រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាចុះធ្វើអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ត្រឹមម្ដងគត់ក្នុងមួយឆ្នាំ លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ច តាមជាក់ស្ដែង ។
ថ្លែងក្នុងឱកាសអញ្ជើញបើក “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” នាថ្ងៃទី១៣ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយកិច្ចប្រតិបត្តិការរបស់សហគ្រាស អាជីវកម្ម នៃវិស័យឯកជន នៅគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានការពិគ្រោះយោបល់ជាមួយវិស័យឯកជនពាក់ព័ន្ធសំខាន់ៗ ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងត្រូវពេលអន្តរកាលយ៉ាងហោច ៦ខែ មុននឹងចាប់ផ្ដើមអនុវត្ត ។
ចំពោះការលើកឡើងរបស់វិស័យឯកជន ជុំវិញការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណច្រើន ពីក្រសួងស្ថាប័នផ្សេងគ្នា ខណៈលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណមួយចំនួន មានភាពមិនចាំបាច់ ហើយមួយចំនួនទៀត មានភាពត្រួតស៊ីគ្នា ដែលបញ្ហានេះ សម្ដេចធិបតី បានប្រគលភារកិច្ចជូនគណៈកម្មការគោលនយោបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រួបសម្រួលដឹកនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យឡើងវិញនូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណទាំងអស់ ក្នុងវិស័យនីមួយៗ ដែលចាប់ផ្ដើមពីវិស័យទេសចរណ៍ វិស័យសហគ្រាសធនមីក្រូតូច និងមធ្យម ដើម្បីលុបចេញ ឬផ្គួបចូលគ្នានូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណ ដែលត្រួតស៊ីគ្នា និងកែសម្រួលនីតិវិធី និងថ្លៃសេវា នៃលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណនីមួយៗឲ្យមានភាពច្បាស់លាស់ ពោលគឺធ្វើយ៉ាងណាធានាថា គ្មាននីតិវិធីណាមួយដែលបង្កការលំបាក និងមិនចាំបាច់ដល់ពលរដ្ឋឡើយ ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានដោះស្រាយបញ្ហាប្រឈមចំនួន ១៥ ចំណុចរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ។
ជាមួយគ្នានោះដែរ សម្ដេចធិបតីបានណែនាំឲ្យក្រសួងការងារ បន្តដឹកនាំពង្រឹងយន្តការអធិការកិច្ចអន្តរក្រសួង តាមការសម្រេចរបស់វេទិការាជរដ្ឋភិបាលផ្នែកឯកជន លើកទី១៨ នៅឆ្នាំ២០១៩ ។
សម្ដេចធិបតីបញ្ជាក់ថា «ខ្ញុំចង់ឲ្យវិស័យឯកជនដើរតួនាទី ជាយន្តការក្នុងការជួយពង្រឹងអនុឡោមភាព ជួយសមាជិករបស់ខ្លួនក្នុងការពង្រឹង ។ ចឹងរាជរដ្ឋាភិបាល បានដកឃ្លាហើយ ទុកការទុកចិត្តឲ្យបំពេញតាមអនឡាញ ប៉ុន្តែកុំឲ្យលំបាកដើម្បីធានាការទុកចិត្ត ព្រោះបើវិស័យឯកជនអនុវត្តបានត្រឹមត្រូវគឺបង្កើនទំនុកចិត្ត ដូច្នេះថ្ងៃក្រោយមិនចាំបាច់ធ្វើអធិការកិច្ចច្រើនពីក្រសួងហើយ ។ មិនមែនតែវិស័យការងារទេ គឺខ្ញុំចង់ឃើញគ្រប់វិស័យទាំងអស់ ហើយគ្រប់ក្រសួងស្ថាប័នត្រូវធានាថា ១ឆ្នាំគឺរួមគ្នាចុះអធិការកិច្ចតែម្ដងគត់ លើគោលដៅតែមួយ លើកលែងតែមានបណញដឹងពីបងប្អូនកម្មករ និយោជិតផ្ទាល់ ឬមានឧប្បទ្វហេតុណាមួយកើតឡើង សូមធ្វើតាមគោលការណ៍ដែលយើងបានធ្វើ បានន័យថា អធិការកិច្ចតែមួយលើកក្នុងមួយឆ្នាំ» ។
សម្ដេចធិបតីបន្ថែនថា គ្រប់ក្រសួងស្ថាប័ន ដែលស្ថិតនៅក្នុងយន្តការអធិការកិច្ចអន្តរក្រសួង ត្រូវមានយន្តការទទួលពាក្យបណ្ដឹងពីវិស័យឯកជន ដើម្បីទប់ស្កាត់ការចុះធ្វើអធិការកិច្ច ដោយឡែករបស់ក្រុមការងារ ៕
ចែករំលែកព័តមាននេះ