ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

មានការ​សង្កេត​ឃើញ​ថា បុណ្យ​កឋិនទាន​នៅ​ឆ្នាំ​នេះ មិនសូវ​មាន​ភាព​អធិប​អធម​នោះ​ទេ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពលរដ្ឋ​ជា​ទូទៅ​បាន​ជួប​ការ​លំបាក​

មានការ​សង្កេត​ឃើញ​ថា បុណ្យ​កឋិនទាន​នៅ​ឆ្នាំ​នេះ មិនសូវ​មាន​ភាព​អធិប​អធម​នោះ​ទេ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពលរដ្ឋ​ជា​ទូទៅ​បាន​ជួប​ការ​លំបាក​។

បុណ្យ​កឋិនទាន ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា ទទួល​បាន​ផល​បុណ្យ​ច្រើន​។ បុណ្យ​កឋិនទាន ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុណ្យ​មួយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។ ចំណាយ​ទាំង​ការ​រៀបចំ​កម្មវិធី​បុណ្យ ដូច​ជា​ពិធី​ទទួលភ្ញៀវ​ចូលរួម ដោយ​មាន​បាយ​ទឹក​ចំណីអាហារ និង​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ទិញ​ស្បង់​ជីវ ទេយ្យ​ទាន ដើម្បី​ប្រគេន​ព្រះសង្ឃ និង​ត្រូវ​មាន​បច្ច័យ​ភ្ជាប់​ជាមួយ​សម្រាប់​ទ្រទ្រង់​ដល់​ការ​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត ដែល​អ្នក​រៀបចំ​ពិធីបុណ្យ​ត្រូវ​ហែ​អង្គ​កឋិនទាន​ចូល​។

មានការ​លើក​ឡើង​ថា ដើម្បី​រៀបចំ​បុណ្យ​កឋិនទាន គេ​ត្រូវការ​ថវិកា​មិន​តិច​ជាង​១​ម៉ឺន​ដុល្លារ នោះ​ទេ​។ ការ​ចំណាយ​ខ្ពស់​បែប​នេះ ទើប​មាន​មជ្ឈដ្ឋាន​ខ្លះ​បាន​ហៅ​បុណ្យ​កឋិនទាន ជា​បុណ្យ សម្រាប់​អ្នកមាន​។ នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​ការ​រៀបចំ​បុណ្យ​នេះ ជា​លក្ខណៈ​បុគ្គល​ក៏​មានការ​ចំណាយ​ខ្ពស់ ទើប​ពលរដ្ឋ​បាន​រួម​រួម​គ្នា​ធ្វើបុណ្យ​កឋិនទាន​សាមគ្គី​។ រូបភាព​បុណ្យ​សាមគ្គី បាន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ និង​បាន​បើកឱកាស​ឱ្យ​ពលរដ្ឋ​សម្រេច​បាន​បំណងប្រាថ្នា​របស់​ក្នុង​ខ្លួន តាម​ជំនឿ និង​សទ្ធា​។ ពលរដ្ឋ​ជា​ច្រើន​មាន​ក្តី​ប្រាថ្នា​ថា ចង់​រៀបចំ​បុណ្យ​កឋិនទាន​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​។

តាម​ការ​សង្កេត​ជាក់ស្តែង​នៅ​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​រដូវ​ធ្វើបុណ្យ​ក​ឋិ​ក​ទាន​នេះ ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធា នាំ​គ្នា​រៀបចំ​ពិធីបុណ្យ​តាម​គេហដ្ឋាន​ខ្លួន​។ បើ​នៅ​ភ្នំពេញ នៅ​ក្នុង​រដូវ​បុណ្យ​ប្រចាំឆ្នាំ​នេះ​មក​ដល់ មាន​រោង​បុណ្យ​ជា​ច្រើន បាន​សង់​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ត​.​គ្នា ដែល​បង្ហាញ​ពី​ចំនួន​ពលរដ្ឋ​ធ្វើបុណ្យ​មាន​ច្រើន​។ ប៉ុន្តែ​ឆ្នាំ​នេះ មិនសូវ​ឃើញ​មាន​រោង​បុណ្យ​កឋិនទាន នោះ​ទេ​។

ពិធីបុណ្យ​កឋិនទាន ត្រូវ​ប្រារព្ធ​ធ្វើ​ក្នុង​រយៈពេល​២៩​ថ្ងៃ ខុស​ពី​ថ្ងៃ​កំណត់​នេះ គេ​មិន​បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​នេះ​បាន​ឡើយ​។ នៅ​ឆ្នាំ​នេះ កឋិនទាន នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​១​រោច ខែអស្សុជ រហូត​ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ រហូត​មក​ដល់​ពេល​នេះ នៅ​សល់​រយៈពេល​ប្រមាណ​២០​ថ្ងៃ​ទៀត ដូច្នេះ​អាច​ថា​នៅ​ចុង​ពេល ទើប​ពលរដ្ឋ​នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​ច្រើន ក៏​អាច​ថា​បាន​។

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​ធម្មការ និង​សាសនា បាន​ចេញ​ប្រកាស​មួយ​ពី​បែបបទ នៃ​ការ​រៀបចំ​ចំ​បុណ្យ​កឋិនទាន ឱ្យ​ដំណើរការ និង​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ទំនៀមទម្លាប់ និង​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។ ក្រសួង​ធម្មការ បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី ខេត្ត នូវ​វិធានការ​មួយ​ចំនួន​​ដែល​គេ​ត្រូវ​រៀបចំ​នៅ​ក្នុង​រដូវ​កាល​ធ្វើបុណ្យ​ក​ឋិ​នា​ទាន​នេះ ដូច​ជា ៖ គ្រប់​វត្ត​អារាម ត្រូវ​រៀបចំ​សម្អាត​ទីតាំង​វត្ត​អារាម ផ្លូវថ្នល់ បូជនីយដ្ឋាន ដោយ​តុបតែង​លម្អ បំភ្លឺ​ភ្លើងពណ៌ លើក​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក ពាក្យ​អប់រំ និង​ពុទ្ធភាសិត​នានា ឱ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​ហាម​ដើរ​រ៉ៃ​អង្គាស​នៅ​តាម​ផ្លូវ​សាធារណៈ និង​ទីប្រជុំជន​ជាដើម ដែល​ធ្វើ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សង្គម និង​កិត្តិយស​ព្រះពុទ្ធ​សាសនា ផង​ដែរ​។

ពលរដ្ឋ​ជា​ច្រើន​បាន​កំពុង​ត្អូញត្អែរ​ពី​បញ្ហា​សេដ្ឋកិច្ច ដូច​ជា​ការ​រក​ទទួលទាន​មិនសូវ​បាន ហើយ ទំនិញ​​លើ​ទីផ្សារ​ឡើងថ្លៃ​។ នៅ​ពេល​សេដ្ឋកិច្ច​មានការ​លំបាក ពលរដ្ឋ​ជា​ច្រើន​បាន​កាត់​បន្ថយ​ការ​ចំណាយ​នានា ដូច្នេះ​វិបត្តិ​សេដ្ឋកិច្ច អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើបុណ្យ​ទាន ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ