ជាទូទៅរាល់សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ ដែលកម្ពុជាបានយកទៅចុះបញ្ជី និងមិនទាន់ចុះបញ្ជីនៅអង្គការយូណេស្កូ គឺសុទ្ធតែទទួលបានការយកចិត្តទុកដាក់ ប៉ុន្តែជាការពិត សម្បត្តិទាំងអស់នោះ នៅត្រូវការការគាំទ្រ និងឧបត្ថម្ភលើសពីនេះថែមទៀត ។ ពោលគឺយើង ត្រូវជួយដល់សិល្បករដែលទាក់ទងនឹងសម្បត្តិទាំងនោះអោយរស់បានស្រួល ដើម្បីពួកគេមានកម្លាំងថែរក្សាសម្បត្តិវប្បធម៌អរូបីមនុស្សជាតិទាំងនោះ។

តាមដែលយើងទាំងអស់គ្នាបានដឹងមកនេះ សម្បត្តិបេតិកភណ្ឌរូបីដែលកម្ពុជា បានចុះបញ្ជីរួច ហើយមាន៤ គឺប្រាសាទអង្គរ, ប្រាសាទព្រះវិហារ, ប្រាសាទសំបូរព្រៃគុហ៍ និងប្រាសាទកោះកេរ ហើយដែលទើបតែសម្រេចចុះបញ្ជីកាលពីពេលថ្មីៗកន្លងទៅនេះ។ ក្រៅពីនោះ កម្ពុជាក៏បានចុះបញ្ជីសម្បត្តិមួយចំនួនទៀតរួចរាល់ដែរហើយ គឺបេតិកភណ្ឌអរូបី ដែលមកដល់ពេលនេះ គឺមាន៦ ដែលរួមមាន ៖ របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែ.ងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្តែត និងគុណល្បុក្កតោ ។

សម្រាប់សម្បត្តិបេតិកភណ្ឌរូបបី យើងឃើញថា មានសកម្មភាពជាប់ជាប្រចាំ ដោយមានអាជ្ញាធរគ្រប់គ្រងត្រឹមត្រូវ ថែរក្សា និងអភិរក្សបានគត់មត់ ហើយការជួសជុលស្ថាបនាក៏ឃើញថា មានយ៉ាងផុលផុស ហើយសំខាន់គឺពលរដ្ឋបានផលច្រើនពីការចូលរួមអភិរក្ស និងការពារសម្បត្តិបេតិកភណ្ឌរូបីជាពិសេស គឺប្រាសាទបុរាណទាំង៤ ដោយពេលនេះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ គឺមានការគាំទ្រជាបន្តបន្ទាប់ ។ ប៉ុន្តែសម្រាប់សម្បត្តិកបេតិកភណ្ឌអរូបីហាក់ ដូចជា ការគាំពារ និងការគាំទ្រហាក់មិនបានពេញទំហឹង ហើយអ្នកដែលពាក់ព័ន្ធក៏កាន់តែខ្សត់ខ្សោយទៅៗ។

ជាទូទៅមកដល់ពេលនេះ អ្វីដែលបានឃើញអំពីការយកចិត្តទុកដាក់ចំពោះសម្បត្តិបេតិកភណ្ឌអរូបីទាំងនេះ គឺមានតែនៅថ្ងៃខួបនៃការចុះបញ្ជីប្រចាំឆ្នាំ តាមរយៈសាររបស់ថ្នាក់ដឹកនាំរំលឹកព្រឹត្តិការណ៍នោះ និងអាចមានព្រឹត្តិការណ៍តិចតួចនៅថ្ងៃនោះ។ ប៉ុន្តែអ្នកដែលស្ថិតនៅក្នុងវិស័យនេះ ជាទូទៅហាក់កំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាក ។
ជាក់ស្តែងដូចជា កាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងទៅ ជាខួបលើកទី២០ឆ្នាំ ដែលកម្ពុជាបានចុះបញ្ជី «របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ គឺហាក់ដូចជាសោះកក្រោះ ទោះបីជា «របាំព្រះរាជទ្រព្យ» នេះ ជានាដកម្មបុរាណមួយដែលកម្ពុជាបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយក៏ដោយ ។

«របាំព្រះរាជទ្រព្យ» ឬរបាំក្បាច់បុរាណខ្មែរនេះ ជាប្រភេទរបាំដែលនាដករប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនាទៅតាមការវិវដ្ដនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀងជាពួក និងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យដែលមានតួនាទីប្រគំ ជូនរបាំនេះ ពោលគឺមហាអស្ចារ្យណាស់ ប៉ុន្តែមហាជនហាក់ចាប់អារម្មណ៍ត្រឹមតែសារ ត្រឹមតែជយោ ប៉ុន្តែមនុស្សដែលពាក់ព័ន្ធនឹងរបាំនេះ កំពុងតែពិបាក ។
ជាទូទៅរាល់ខួបនៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិទាំងអស់ គឺច្រើននៅក្នុងរង្វង់ខែវិច្ឆិកានេះ ដោយក្រៅពីរបាំព្រះរាជទ្រព្យ ដែលបានរៀបចំខួបហើយនោះ គឺនៅមាន ល្ខោនស្រមោលស្បែកធំ ដែលបានចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥, ល្ខោនខោលវត្តស្វាយអណ្តែត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨, គុនល្បុក្កតោនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ចាប៉ីដងវែង នៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ ហើយនឹងល្បែ.ងទាញព្រ័ត្រ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។

ដូច្នេះ កម្ពុជានៅសល់ព្រឹត្តិការណ៍រំលឹកខួបនៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិនេះច្រើនថែមទៀត ដែលយើងទាំងអស់គ្នាគួរមានសកម្មភាព គួរមានអ្វីដែលពិសេស ដើម្បីបង្ហាញ និងជួយដល់អ្នកដែលពាក់ព័ន្ធនៅក្នុងការថែរក្សា ក៏ដូចជាអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិនេះអោយគង់វង្សបាន ។
កុំភ្លេចថា អ្នកអភិរក្ស និងថែរក្សា ក៏ដូចជា ការពារ គឺត្រូវការចាំបាច់បំផុតគឺថវិកា ដូច្នេះប្រសិនបើគ្មានយន្តការអោយអ្នកដែលពាក់ព័ន្ធអាចមានលទ្ធភាពរកចំណូលពីសកម្មភាព និងអភិរក្សពីសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបីមនុស្សជាតិទេនោះ សកម្មភាពអភិរក្ស និងការពារសម្បត្តិទាំងនេះក៏នឹងមិនមានប្រសិទ្ធភាពបានយូរអង្វែងឡើយ។ មនុស្សតែងតែស្រលាញ់ និងហួងហែងសម្បត្តិដែលខ្លួនមានគ្រប់គ្នា ប៉ុន្តែនៅក្នុងករណីក្រពះវាស្រែកទាមទារហើយ សេចក្តីឆកល្វែងនឹងកើតមានឡើង។
សរុបមកវិញ ដើម្បីការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិឲ្យបានគង់វង្សបន្តទៀត អ្នកដែលពាក់ព័ន្ធគួរតែសិក្សារកយន្តការ ឬក៏កែច្នៃស្ថានការណ៍ ឬក៏ពិនិត្យមើលលទ្ធភាពនានា ដើម្បីអោយអ្នកដែលពាក់ព័ន្ធអាចរស់បានសមរម្យ បើមិនដូច្នេះទេ កិច្ចការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិទាំងនេះ គឺនឹងប្រឈមមុខនឹងបញ្ហា៕
ដោយ ៖ ហេង ចេស្តារ

ចែករំលែកព័តមាននេះ