ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ទទួល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺនមួយនៅ​ខេត្ត​ព្រ​សីហ​នុ

4 អាទិត្យ មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ទទួល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង ដែល​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ សម្រាប់​ការ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស ពិសេស​គឺជា​ទីតាំង​សម្រាប់​បម្រើ​ដល់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ទូកក្តោង​ទាំង​កម្រិត​ថ្នាក់​ជាតិ ​និង​អន្តរជាតិ ព្រមទាំង​ការ​ផ្សព្វផ្សាយ​អំពី​ប្រភេទ​កីឡា​ទូកក្តោង ​ទៅ​ដល់​ប្រជាជន​កម្ពុជា…

ខេត្ត​ព្រះ​សីហ​នុ ​៖ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ទទួល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង ដែល​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ សម្រាប់​ការ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស ពិសេស​គឺជា​ទីតាំង​សម្រាប់​បម្រើ​ដល់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ទូកក្តោង​ទាំង​កម្រិត​ថ្នាក់​ជាតិ ​និង​អន្តរជាតិ ព្រមទាំង​ការ​ផ្សព្វផ្សាយ​អំពី​ប្រភេទ​កីឡា​ទូកក្តោង ​ទៅ​ដល់​ប្រជាជន​កម្ពុជា និង​បរទេស ដើម្បី​មក​សាកល្បង និង​ចូលរួម​ហ្វឹកហាត់​កីឡា​ទូកក្តោង​ ។

ពិធី​ប្រគល់​-​ទទួល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង​នេះ ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាពលោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា តំណាង​លោក ថា​ង ហ្គោ​ដុន ប្រធាន​សហព័ន្ធ និងលោក ​ថោ​ង រដ្ឋ​សក្តិ អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា លោក Edward Lee នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Prince Real Estate Group និង​លោក Jimmy He ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Canopy Sand Development ជា​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន Prince Holding Group ​។

មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង​នេះ គឺជា​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន CANOPY SAND Development ជូន​ដល់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ដោយ​បាន​ចាប់ផ្តើម​សាងសង់​ ឡើង​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣ លើ​ផ្ទៃដី​ទំហំ​៥០០​ម៉ែត្រការ៉េ ដោយ​សំណង់​អាគារ​នេះ ​មានកំ​ពស់​មួយ​ជាន់​មាន​៤​បន្ទប់ និង​មាន​ឃ្លាំង​សម្រាប់​ទុក​សម្ភារៈ ​ទូកក្តោង​ចំនួន​១ ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ Bay of Light ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ។

សមិទ្ធផល ​នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង​នេះ គឺជា​ការ​អភិវឌ្ឍ​បោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ និង​បណ្តុះបណ្តាល​វិស័យ​កីឡា​ទូកក្តោង​នៅ​កម្ពុជា ដោយ​ទីតាំង​នេះ​ នឹង​ក្លាយទៅជា​ទីតាំង ​នៃ​ការ​បណ្តុះបណ្តាល​ក្រុម​កីឡាករ កីឡាការិនី​ទូកក្តោង​កម្រិត​ខ្ពស់ និង​កីឡាករ កីឡាការិនី​ថ្នាល ហើយ​ក៏​ជាទី​តាំង​សម្រាប់​ការ​បណ្តុះបណ្តាល មន្ត្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត ចៅក្រម និង​គ្រូបង្វឹក​កម្រិត​ជាតិ ​និង​អន្តរជាតិ​ផង​ដែរ ជា​ពិសេស ​គឺជា​ទីតាំង​សម្រាប់​បម្រើ​ដល់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ទូកក្តោង​ ទាំង​កម្រិត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ ព្រមទាំង​ការ​ផ្សព្វផ្សាយ​អំពី​ប្រភេទ​កីឡា​ទូកក្តោង​ ទៅ​ដល់​ប្រជាជន​កម្ពុជា និង​បរទេស ដើម្បី​មក​សាកល្បង និង​ចូលរួម​ហ្វឹកហាត់​កីឡា​ទូកក្តោង​ ។

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង​នេះ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​កីឡា​ទេសចរណ៍ ដោយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ឱ្យ​ចូល​មក​កម្សាន្ត និង​មើលឃើញ​ពី​ការ​អភិវឌ្ឍន៍​ នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​របស់​ខេត្ត​ព្រះ​សីហ​នុ ​។

នេះ​គឺជា​ជោគជ័យ​ថ្មី​មួយ​របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បន្ទាប់​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ទីលាន​តេ​ជោ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដោយ​ទទួល​បាន​មេដាយ​ចំនួន​២​គ្រឿង គឺ​មេដាយ​ប្រាក់​១​គ្រឿង លើ​វិញ្ញាសា Windsurfing RS:One និង​មេដាយ​សំ​រិ​ទ្ធ​១​គ្រឿង​លើ​វិញ្ញាសា Windsurfing RS:X​។

សូម​បញ្ជាប់​ថា សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​គ្រោង​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣ និង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង​ផ្លូវការ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៣​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ