ស្ថានការណ៍សង្គ្រាមនៅអ៊ីស្រាអែល និងហាម៉ាស់ នៅមិនទាន់មានផលប៉ះពាល់ធំដុំរង្គោះរង្គើដល់កម្ពុជានៅឡើយទេ ដោយគ្រាន់តែយើងបា.ត់ប.ង់ជីវិ.តពលរដ្ឋម្នាក់ ។ ប៉ុន្តែប្រសិនបើសង្គ្រាមនេះ រីករាលដាលបន្ថែមទៀតនោះ ប្រទេសណាក៏ប៉ះពាល់ដែរ កុំថាឡើយតែកម្ពុជា។

តម្លៃប្រេងនឹងកាន់តែកើនឡើង បើសិនជាសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់កាន់ធ្ងន់ធ្ងរទៅៗ។ ចរន្តបែផលនេះ នឹងធ្វើអោយប្រេងកម្ពុជាក៏នឹងឡើងថ្លៃតាមនោះ ហើយនឹងនាំអោយប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ ទោះបីជាយើងនៅឆ្ងាយពីតំបន់សង្គ្រាមក្តី។

មកដល់ពេលនេះ ពលរដ្ឋកម្ពុជា ដែលបានរងគ្រោះនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នេះ គឺមានសុវត្ថិភាពអស់ហើយ និងមិនមាននរណាស្ថិតនៅជាចំណាប់ខ្មាំ.ងឡើយ ហើយ ដោយឡែកផលប៉ះពាល់ធំដុំដល់សេដ្ឋកិច្ចក៏មិនសូវជាមានច្រើនទេ ។

ស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាវិនិយោគទុន នៅតែបន្តដំណើរការទៅមុខដោយរលូន ប៉ុន្តែស្ថានភាពវិស័យហិរញ្ញវត្ថុហាក់ដូចជាទទួលព័ត៌មានធ្លាក់ចុះខ្លះ ប៉ុន្តែប្រតិបត្តិករឥណទាននៅតែបន្តដំណើរទៅមុខ ខណៈពេលដែលសង្គ្រាមនៅអ៊ីស្រាអែល និងហាម៉ាស់ វានៅក្តៅគគុកក៏ដោយ ។

ស្ថានភាពសង្គ្រាមនៅទីនោះ គឺអ៊ីស្រាអែល បានបញ្ជូនទាហានជើងគោកចូលទៅបោសសម្អាតក្រុមហាម៉ាស់ហើយ រីឯស្ថានភាពសង្គ្រាមក៏នៅមិនទាន់រីករាលដាលធំនៅឡើយទេ ដោយមានបញ្ហាតែរវាងអ៊ីស្រាអែល និងក្រុមជីវពលហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅលីបង់តែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងសង្គ្រាមនេះ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសធំៗបានឲ្យដឹងថា ធនាគារពិភពលោកបានចេញសេណារីយូ៣ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺលោក បេនយ៉ាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា សង្គ្រាមបានឈានចូលដំណាក់កាល់ទី២ ខណៈពេលដែលក្រុមហាម៉ាស់ បានអំពាវនាវឱ្យមានជំនួយក្នុងតំបន់បន្ថែមទៀតពីសម្ព័ន្ធមិត្ត រួមទាំងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់។

ធនាគារពិភពលោក បានចេញសេណារីយូទីមួយថា ប្រសិនបើសង្គ្រាមនេះ មិនរីករាលដាលទេនោះ តម្លៃប្រេងត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីកម្រិតបច្ចុប្បន្នប្រហែល៩០ដុល្លារក្នុងមួយបារ៉ែល មកនៅក្នុងកម្រិតជាមធ្យមប្រមាណជា៨១ដុល្លារក្នុងមួយបារ៉ែល នៅឆ្នាំក្រោយ។

នៅពេលនេះ តម្រូវការប្រេងឥន្ធនៈនៅក្នុងមួយថ្ងៃពិភពលោក ត្រូវការធនធានប្រេងឆៅប្រមាណជា ១០០ លានបារ៉ែល។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រភពដដែលបានបន្តថា តាមសេណារីយូទី២ ប្រសិនបើកម្រិតនៃសង្គ្រាមវារីកធំបន្តិច ហើយកម្រិតឥទ្ធិពលរបស់វាមានប្រហាក់ប្រហែលនឹងសង្គ្រាមអ៊ីរ៉ាក់ ផលិតកម្មប្រេងអាចធ្លាក់ពី ៣ទៅ៥ លានបារ៉ែល នៅក្នុងមួយថ្ងៃនោះ តម្លៃប្រេងនៅលើពិភពលោកអាចឡើងដល់៣៥ ភាគរយ ។

ប្រភពដដែលបានបន្តថា តាមសេណារីយូទី៣វិញ ប្រសិនបើសង្គ្រាមនេះរីករាលដាលកាន់តែធំ រហូតដល់ពិភពអារ៉ាប់ដូចកាលពីឆ្នាំ១៩៧៣ ការផ្គត់ផ្គង់ប្រេងអាចនឹងធ្លាក់ចុះពី ៦ ទៅ ៨ លានបារ៉ែល ឬលើសពីនេះនៅក្នុងមួយថ្ងៃនោះ តម្លៃប្រេងនឹងឡើងរហូតដល់ពី ៥៦ ភាគរយទៅដល់ ៧៥ ភាគរយ ឬពី ១៤០ ទៅ ១៥៧ ដុល្លារនៅក្នុងមួយបារ៉ែល។

លោក អ៊ីនឌឺមីត ជិល (Indermit Gill) អ្នកសេដ្ឋវិទូរបស់ធនាគារពិភពលោក បាននិយាយថា ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន បានជះឥទ្ធិពលរំខានដល់សេដ្ឋកិច្ចពិភពលោកដល់សព្វថ្ងៃ ហើយប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស់កាន់តែកើនឡើងនោះ សេដ្ឋកិច្ចពិភពលោកនឹងប្រឈមមុខនឹងស្ថានភាពកាន់តែលំបាកបន្ថែមទៀត ។

ដោយឡែក លោក អេហាន កូស ( Ayhan Kose) ដែលជាអ្នកសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកមួយរូបដែរនោះ បាននិយាយថា តម្លៃប្រេងឡើងខ្ពស់នឹងនាំឱ្យតម្លៃអាហារឡើងថ្លៃដោយចៀសមិនរួច។
លោក កូស បាននិយាយថា ប្រសិនបើតម្លៃប្រេងឡើងខ្លាំង វានឹងជំរុញឱ្យអតិផរណាតម្លៃម្ហូបអាហារ នោះគឺជារឿងដែលពិបាកនិយាយពីផលប៉ះពាល់ដែលកើតមាននៅប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដែលពេលនេះប្រទេសទាំងនេះកំពុងរងវិបត្តិ និងបញ្ហារួចទៅហើយ ដោយសារតែការឈ្លានពានអ៊ុយក្រែន របស់រុស្ស៊ី។

ធនាគារពិភពលោកបានអះអាងថា សរុបមកចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ តម្លៃប្រេងបានកើនឡើងប្រហែលតែ៦ភាគរយទេ រីឯមាសជាទំនិញដែលមាននិន្នាការកើនឡើងក្នុងកំឡុងពេលនៃជម្លោះនោះ បានឡើង៨ភាគរយ។

តាមការផ្សព្វផ្សាយបានឲ្យដឹងថា លោកស្រី ជេនណែត យេឡែន (Janet Yellen) រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ បាននិយាយថា រដ្ឋបាលលោកបៃដិន កំពុងតាមដានលទ្ធផលសេដ្ឋកិច្ចនៃសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ យ៉ាងប្រុងប្រយ័ត្ន។

លោកស្រីបាននិយាយថា រហូតមកដល់ពេលនេះ អាមេរិកមិនទាន់បានឃើញអ្វីច្រើនដែលមានផលវិបាកជាសាកលនោះទេ ប៉ុន្តែប្រសិនបើសង្គ្រាមរីករាលដាល «ប្រាកដណាស់វាអាចមានផលវិបាកកាន់តែខ្លាំង»។

តាមនិន្នាការនេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាយើងឃើញថា មានកម្រើកចុះកម្រើកឡើងជាបន្តបន្ទាប់ តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ជាពិសេសគឺរវាងប្រេងម៉ាហ្សូត និងប្រេងសាំងធម្មតា ដែលកំពុងតែមានតម្រូវការ ។
ដោយ ៖ ហេង ចេស្តារ



ចែករំលែកព័តមាននេះ