រាជធានីភ្នំពេញ ៖ រថយន្តកាមរី មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2J-1572 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារពោះច្រងាង នៅលើកំណាត់មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ឧសភា ឆ្នាំ២០១១ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យរថយន្តកាមរីខាងលើនេះបុករបាំងថ្មក្រឡាប់ផ្ងារពោះខ្លួនឯងនេះ គឺដោយសារម្ចាស់រថយន្តព្យាយាមបើកវ៉ារថយន្តទំនើបម៉ាករ៉ង់រ៉ូវែរ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-0033 ដែលបើកបរស្របទិសគ្នា ក្នុងទិសដៅពីលិចទៅកើត។ ប៉ុន្តែដោយអ្នកបើកបររថយន្តរ៉ង់រ៉ូវែរ មិនព្រមឱ្យវ៉ាទើបអ្នកបើកបររថយន្តកាមរីប្រឹងជ្រែវ៉ាឆ្វេងស្តាំក៏ជ្រុលល្បឿនទៅបុករបាំងថ្មក្រឡាប់និងទៅប៉ះរថយន្តរ៉ង់រ៉ូវែរបណ្តាលឱ្យខូចខាតទាំងអស់គ្នា ។
ទោះជាយ៉ាងណា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ពុំបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ប៉ុន្តែរថយន្តទាំងពីរគ្រឿងទទួលរងការខូចខាតដូចគ្នា។ សមត្ថកិច្ចនគរបាលចរាចរខណ្ឌចំការមនសហការជាមួយនគរបាលការិយាល័យជំនាញ បានចុះវាស់វែងដកហូតយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ