ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

កន្លង​មក កិច្ចការ​ដុះខាត់​ស្បែក និង​លាបប្រេង​ម្សៅ​ដើរ​ទាក់​ម៉ូយ​អ្នក​វិនិយោគទុន​បរទេស គឺជា​កិច្ចការ​របស់​ថ្នាក់​ជាតិ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​យ៉ាង​ច្បាស់​ៗ​ថា

កន្លង​មក កិច្ចការ​ដុះខាត់​ស្បែក និង​លាបប្រេង​ម្សៅ​ដើរ​ទាក់​ម៉ូយ​អ្នក​វិនិយោគទុន​បរទេស គឺជា​កិច្ចការ​របស់​ថ្នាក់​ជាតិ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ាណែ​ត បាន​និយាយ​យ៉ាង​ច្បាស់​ៗ​ថា «​ថ្នាក់​ជាតិ នឹង​ធ្វើ​ប្រតិភូកម្ម​នៃ​កិច្ចការ​នេះ​ទៅ​អោយ​ថ្នាក់​ខេត្ត ដើម្បី​ជួយ​រាជរដ្ឋាភិបាល​»​។

នៅ​ក្នុង​ពេល​ចូលរួម​សម្ភោ​ធ​អគារ​រដ្ឋបាល​ថ្មី​របស់​ក្រសួងមហាផ្ទៃ សម្តេច​ធិ​បតី បាន​ថ្លែង​ថា «​មក​ដល់​ពេល​នេះ រាជធានី និង​ខេត្ត​មួយ​ចំនួន បាន​កំពុង​តែ​ធ្វើ​កិច្ចការ​ទាក់ទាញ​ទេសចរណ៍ និង​វិនិ​យោគ​បាន​ខ្លះ​ៗ​ហើយ​។ ហើយ​ទៅ​ថ្ងៃ​អនាគត​រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​បន្ថែម ទៀត​នៅ​ក្នុង​ការ​ផ្តល់​សិទ្ធិ​ដល់​រាជធានី និង​ខេត្ត នៅ​ក្នុង​ការ​សម្រេច​សិទ្ធិ​វិនិយោគ ដូច្នេះ​រដ្ឋបាល​ខេត្ត និង​រាជ​ធានី ត្រូវ​តែ​ពិនិត្យ និង​រៀបចំ​ខ្លួន​អោយ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​ទទួលភារៈ​នៅ​ក្នុង​កិច្ចការ​នេះ​»​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បន្ថែម​ថា «​ឥឡូវនេះ រាជធានី និង​ខេត្ត​មួយ​ចំនួន បាន​សកម្ម ដោយ​បាន​ចាប់​ដៃគូ​រទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​ផ្សេង​ៗ​។ ដូច្នេះ ខេត្ត​នីមួយ​ៗ​ត្រូវ​ខិតខំ​បន្ត​ប្រកួតប្រជែង​នៅ​ក្នុង​កិច្ចការ​មួយ​នេះ ធ្វើ​យ៉ាងណា​ឲ្យ​បរិស្ថាន​នៅ​ខាងក្នុង​មាន​លក្ខណៈ​អំណោយផល ហើយ​ទៅ​មុខ​ទៀត​រាជរដ្ឋាភិបាល​នឹង​បន្ត​ពិនិត្យ​លទ្ធភាព នៅ​ក្នុង​ការ​បង្កើន​សិទ្ធិ និង​លទ្ធភាព របស់​រាជធានី​ខេត្ត នៅ​ក្នុង​ការ​ទាក់ទាញ និង​ការ​សម្រេច​ទៅ​លើ​កិច្ចការ​វិនិយោគ​»​។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា «​ឥឡូវ​ដូច​ជា​យើង​ផ្តល់​សិទ្ធិ​នៅ​ក្នុង​ការ​អនុញ្ញាតិ​សិទ្ធិ​សម្រេច​ទៅ ថ្នាក់​ខេត្ត និង​រាជធានី ចំពោះ​គម្រោង​ណា​ដែល​មាន​តម្លៃ​ចាប់ពី ៥​លាន​ដុល្លារ​ចុះ​។ ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​វា​.​យ​តម្លៃ​មើល​កន្លែង​ណា​ដែល​ពាក់ព័ន្ធ ប៉ុន្តែ​ខេត្ត​ត្រូវ​តែ​បញ្ជា និង​រៀបចំផ្ទះ​ខ្លួនឯង​អោយ​ស្អាត ។ យក​សិទ្ធិ​ទៅ គឺ​ទាល់តែ​មាន​សមត្ថភាព​បង្ហាញ​ថា ខេត្ត​មាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​អនុវត្ត​បាន​នូវ​សិទ្ធិ​នេះ​»​។

សម្តេច​ធិ​បតី បាន​ជំរុញ​អោយ​ខេត្ត និង​រាជធានី ខិតខំ​រៀបចំ​ពង្រឹង​ផ្ទៃក្នុង និង​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន​អោយ​ស្អាត ដើម្បី​ថ្នាក់​ជាតិ​ផ្ទេរសិទ្ធិ​ជូន ។

ផ្អែក​តាម​អនុសាសន៍​នេះ រដ្ឋបាល​ខេត្ត និង​រាជធានី ដែល​មាន​សរុប​ទាំងអស់​២៥ គឺ​ត្រូវ​តែ​យកចិត្តទុកដាក់ និង​រៀបចំ​ខ្លួន​អោយ​បាន​ត្រឹមត្រូវ ដោយ​ផ្អែក​នៅ​លើ​ច្បាប់ និង​នីតិវិធី​រដ្ឋបាល ក៏​ដូច​ជា​ការ​គ្រប់គ្រង​ឲ្យ​បាន​ប្រសើរ ដើម្បី​ដឹកនាំ​កិច្ចការ​នេះ​អោយ​មាន​ភាព​ជោគជ័យ ។

មក​ដល់​ពេល​នេះ តាម​ឯកសារ ក៏​ដូច​ជា​ការ​តាមដាន​យើង​ឃើញ​ថា ខេត្ត​ដែល​មាន​ភាព​ទាក់ទាញ​វិនិយោគ​បរទេស​ច្រើន​មាន​ដូច​ជា ៖ នៅ​ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ ជាដើម ។

តាម​ការ​ប្រកាស​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខេត្តកំពង់ស្ពឺ គឺ​បាន​ទាក់ទាញ​តាំងពី​រោងចក្រ​តម្លើងរថយន្ត ឧស្សាហកម្ម​កាត់ដេរ កសិកម្ម ទេសចរណ៍ ជា​ច្រើន​គម្រោង ខណៈ​ដែល​ខេត្តស្វាយរៀង​ឯណោះ​វិញ គឺ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស រហូត​ដល់​ទៅ​៩​កន្លែង បាន​ទាក់ទាញ​គម្រោង​វិនិយោគ​មក​បណ្តាក់ទុន​ចំនួន​២១៥​គម្រោង ក្នុង​នោះ​កំពុង​ដំណើរការ មាន​ចំនួន​១៣២​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន ១.៨៨៦​លាន​ដុល្លារ និង​បាន​បង្កើត​ការងារ​ចំនួន ៧៥.០៨៦​កន្លែង ។ នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​មិនធម្មតា​ដែរ ដោយ​ទីនោះ គឺ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ធំ​ៗ ដោយ​មាន​ទាំង​រោងចក្រ​ដែល​កំពុង​តែ​ផលិត​សំបក​កង់ ឧស្សាហកម្ម​កាត់ដេរ គ្រឿង​សង្ហា​រឹម និង​ឧស្សាហកម្ម​ជា​ច្រើន​ទៀត ។

ដោយឡែក​ខេត្ត​ផ្សេង​ៗ​ទៀត ក៏​បាន​សកម្ម​ដែរ​ហើយ ប៉ុន្តែ​ខេត្ត​ខ្លះ​ក៏​មិន​មាន​គម្រោង​វិនិយោគ​ធំដុំ​ឡើយ ។ ដូច្នេះ​ទាមទារ​ភាព​សកម្ម និង​អនុវត្ត​ខំប្រឹង​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​គម្រោង​វិនិយោគ​នឹង​គេ ខណៈ​ដែល​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២៣​នេះ គេ​ដឹង​ថា កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិ​យោគ​សរុប ៣,៧៦ ពាន់​លាន​ដុល្លារ កើនឡើង ៨,៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២២​។ គម្រោង​វិនិយោគទុន​ទាំងនេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​មក​ពី​ចិន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​វៀតណាម ។

ដូចដែល​ថ្នាក់ដឹកនាំ​បាន​លើក​ឡើង បរទេស​មិនមែន​គ្រាន់តែ​និយាយ​គេ​មក​នោះ​ទេ គឺ​ទាល់តែ​យើង​ចេះ​ទាក់​ម៉ូយ ចេះ​រាក់ទាក់ ចេញ​ពន្យល់ ចេះ​អូស​ទាញ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​សំអាត​ខ្លួនប្រាណ និង​រៀបចំ​តុបតែង​ផ្ទះ និង​មុខមាត់ ជា​ពិសេស​ឥរិយា​បទ​របស់​មន្ត្រី​របស់​យើង​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ សំដៅ​ធ្វើ​យ៉ាងណា អោយ​អ្វី​ដែល​ជា​សក្តានុពល​នៅ​ក្នុង​ខេត្ត​លេចធ្លោ​ឡើង ហើយ​គេ​ដឹង​ថា តែ​ពេល​ដែល​គេ​ដាក់​លុយ​មក​ចូល​មូលដ្ឋាន​របស់​យើង គេ​អាច​នឹង​មានឱកាស​បង្កើត​ប្រាក់​ចំណេញ មិនមែន​ឃើញ​លុយ​គេ យើង​គិតតែ​ស្រក់ទឹកមាត់ ចង់​ត្របាក់​ផ្តេសផ្តាស​នោះ​ឡើយ ។

ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ