ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះកាត់​ទារ​កដៃ​បួន ​និង​ជើង​បួន ​ដោយ​ជោគជ័យ

5 ខែ មុន
  • ភ្នំពេញ

ការ​ស្ញប់ស្ញែង​ និង​កោត​សរសើរ​​បាន​ផ្ទុះ​ឡើងជា​ខ្លាំង ចំពោះ​សមត្ថភាព​ក្រុម​គ្រូពេទ្យ​​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បន្ទាប់​ពី​រួម​គ្នា​ធ្វើការ​វះកាត់​ទារក​ដែល​កើតមក​មាន​អវៈយវៈ​មិន​ប្រក្រតី រហូត​ទទួល​បាន​ជោគជ័យ

រាជធានី​ភ្នំពេញ ៖ ការ​ស្ញប់ស្ញែង​ និង​កោត​សរសើរ​​បាន​ផ្ទុះ​ឡើងជា​ខ្លាំង ចំពោះ​សមត្ថភាព​ក្រុម​គ្រូពេទ្យ​​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បន្ទាប់​ពី​រួម​គ្នា​ធ្វើការ​វះកាត់​ទារក​ដែល​កើតមក​មាន​អវៈយវៈ​មិន​ប្រក្រតី រហូត​ទទួល​បាន​ជោគជ័យ ។

យោង​តាម​ព័ត៌មាន​ពី​មន្ទីរពេទ្យ​បានឱ្យ​ដឹងថា ទារក​អាយុ​២​ថ្ងៃ​មក​ពី​ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង បាន​កើតមក​មាន​ដៃ​៤​ជើង​៤ និង​មាន​រន្ធ​គូទ​ត្បៀត​ជិត​(Anal imperforation) ។

ទារក​នេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះ​ទារក​(NICU) ហើយ​ត្រូវ​បាន​វះកាត់​ដោយ​គ្រូពេទ្យ​​ឯកទេស​វះកាត់​នៃ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័ន​ទី​៧(​គន្ធ​បុប្ផា​ទី​៣​សៀមរាប​) ដែល​ដឹក​នាំ​ការ​វះកាត់​ដោយ​លោក​សាស្ត្រាចារ្យ កែវ សុខា លោក​វេជ្ជបណ្ឌិត​ឯកទេស ប៉ុន ឡា​ឌី​ន និង​លោក​វេជ្ជបណ្ឌិត​ឯក​ទេស អៀន សា​រិ​ន ។

មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា ទារក​រូប​នេះ​បាន​ឆ្លងកាត់​ការ​វះកាត់​៤​លើក​ដោយ​ជោគជ័យ ។ ការវះកាត់​​លើក​ទី​១ គឺ​ការ​វះកាត់​យកដៃ​១​គូ​ចេញ ។ ការ​វះកាត់​លើក​ទី​២ គឺ​ការ​វះកាត់​ដោយ​ចោះ​ពោះវៀន​ធំ ដើម្បី​ឱ្យ​ទារក​បន្ទោបង់​លាមក​តាម​ចង្កេះ​(colostomy)​ជា​បណ្តោះអាសន្ន ។ ការ​វះកាត់​លើក​ទី​៣ គឺ​ការ​វះកាត់​យក​អវៈយវៈ​ក្រោម​១​គូ​(​ជើង​)​ចេញ ។ ការ​វះកាត់​លើក​ទី​៤ គឺ​ការ​វះកាត់​យក​ឆ្អឹង pubis ដែល​ខូច​ទម្រង់​ពី​កំណើត​ចេញ ។

ក្រោយ​ការ​ព្យាបាល បន្ទាប់​ពី​វះកាត់​ទាំង​៤​លើក ទារក​មាន​សុខភាព​ល្អ មានការ​លូតលាស់​និង​ធំធាត់​ប្រក្រតី ដោយ​មានការ​ជួយ​សង្គ្រោះ​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សង្គ្រោះ​ទារក​(NICU) ។

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ទារក​រូប​នេះ​បាន​ចេញ​ទៅ​ផ្ទះ​ជាមួយនឹង​ស្នាមញញឹម​របស់​ឪពុក​ម្តាយ ដោយ​មានការ​ណាត់ជួប​គ្រូពេទ្យវះកាត់​នៅ​៣​ខែ​ក្រោយ ដើម្បី​បិទ​ពោះវៀន​វិញ និង​កែ​លម្អ​រន្ធ​គូទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ