ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានបូមលូ ត្រូវសុំច្បាប់!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យអ្នកប្រកបរបរ​បូមលូ ត្រូវតែសុំច្បាប់អនុញ្ញាត។ ការស្នើសុំច្បាប់នេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១-៣១ខែធ្នូ ឆ្នាំ២០២៣។ ការស្នើសុំច្បាប់អនុញ្ញាត​ប្រកបរបរ​បូមលូនេះ គឺមិនគិតថ្លៃនោះទេ​។ សេចក្តីណែនាំ…

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យអ្នកប្រកបរបរ​បូមលូ ត្រូវតែសុំច្បាប់អនុញ្ញាត។ ការស្នើសុំច្បាប់នេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១-៣១ខែធ្នូ ឆ្នាំ២០២៣។ ការស្នើសុំច្បាប់អនុញ្ញាត​ប្រកបរបរ​បូមលូនេះ គឺមិនគិតថ្លៃនោះទេ​។

សេចក្តីណែនាំ ស្តីពី ការគាំគ្រង​​លើការផ្តល់សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល​សំណល់​ភក់បង្គន់ ពីអាងស្តុកលាមក នៅរាជធានីភ្នំពេញ បង្ហាញថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាព ហើយប្រជាពលរដ្ឋ មានជីវភាព​កាន់តែធូរធារឡើង ដែលធ្វើឱ្យ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក៏មានការកើនឡើងផងដែរ​។

តាមសេចក្តីជូនដំណឹង ដោយសារកំណើនប្រជាពលរដ្ឋ និងការប្រើប្រាស់ទឹក បានធ្វើឱ្យ​សំណល់​ភក់បង្គន់ កើនឡើង​យ៉ាងឆាប់រហ័ស ស្របជាមួយ​នឹងកំណើន​រថយន្តបូមសំណល់​ភក់បង្គន់ ដែលកំពុងផ្តល់​សេវាកម្ម​ នៅរាជធានីភ្នំពេញ។ ប៉ុន្តែការគ្រប់គ្រងសំណល់ភក់បង្គន់ពីអាងស្តុក​លាមកនេះ នៅមិនទាន់សមស្រប​តាមលិខិតបទដ្ឋាន​គតិយុត្តិ និងលក្ខណៈ​បច្ចេកទេសនៅឡើយ ដោយបានបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ និងអនាម័យ​បរិស្ថាន​នៅរាជធានីភ្នំពេញ​ ដែលទាមទារ​ឱ្យរដ្ឋបាល​រាជធានីភ្នំពេញ ត្រូវធ្វើការគ្រប់គ្រង​ឱ្យបានល្អប្រសើរ។​

ដូច្នេះ ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសោភ័ណភាព សណ្តាប់ធ្នាប់ល្អ អនាម័យ​បរិស្ថាន​ស្អាត គ្មានការបំពុល ជាទីក្រុងបៃតង និងជាកន្លែងផ្តល់​នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាល​រាជធានីភ្នំពេញ បានធ្វើការណែនាំដល់ប្រតិបត្តិករ​បូមសំណល់ភក់បង្គន់ពីអាងស្តុកលាមក មន្ទីរជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ ទាំង ១០៥ នូវវិធានការមួយចំនួន រួមមាន៖

ចំពោះប្រតិបត្តិករ ដែល​ផ្តល់សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន​ និងបញ្ចេញចោលសំណល់ភក់​បង្គន់ពីអាងស្តុកលាមក នៅរាជធានីភ្នំពេញ ត្រូវបំពេញលក្ខខណ្ឌ ៣ចំណុច គឺទី១-ស្នើសុំអាជ្ញាបណ្ណផ្តល់​សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល​សំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ទី២-អាជ្ញាធរបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ​ដល់ប្រតិបត្តិករដោយមិនគិតថ្លៃ​។ ទី៣-ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល​សំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែល​មានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។​

ចំពោះ​មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់​ទាំង ១០៥ ក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ណែនាំនូវវិធានការ ៤ចំណុច រួមមាន៖ ធ្វើការផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករបូមសណល់ភក់បង្គន់ទាំងអស់ ឱ្យ​មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ​ផ្តល់​សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសណល់ភក់បង្គន់ពីអាងស្តុក​លាមកឱ្យបានត្រឹមត្រូវ​។ ទី២-សម្របសម្រួល​ដល់កិច្ចដំណើរការផ្តល់​សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន​ និងបញ្ចេញចោលសំណល់ភក់បង្គន់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យ​ដំណើរការទៅរលូន និងល្អប្រសើរ។ ទី៣-សម្របសម្រួលដល់ប្រតិបត្តិករផ្តល់សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញទាំងអស់ ត្រូវចូលចាក់សំណល់ភក់​បង្គន់នៅទីតាំង ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ខាងលើ។ ទី៤-ចូលរួមសហការពង្រឹងការអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋា​នគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រង​សំណល់ភក់បង្គន់​ នៅរាជធានីភ្នំពេញ​។

សេចក្តីណែនាំដដែល រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្នុងករណី​ប្រតិបត្តិករបូម​សំណល់​ភក់បង្គន់ណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ