រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកដំណើរតាមផ្លូវប្រទះឃើញស្លាប់ផ្កាប់មុខទាំងពាក់មួកសុវត្ថិភាព កប់ក្រោមកំប្លោកនៅក្នុងប្រឡាយទឹកមួយកន្លែង ដោយមានសភាពហើមស្អុយទៅហើយ និងពុំទាន់ដឹងថា គាត់ស្លាប់ដោយសារតែអំពើឃាតកម្ម ឬជាករណីអ្វីនៅឡើយទេ ។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងប្រឡាយទឹកតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សពបុរសខាងលើ ពាក់អាវយឺតពណ៌ខៀវដៃខ្លី ស្លៀកខោខូវប៊យជើងវែង ពាក់ស្បែកជើងផ្ទាត់ ព្រមទាំងពាក់មួកសុវត្ថិភាពពណ៌ផ្កាឈូក និងពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយនៅក្បែរសពមានស្បែកជើងមនុស្សស្រី១គូរ រីឯនៅមាត់ប្រឡាយមានកញ្ចក់ម៉ូតូ១ផងដែរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានអ្នកដំណើរ១ក្រុមជិះរថយន្ត១គ្រឿងធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ទៅឈប់បត់ជើងតូចនៅត្រង់ចំណុចកើតហេតុនោះ ហើយបានប្រទះឃើញសាកសពបុរសខាងលើ ក៏បានស្រែកហៅអ្នកលក់ប្រេងនៅជិតនោះឲ្យជួយទៅមើល។
បន្ទាប់មក អ្នកលក់ប្រេងក៏បានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យទៅពិនិត្យភ្លាមៗផងដែរ ហើយក្រោយពេលទទួលបានដំណឹងនោះ នគរបាលបានចុះទៅចងខ្សែហ៊ុមព័ទ្ធកន្លែងកើតហេតុរួចរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យ៕.
បើតាមប្រភពចុងក្រោយពីអ្នកស្គាល់បញ្ជាក់ថា បុរសខាងលើឈ្មោះ រិន ណៃរ៉ុន អាយុជាង២០ឆ្នាំ សិស្សនៅសាលាពហុបច្ចេកទេសកម្ពុជា ហៅសាលាកូរ៉េ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ មួយគ្រឿង ហើយជំហ៊ានដំបូងសង្ស័យជិះម៉ូតូធ្លាក់ទឹក ។
ចែករំលែកព័តមាននេះ