ប្រឡងបាក់ឌុបបានចប់ហើយ។ អ្នកដែលសង្ឃឹមថាខ្លួននឹងជាប់ ត្រូវចាប់ផ្តើមគិត និងពិភាក្សាជាមួយឪពុកម្តាយ ឬអាណាព្យបាល ឬមួយក៏ចាស់ទុំដែលមានពិសោធន៍អំពីការរៀនថ្នាក់មហាវិទ្យាល័យ ដោយពិនិត្យមើលអ្វីដែលខ្លួនចូលចិត្ត អ្វីដែលខ្លួនខ្លាំង និងអ្វីដែលមានទីផ្សារការងារច្រើនជាដើម។
អ្វីដែលប្អូនត្រូវប្រយ័ត្ន មិនត្រូវជ្រើសរើសមុខវិជ្ជារៀនថ្នាក់មហាវិទ្យាល័យតាមមិត្តភក្តិនោះទេ។ ប្អូនត្រូវជ្រើសរើសមុខវិជ្ជាដែលប្អូនខ្លាំង ប្អូនចូលចិត្ត និងមានទីផ្សារការងារច្រើន។ ពោលគឺដើរតាមបេះដូងរបស់ប្អូន ហើយកុំដើរតាមបេះដូងរបស់មិត្តភក្តិ។ ពេលប្អូនរៀនអ្វីដែលប្អូនចូលចិត្តនោះ វានឹងធ្វើអោយប្អូនយកចិត្តទុកដាក់រៀនសូត្រ។

ការប្រឡងជាធម្មតាមានអ្នកចេះ និងអ្នកមិនចេះ ហើយក៏នឹងមានអ្នកជាប់ និងអ្នកធ្លាក់ គឺជារឿងធម្មតា ។ ដូច្នេះសម្រាប់ប្អូនៗសិស្សានុសិស្ស និងបេក្ខជន/បេក្ខនារីស្វ័យរិន ដែលចេះចាំអ៊ុតចុះ ប៉ុន្តែអ្នកមិនចេះកុំតូចចិត្ត រីឯអាណាព្យាបាល ឪពុកម្តាយ សូមកុំស្តីបន្ទោសកូនៗ ។
ក្រោយការប្រឡងបានបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងនេះ មានបេក្ខជន/បេក្ខនារីចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ ក្នុងនោះស្រី៧៣.២៧៨នាក់ ចែកជា២២៧មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣បន្ទប់។

ការប្រឡងនេះ ដំណើរការទៅមុខដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការ នានា នៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥នាក់ ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកសង្កេតការណ៍ របស់អង្គភាពប្រឆាំងអំពើពុ.ករលួយបានចូលរួមសរុប ៣.០៤០នាក់ ។
ប្រភពដដែលបានបន្តថា នៅក្នុងពេលប្រឡងបេក្ខជនអវត្តមានសរុបដល់ទៅ ២.៣២៨នាក់ ក្នុងនោះស្រី៩៣៤នាក់ ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប ក្នុងនោះបេក្ខជនស្វៃរិន អវត្តមានចំនួន ១.៨១៤នាក់។ បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន៥ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតា បន្ទាប់ពីអាការៈបានធូរស្រាល និងក្រោម ការយកចិត្តទុក ដាក់មើលថែពីក្រុមគ្រូពេទ្យ ។

ក្រសួងបានបន្តថា តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
តាមការប្រកាសរបស់ក្រសួង លទ្ធផលនៃការប្រឡងនៅសល់ជិត២០ថ្ងៃទៀតបានចេញ ដូច្នេះតើនៅក្នុងអំឡុងពេលរង់ចាំលទ្ធផល ប្អូនៗគួរធ្វើអ្វីខ្លះ?

សម្រាប់ប្អូនៗដែលមានសង្ឃឹមដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខរីករាយ និងភាពជឿជាក់ ក៏ដូចជាប្រាកដនៅក្នុងចិត្តថា ខ្លួននឹងជាប់នោះ អាចបន្តសេចក្តីសង្ឃឹម ហើយនៅក្នុងអំឡុងពេលនេះ គួរតែរិះគិតថា ខ្លួនចង់រៀនអីបន្តទៀត ដោយផ្អែកនៅលើចំណង់ចំណូលចិត្ត លទ្ធភាពគ្រួសារ និងភាពប៉ិនប្រសព្វ ក៏ដូចជាទេពកោសល្យ ឬក៏ចង់ធ្វើអ្វីសម្រាប់អនាគតរបស់ខ្លួន ពីព្រោះចាប់ពីពេលនេះតទៅ ប្អូនៗអាចចាត់ទុកថា ជាមនុស្សពេញវ័យ ដែលមានការអប់រំ មានការសិក្សាសព្វគ្រប់ហើយ នៅតែជំនាញនៅថ្នាក់មហាវិទ្យាល័យ ដែលប្អូនគួររៀន ដើម្បីស្វែងរកការងារ ឬតម្រែតម្រង់ឈានឆ្ពោះទៅវិថីជីវិ.តទៅមុខធ្វើប៉ុណ្ណោះ។

ដោយឡែកប្អូនៗដែលចាក់ខ្សែ ពោលគឺចេះខ្លះ មិនចេះខ្លះ សូមព្យាយាមរក្សាទឹកចិត្តអោយស្ងប់ សម្រាកអោយបានស្រួល ដើម្បីកុំអោយប៉ះពាល់ដល់សុខភាព ។ អារម្មណ៍នេះ នរណាក៏ធ្លាប់ឆ្លងកាត់ដែលនៅពេលប្រឡងម្តងៗ ។ ទោះវាពិបាកទ្រាំ ពិបាកនឹងថ្លែង ប៉ុន្តែសូមកាត់ចិត្តហើយគិតថា ធ្លាក់ឬជាប់ គឺជារឿងធម្មតានៃការប្រឡង ។ ទំនេរៗ ប្អូនៗក៏គួរតែរិះគិតផងដែរថា បើជាប់ប្អូននឹងធ្វើអ្វី ហើយបើធ្លាក់គួរតែធ្វើអ្វី។

ចុះប្អូនៗដែលគ្មានសង្ឃឹមថាជាប់ ដោយរួមទាំងអ្នកដែលបានបោះបង់ការប្រឡងដល់ទៅ ២.៣២៨នាក់ ប្អូនៗកុំតូចចិត្ត កុំតូចថ្លើម ប្រឡងចប់ហើយ។ យើងក៏ដឹងសមត្ថភាពខ្លួនឯង ហើយ ដូច្នេះមានតែចូលរួមអបអរជាមួយនឹងមិត្តភក្តិដែលនឹងជាប់ ហើយតាំងចិត្តខំប្រឹងប្រែងរៀនសូត្របន្ត ឬក៏ប្អូនៗអាចសុំសិទ្ធិចូលរៀនជំនាញបច្ចេកទេសផ្សេងៗ ពីព្រោះនៅកម្ពុជា យើងនៅមានសាលាជំនាញច្រើន ហើយទីផ្សារការងារក៏ទូលំទូលាយដែរ។ តែបើចង់បន្តប្រឡងឆ្នាំក្រោយអាចសាកល្បងទៀត នៅក្នុងនាមជាបេក្ខជនស្វៃរិនក៏បាន ។

ប្អូនៗបរាជ័យនៅក្នុងការប្រឡងពីរថ្ងៃនេះ មិនមែនមានន័យថា ជីវិ.ត និងអនាគតប្អូនៗបរាជ័យមួយជីវិតរហូតនោះទេ ។ វាសនាមនុស្សមានលិចមានអណ្តែត ថ្ងៃនេះយើងបរាជ័យ តែថ្ងៃស្អែកបើយើងខំ ជោគជ័យនឹងនៅខាងមុខ សំខាន់កុំអស់សង្ឃឹម កុំបោះបង់សេចក្តីព្យាយាម កុំបា.ក់ទឹកចិត្ត កុំដាក់សម្ពាធដល់ខ្លួនយើង ។ ពោលគឺត្រូវសប្បាយចិត្តនៅក្នុងការទទួល លទ្ធផល ហើយត្រូវខំធ្វើយ៉ាងម៉េចរៀបចំ និងពង្រឹងខ្លួនឡើងវិញ ។ អនាគតមនុស្សយើងម្នាក់ៗនៅវែងឆ្ងាយ ប្អូនៗទើបតែមានអាយុក្រោម២០ឆ្នាំ ខណៈដែលប្អូនៗអាចមានអាយុរហូតដល់លើសពី៧០ឆ្នាំ ។ ដូច្នេះមានរឿងអីអោយការបរាជ័យម្តងពីរ ឲ្យយើងមានបញ្ហាបាន ។

សម្រាប់អាណាព្យាបាល ក៏ដូចជាឪពុកម្តាយរបស់អ្នកដែលមានសង្ឃឹម សូមចូលរួមជាគំនិតខ្លះៗជាមួយនឹងបុត្រធីតារបស់ខ្លួន ដើម្បីរៀបចំមាគ៌ាជីវិ.តពួកគេបន្តចុះ ប៉ុន្តែសម្រាប់អ្នកដែលមានកូនភ័យអរ និងគ្មានសង្ឃឹម គឺសូមតាមដាន និងព្យាយាមលើកទឹកចិត្តកូនៗរបស់ខ្លួន។ នៅក្នុងដំណាក់កាលនេះ សូមកុំស្តីបន្ទោស ការស្តីបន្ទោសគ្មានបានការ គ្មានបានប្រយោជន៍ អ្វីទាំងអស់មានតែដាក់សំពាធលើសម្ពាធផ្លូវចិត្តដល់ពួកគេទៅវិញទេ ។ ការនិយាយលួងលោម យកចិត្តទុកដាក់ តាមដាន និងព្យាយាមតម្រែតម្រង់ផ្លូវ គឺជារឿងចាំបាច់បំផុត ។
ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ