ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ចោ.រលួ.ច​ម៉ូតូ​រក​ឃើញ​ទីតាំង​​បញ្ចាំ​ម៉ូតូ​ ប្រមូល​បាន​​៤៨​គ្រឿង និង​កំពុង​សួរ​រក​ម្ចាស់

6 ខែ មុន
  • ព្រះសីហនុ

ម៉ូតូ​ចំនួន​៤៨​គ្រឿង និង​ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន២​​នាក់​ផង បាន​ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ធ្វើ​ការ​បង្ហាញ​មុខជា​សាធារណៈ​នៅ​ចំពោះ​មុខ​

ខេត្ត​ព្រះ​សីហ​នុ ៖ ម៉ូតូ​ចំនួន​៤៨​គ្រឿង និង​ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន២​​នាក់​ផង បាន​ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ធ្វើ​ការ​បង្ហាញ​មុខជា​សាធារណៈ​នៅ​ចំពោះ​មុខ​ឯក​ឧត្តម​​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ទៅ​ពិនិត្យ​វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន ឯកឧត្តម គួ​ច
ចំរើន អភិបាលខេត្ត បាន​ថ្លែង​កោតសរសើរ​កម្លាំង​សមត្ថកិច្ច ដែល​បាន​ខិតខំ​ការពារ រក្សាសុខ​​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ ដោយ​ស្រាវជ្រាវ និងបង្ក្រាប​បទល្មើស​បាន​ទាន់​ពេលវេលា ។ ឯកឧត្តម​ក៏​​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មេត្តា​រក្សាទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន ដោយ​ចាក់សោ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ក្រុម​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ចោ.រកម្ម​ផ្សេង​ៗ ។

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ដែល​បាត់​ម៉ូតូ​នា​ពេល​កន្លង​មក សូម​មក​ទាក់ទង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​សី​ហ​នុ ដើម្បី​ពិនិត្យ​រក​មើល​ម៉ូតូ​ដែល​ខ្លួន​បាត់​ថា តើ​មាន​​ម៉ូតូ​របស់​បងប្អូន​ដែរ​ឬទេ? បើ​មាន សូមយក​ឯកសារ​ពាក់ព័ន្ធ​មក​ប្រគល់​ជូន​កម្លាំង​សមត្ថ
កិច្ច ដើម្បី​ពិនិត្យ​និង​ប្រគល់​ជូន ។

លោក​វរសេនីយ៍ឯក តី វិសាល អធិការ​នគរ​បាល​ក្រុងព្រះសីហនុ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​៣​ទៀប​ភ្លឺ មាន​ករណី​លួ.ច​ម៉ូតូ​កើតឡើង​នៅ​បន្ទប់​ជួល ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ។ ជនសង្ស័យ​ចំនួន​៣​នាក់ បាន​ចូល​ក្នុង​បរិវេណ​បន្ទប់​ជួល រួច​លួច​យកម៉ូតូ​ចំនួន​៣​គ្រឿង ហើយ​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់ ។

ម្ចាស់​ម៉ូតូ​ទាំង​៣​គ្រឿង​នោះ មាន ៖ ១-​ឈ្មោះ ភត់ ផុ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​សន្ដិសុខ​ឯកជន ស្នាក់​នៅ​កន្លែង​កើតហេតុ បាត់ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយហ៊្សុយ​គី​ណិ​ច ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ កាំ​បន្ទះ​ខ្មៅ ។ ២-​ឈ្មោះ អុង សា​រុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​កន្លែង​កើត​ហេតុ បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​ហ៊្សុយ​គី​ណិ​ច ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ កណ្ដាល ១AH-៦៤៤៧ ។ ៣-​ឈ្មោះ សុខ ប៊ុ​ណ្ណា​រ៉ាត់ ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​កន្លែង​កើតហេតុ បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ឡើង​តែមប្រិ៍​ឆ្នាំ​២០១៩ កាំ​បន្ទះ​ពណ៌​ស ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ១C-៨២៥៨ ។

ក្រោយ​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​រួច ដោយមានការ​ចង្អុល​ដឹកនាំ​ពី​លោកស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់ ហើយ​រហូត​ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ៖ ១-​ឈ្មោះ រ៉ូ វាសនា ហៅ ទី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជា​ជន​ដៃដល់​ក្នុង​អំពើ​លួ.ច ។ ២-​ឈ្មោះ ប៉ែន សំណាង ហៅ វី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ជា​ជន​ដៃដល់​ក្នុង​អំពើ​លួ.ច ។ ៣-​ឈ្មោះ កែវ សុ​ភី ហៅ ញ៉ា​ញ់​ធំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជា​មេខ្លោង ។ ៤-​ឈ្មោះ ចាំង ហៃ ហៅ យួន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​និង​កន្លែង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ជា​អ្នកសមគំនិត​) ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាពថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួ.ច​ម៉ូតូ​នៅ​ចំណុច​ខាងលើ​ប្រាកដ​មែន ។ យោង​តាម​ចម្លើយសារភាព​របស់​ជនសង្ស័យ អធិការដ្ឋាន​នគរបាល
ក្រុងព្រះសីហនុ បន្ត​ស្រាវជ្រាវ​ទីតាំង​ទទួល​បញ្ចាំម៉ូតូ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហ​នុ និង​បាន​រក​ឃើញ​ម៉ូតូ​ចំនួន​៤៨​គ្រឿង ក្នុងនោះ​៩​គ្រឿង​ពាក់ព័ន្ធ​នឹង​អំពើ​លួ.ច ហើយ​ក៏​បានឃាត់​ខ្លួន​ជនសង្ស័យ​ជា​បុរស​ជនជាតិ​ចិន​ចំនួន​២​នាក់​ទៀត នៅ​ទីតាំង​បញ្ចាំ​នោះ​នាំ​យក​មក​សាកសួរ ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​២​នាក់​នេះ ជា​អាជីវករ និង​ស្នាក់​នៅ​កន្លែង​ទទួល​បញ្ចាំ ហើយ​ជាប់​សង្ស័យ​​ក្នុង​អំពើ​ទទួលផល​ចោ.រក.ម្ម ដែល​ម្នាក់​ឈ្មោះ Ye Yu Ming អាយុ​៤៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​Zhao Jian Lin អាយុ​៥៤​ឆ្នាំ ។ ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន ម៉ូតូ​ចំនួន​៩​គ្រឿង ដែល​ជា​ផល​នៃ​អំពើ​លួ.ច និង​ម៉ូតូ​ចំនួន​៣៩​គ្រឿង ដកហូត​ពី​កន្លែង​ទទួល​បញ្ចាំ ។ ម៉ូតូទាំងអស់ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ​បន្ត​តាម​នីតិវិធី និង​ស្វែងរក​ម្ចាស់ ។ ចំណែក​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​នគរបាល​ក្រុង​ព្រះ​សីហ​នុ កសាង​សំណុំរឿង​រួម​ជាមួយ​វត្ថុ​តាង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ