ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

តម្រូវការ​លុយ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ និង​ជំរុញ​អោយ​រដ្ឋាភិបាល​បន្ត​ខ្ចី​លុយ គឺ​ប្រមាណ​ជាង ២២០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៤ ខណៈ​ដែល​បំណុល​បាន​កើនឡើង​ដល់​១០ ៧៤១ លាន​ដុល្លារ គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៣​

តម្រូវការ​លុយ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ និង​ជំរុញ​អោយ​រដ្ឋាភិបាល​បន្ត​ខ្ចី​លុយ គឺ​ប្រមាណ​ជាង ២២០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៤ ខណៈ​ដែល​បំណុល​បាន​កើនឡើង​ដល់​១០ ៧៤១ លាន​ដុល្លារ គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៣​។ នេះ​បើ​តាម​ឯកសារ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ទន្ទឹម​ពេល​នោះ សម្រាប់​ឆ្នាំ​២០២៤​ខាង​មុខ តាម​ឯកសារ​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ចំនួន ៤៤០ ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា ១០៨ លាន​ដុល្លារ ហើយនឹង​កំណត់​តម្រូវការ​ខ្ចីប្រាក់​ពី​ដៃគូរ​អភិវឌ្ឍន៍​នៅ​ក្នុង កម្រិត ១.៧០០ លាន​អេស​ដេ​អ៊ែ​រ ឬ​ប្រមាណ​ជា ជាង​២.២០០ លាន​ដុល្លារ សម្រាប់​គម្រោង​ផ្សេង​ៗ​។

តើ​រដ្ឋ​បន្ត​ខ្ចី​លុយ​គេ​មក​ធ្វើ​អ្វី​ដែរ?
ឯកសារ​នោះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​នៅ​ក្នុង​ការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ចំនួន ៤៤០ ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា ១០៨ លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ​នេះ គឺ​សម្រាប់​សង​ប្រាក់​ដើម និង​ការ​ប្រាក់​មូល​ប​ត្រ​រដ្ឋ ដែល​បាន​បោះផ្សាយ​នា​ឆ្នាំ​កន្លង​មក និង​ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ​ដែល​អាច​ផ្តល់​ចំណូល​ដោយ​ត្រង់​មក​រាជរដ្ឋាភិបាល និង​ផ្តល់​ផល​រហ័ស ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ និង​ចីរភាព​នៃ​ការ​គ្រប់គ្រង​បំណុល​សាធារណៈ និង​ថវិការ​ជាតិ ។

ប្រភព​ដដែល​បាន​បន្ថែម​ថា សម្រាប់​កម្មវិធី​កម្ចី​ដែល​គ្រោង​ខ្ចី​ពី​ដៃគូរ​អភិវឌ្ឍន៍ គឺ​អនុវត្ត​កម្មវិធី និង​គម្រោង​សំខាន់​ៗ ដែល​រួម​មាន​ដូច​ជា ៖ វិស័យ​ថាមពល​១​គម្រោង​, វិស័យ​ធារាសាស្ត្រ​៣​គម្រោង​, វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ចំនួន​១៦​គម្រោង​, វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​២​គម្រោង និង​វិស័យ​អ​ទិ​ភាព​ផ្សេង​ទៀត​ចំនួន​២​គម្រោង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រៅពី​នោះ រាជរដ្ឋាភិបាល​ក៏​បាន​គ្រោង​នឹង​ចំណាយ​លើ​ការ​ទូទាត់​ប្រាក់​ខ្ចី​ក្នុង​ឆ្នាំ​២០២៤ ជាមួយនឹង​គម្រោង​ហិរញ្ញប្បទាន​ចំនួន ២.១១៥ ប៊ី​លាន​រៀល ត្រូវជា​១,៤៨​ភាគរយ នៃ​អត្រា​ផលិតផល​នៅ​ក្នុងស្រុក​សរុប ពោល​គឺ​មាន​កំណើន​កើនឡើង​ដល់​១៣,៧ ភាគរយ​ធៀប​នឹង​ច្បាប់​ថវិការ​ឆ្នាំ​២០២៣ សម្រាប់​រំលស់​បំណុល​សាធារណៈ​ក្នុង និង​ក្រៅប្រទេស ។

ពាក់ព័ន្ធ​ជាមួយនឹង​គម្រោង​ទាំងនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គន្លឹះ​មួយ​ចំនួន ដែល​រួម​មាន​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប​នឹង​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​ដែល​អាច​ទ្រទ្រង់​បាន ហើយ​រាជរដ្ឋាភិបាល​ខ្ចី​តែ​ឥណទាន​ណា​ដែល​មាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្ចី​ទាំងនោះ គឺ​សម្រាប់​តែ​វិស័យ​អ​ទិ​ភាព សម្រាប់​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ ផលិតភាព​ផលិតកម្ម ។

រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​រួច​ហើយ​ថា នឹង​ប្រើប្រាស់​ឥណទាន​ទាំងនោះ​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​ខ្ពស់​បំផុត ហើយ​មិនតែប៉ុណ្ណោះ គឺ​ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដែល​ត្រូវ​មាន​ស្តង់ដា និង​គុណភាព​ខ្ពស់​ស្រប​តាម​គោលការណ៍​នៃ​ការ​គ្រប់គ្រង ការ​វិនិយោគសាធារណៈ ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍន៍​ជាតិ​នៅ​ក្នុង​ដំណាក់កាល​ថ្មី​ពិសេស​គឺ​ធានា​បាន​នូវ​ចីរភាព​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​ភាព​ធន់ នឹង​បម្រែបម្រួល​អាកាសធាតុ​។

តាម​ឯកសារ​នេះ រាជរដ្ឋាភិបាល​បាន​ព្យាយាម​លំអិត​អស់ហើយ ជូន​សាធារណជន ដូច្នេះ​ឆ្លង​តាម​ឯកសារ​នេះ យើង​សង្ឃឹមថា ស្ថាប័ន​ពាក់ព័ន្ធ​នឹង​គម្រោង​នឹង​អនុវត្ត និង​គ្រប់គ្រង ក៏​ដូច​ជា ចំណាយ​អោយ​ចំ​គោលដៅ ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ ដើម្បី​បន្ត​ធ្វើ​យ៉ាងណា​អោយ​សង្គម កម្ពុជា​យើង​បន្ត​ឃើញ​វឌ្ឍនភាព​សង្គម និង​ការ​អភិវឌ្ឍន៍​ថ្មី​ៗ​បន្ថែម​ទៀត ខណៈ​ដែល​គិត​ត្រឹម​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២៣ កម្ពុជា​មាន​បំណុល​សរុប ១០.៧៤១ លាន ដុល្លារ ។

អត្ថបទ​ដោយ ៖ ហេង ចេស្តា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ