ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចបិទ​វត្ត​វត្ត​ពោធិ៍​លង្កា(​ហៅ​ពោធិ៍​លើ​) ​ក្រោយ​បង្កើតបក្សពួក​និងបង្កជម្លោះ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បិទ​វត្ត​ពោធិ៍​លង្កា (​ពោធិ៍​លើ​) និង​បញ្ចប់​តួនាទី​ចៅអធិការ​គ្រូ សូត្រ​ឆ្វេង គ្រូ​សូត្រ​ស្តាំ បន្ទាប់​ពី​កើត​ជម្លោះ​មិន​ចេះ​ចប់ ហើយ​ឱ្យ​ភិក្ខុ​សាមណេរ លោកតា លោកយាយ…

ខេត្តសៀមរាប​៖ បិទ​វត្ត​ពោធិ៍​លង្កា (​ពោធិ៍​លើ​) និង​បញ្ចប់​តួនាទី​ចៅអធិការ​គ្រូ សូត្រ​ឆ្វេង គ្រូ​សូត្រ​ស្តាំ បន្ទាប់​ពី​កើត​ជម្លោះ​មិន​ចេះ​ចប់ ហើយ​ឱ្យ​ភិក្ខុ​សាមណេរ លោកតា លោកយាយ ឧបាសក ឧបា​សិកា ប្អូន​ៗ សិស្ស និស្សិត និង​អ្នក​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​លង្កា​ទាំងអស់​ឱ្យទៅ​គង់ និង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ចំនួន​១០​វត្ត ក្នុង​នោះ មួយ​វត្ត មាន​ភិក្ខុ និង​សាមណេរ​ចំនួន​១០​អង្គ ។

ប្រភព​ឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ​នោះ ទី​១-​មិន​គោរព​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា និង​ទី​២-​ចែក​បក្ស ចែក​ពួក​ជា​៤​ក្រុម​នៅ​ក្នុង​វត្ត​ពោធិ៍​លង្កា ហៅ​ពោធិ៍​លើ សាលា​អនុគណ​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​សម្រេច​បិទ​វត្ត​ពោធិ៍​លង្កា(​ពោធិ៍​លើ​) ស្ថិត​នៅ​ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ចំ​កណ្តាល​ក្រុង បន្ទាប់​ពី​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ បាន​បង្កើត​អរិភាព​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។

ព្រះ​បវរ​វិជ្ជា ទេព ភឿន ព្រះ​វិន័យធរ​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលា​គណ​ខេត្តសៀមរាប បាន​មាន​ថេរ​ដីកា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា ការ​សម្រេច​បិទ​វត្ត​ពោធិ៍​លង្កា (​ពោធិ៍​លើ​) ជា​បណ្តោះ អាសន្ន​នា​ពេល​នេះ ធ្វើ​ឡើង​តាម​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បញ្ចប់​មុខ​តំណែង​របស់​គណៈ​គ្រប់គ្រង​វត្ត​ពោធិ៍​លង្កា​នេះ បន្ទាប់​ពី​កើត​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​គ្រប់គ្រង ។ ព្រះ​អង្គ​បន្ត​ថា បន្ទាប់​ពី​ការ​សម្រេច​នេះ គណៈ​សង្ឃ​ខេត្ត ក្រុង និង​ធ្វើការ​រៀបចំ​វត្ត​នេះ​ឡើង​វិញ ។

យោង​តាម​សេចក្តីសម្រេច​របស់​គណៈសង្ឃ​នាយក​លេខ​១០៧ ចុះ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ បាន សម្រេច​បញ្ចប់​មុខ​តំណែង​គណៈសង្ឃ​វត្ត​ពោធិ៍​លង្កា (​ពោ​ធ៍​លើ​) ស្ថិត​ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដូច​ខាងក្រោម​៖ ១-​បញ្ចប់​មុខ​តំណែង ភិក្ខុ កែវ ខូ​យ ពី​ចៅអធិការ ២- បញ្ចប់​មុខ​តំណែង ភិក្ខុ ពេជ្រ ដេ​វី​ឌ ពី​គ្រូសូត្រស្ដាំ ៣-​បញ្ចប់​មុខ​តំណែង ភិក្ខុ ស៊ី​ញ​ស៊ី​ន ពី​គ្រូសូត្រឆ្វេង និង​ទី​៤-​បញ្ចប់​មុខ​តំណែង​ភិក្ខុ​ពី​វិន័យធរ ។

ដោយឡែក សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នេះ របស់​សាលា​អនុគណ​ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា សាលា​អនុគណ​ក្រុង​សៀមរាប សូម​ពិត​ប្រគេន ភិក្ខុ សាមណេរ លោកតា លោក​យាយ ឧបាសក ឧបាសិកា ប្អូន​ៗ សិស្ស និស្សិត និង​អ្នក​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​លង្កា (​ពោធិ៍​លើ​) ស្ថិត​នៅ​ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា សាលា​អនុគណ​ក្រុង សូម​ធ្វើការ​ប្រកាស​រំសាយ​ភិក្ខុ សាម ណេ​រទាំង​អស់​នៅ​ក្នុង​វត្ត​ពោធិ​លង្កា​ឱ្យ​និមន្ត ទៅ គង់​តាម​បណ្តា​វត្ត​ក្នុង​ក្រុង​សៀមរាប ។

យោង​តា​មេស​ច​ក្តី​ជូនដំណឹង​ដដែល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​វត្ត​ពោធិ​លង្កា​(​ពោ​ធ៍​លើ​)​នេះ មាន​ព្រះ​សង្ឃ គង់នៅ​សរុប​ចំនួន​១៤០​អង្គ និង​តាជី យាយជី ក្មេង​វត្ត មាន​ចំនួន​៣១​នាក់ ក្នុង​នោះ សាលា​អនុគណ បាន​តម្រូវ​ឱ្យ​ព្រះសង្ឃ​ជា​សាមណេ​សិស្ស​ពុទ្ធិក វិទ្យាល័យ​រាជ​បូ​ណ៌ ចំនួន​៣៨​អង្គ ត្រូវ​និមន្ត​ទៅ​គង់នៅ​វត្ត​រាជ​បូ​ណ៌ ។

ចំណែក​ព្រះសង្ឃ ចំនួន​១០២​អង្គ​ទៀត រួម​ជាមួយ​តាជី យាយជី និង​ក្មេង​វត្ត​ចំនួន​៣១ នាក់ ត្រូវ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សាលា​អនុគណ ក្រុង​សៀមរាប ដោយ​ផ្ទាល់​នៅ​វត្ត​ទេព​ពោធិ​វង្ស សង្កាត់​គោក​ចក ក្រុង ខេត្តសៀមរាប​ដើម្បី​បាន​វត្ត​ស្នាក់​នៅ​បន្ត ។

លិខិត​ជូនដំណឹង​ដដែល បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សាលា​អនុគណ​ក្រុង មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណាមួយ​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ​លង្កា​ទៀត​ឡើយ​។ បើ​បុគ្គល​ណាមួយ​មិន​ព្រម​ចាកចេញ​តាម​ការ​ជូន ដំណឹង​នេះ សាលា​អនុគណ​ក្រុង និង​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​អនុវត្ត​តាម​ផ្លូវច្បាប់ ដោយ​មិន​ទទួល ខុស​ត្រូវ​លើ​ការ​បាត់បង់​ឬ ខូចខាត​ទ្រព្យសម្បត្តិ​ណាមួយ​ឡើយ ។

ពាក់ព័ន្ធ​ឈាន​ដល់​ការ​បិទ​វត្ត​ពោធិ៍​លង្កា​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ដែល​នៅ​ជិត​វត្ត​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង ពីព្រោះ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ បាន​បង្កើត​បក្សពួក និង​តែងតែ​បង្កជម្លោះ​នៅ​ក្នុង​វត្ត​ជា​ហូរហែ និង​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ។ ប្រជាពលរដ្ឋ​រំពឹង​ថា ចំណាក់​ការ​របស់​គណៈសង្ឃ​នាយក និង​គណៈសង្ឃ​ខេត្ត​នេះ​នឹង​ប្រែក្លាយ​ទី​អារាម​មួយ​នេះ ឱ្យ​ក្លាយជា​ទីកន្លែង​គោរព​សក្ការៈ​របស់​ពុទ្ធបរិស័ទ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ