រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់បងប្អូន ជនរួមជាតិជួយមើលជនក្បត់ជាតិ សម រង្ស៊ី បែរនិយាយសរសើរកងទ័ពថៃ ឈ្លានពាន កម្ពុជា និងបង្អាប់កងទ័ពខ្មែរទៅវិញ នៅពេលប្រជាជន និងកងទ័ពយើងបាននិងកំពុងរង ទុក្ខវេទនាដោយការឈ្លានពានរបស់ថៃ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២៥ ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! នៅពេលប្រជាជននិងកងទ័ពយើងបាន និងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃដែល ក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបុរាណរាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃបាញ់ប្រហារបង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ ជាជនភៀសសឹកដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ (សម រង្ស៊ី) មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ ។
សម្តេចបានបន្តថា តើគេជាមនុស្សឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ? សូមបងប្អូន ស្តាប់និងគិតខ្លួនឯងផងចុះ។ សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែលមានមនុស្សតាម១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ» ។

សូមជម្រាបថា ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្ទាប់ពីជនក្បត់ជាតិ សម រង្ស៊ី បានបង្ហោះវីដេអូមួយឃ្លីប ដោយបានចោទកងកម្លាំងប្រដាប់អាវុធថា បានបាញ់មិនចំគោលដៅរបស់ទាហានថៃ ធ្វើឲ្យរាប់ទៅប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវ និងត្រូវវត្តអារាមទៅវិញ ។
ជាងនេះ ជនក្បត់ជាតិ សម រង្ស៊ី ក៏បានលើកឡើងថា ទាហានកម្ពុជាគឺគ្មានសីលធម៌ហើយមិនបាញ់ចំគោលដៅរបស់ទាហានថៃ ដែលធ្វើឲ្យថៃមានប្រៀបជាងខ្លួន ៕
ចែករំលែកព័តមាននេះ