លាញស្ថានីយចាក់ប្រេង បាញ់បំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងស្រុក បន្ទាយអំពិល ក្បែរតំបន់ប្រសាទតាមាន់ ។
លើលពីនេះទៀត យោធាថៃបានទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 និងគ្រាប់បែកចង្កោមល្មើសច្បាប់ មកលើទីតាំងជនស៊ីវិល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥៕


ចែករំលែកព័តមាននេះ