ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ដំណើរការ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៅ​ឆ្នាំ​២០២៣​នេះ​។ ផ្តើម​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ការ​ឡង​បាក់​ឌុ​ប​ឆ្នាំ នេះ មាន​បេក្ខជន​ចំនួន ១៣៧ ៤១២ នាក់ ក្នុង​នោះ​បេ​ក្ខ​នារី​ចំនួន ៧៣ ២៧៨​នាក់​។ ក្នុង​ចំណោម​បេក្ខជន​ទាំងអស់ មាន​

ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ដំណើរការ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៅ​ឆ្នាំ​២០២៣​នេះ​។ ផ្តើម​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ការ​ឡង​បាក់​ឌុ​ប​ឆ្នាំ នេះ មាន​បេក្ខជន​ចំនួន ១៣៧ ៤១២ នាក់ ក្នុង​នោះ​បេ​ក្ខ​នារី​ចំនួន ៧៣ ២៧៨​នាក់​។ ក្នុង​ចំណោម​បេក្ខជន​ទាំងអស់ មាន​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៤១ ៣៧៩​នាក់ ស្មើនឹង​ប្រមាណ​៣០,១​ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៦ ០៣៣​នាក់ ស្មើនឹង​ប្រមាណ ៦៩,៩​ភាគរយ​។

មណ្ឌល​ប្រឡង​ចំនួន​២២៧ ដែល​មាន ៥៥៤៣​បន្ទប់ បាន​បើកទ្វារ​តាំងពី​ព្រលឹម​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នេះ​មក​។ ដើម្បី​សុ​ក្រិ​ត្យ​ភាព និង​ដើម្បី​ធានា​ថា អ្នកចេះ​គឺ​ជាប់ មុន​អនុញ្ញាត​ឱ្យ​ចូល​មណ្ឌល​ប្រឡង បេក្ខជន​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​ឆែកឆេរ​យ៉ាង​តឹងតែង​មួយ ដែល​មាន​សមាសភាព​ត្រួតពិនិត្យ​ចម្រុះ​ស្ថាប័ន ដើម្បី​ឱ្យ​ប្រាកដ​ថា គ្រប់​បេក្ខជន​ចូល​ប្រឡង​គ្មាន​សំ​ណេ​រ ឬ​ប្រ៊ុយយ៉ុង​ទុក​មើល និង​មាន​ឧបករណ៍​សម្ភារៈ​គិតគូរ​លេខ ជួយ​សម្រួល​ដល់​ការ​ប្រឡង​នោះ​ឡើយ​។ បេក្ខជន​មិន​អាច​យក​អ្វី​ក្រៅពី​ប៊ិ​ច បន្ទាត់ ចូល​ទៅ​ក្នុង​បន្ទប់​ប្រឡង​នោះ​ទេ​។

ក្រៅពី​លោកគ្រូ អ្នកគ្រូ ដែល​ជា​មេ​ប្រយោគ និង​អនុរក្ស នៅ​តាម​មណ្ឌល​ប្រឡង មាន​ក្រុម​ភា្ន​ក់​ងារ​សង្កេតការណ៍ និង​កងកម្លាំង​ការពារ​សន្តិសុខ ក្រុម​គ្រូពេទ្យ និង​អ្នក​ស្ម​គ្រ​ចិត្តជា​ច្រើន ទៀត ដូច​ជា​ភ្នាក់ងារ​អង្គភាព​ប្រឆាំង​អំពើ​ពុ​.​ករ​លួ​.​យ​ជាដើម​។ តាម​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ក្នុង​ដំណើរការ​ប្រឡង​នេះ មាន​ស្ថាប័ន​ចំនួន​៦ ចូលរួម ដែល​មាន​ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​ប្រឆាំង​អំពើ​ពុ​.​ករ​លួ​.​យ អគ្គិសនី កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ការ​ចូលរួម​ពី​ស្ថាប័ន​ទាំងនេះ គឺ​ក្នុង​គោលបំណង​រក្សា​ឱ្យ​បាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ តាម​មណ្ឌល​ប្រឡង និង​ធានា​សុខភាព​សម្រាប់​គណៈមេ​ប្រយោគ អ្នក​ពាក់ព័ន្ធ​នានា និង​បេក្ខជន​ប្រឡង​។

ការ​ប្រឡង​បាក់​ឌុ​ប​ជា​ការ​បញ្ចប់​កម្រិតសិក្សា ចំណេះដឹង​ទូទៅ និង​ឈាន​ទៅ​ចាប់​យក​ឱកាស​សិក្សា​ជំនាញ​ឯកទេស​នានា​នៅ​ថ្នាក់ឧត្តម​សិក្សា​។ បាក់​ឌុ​ប ជា​ស្ពាន​សម្រាប់​ឱ្យ​សិស្សានុសិស្ស​ឈាន​ទៅ​កាន់ការ​សិក្សា​ឱ្យ​បាន​ខ្ពង់ខ្ពស់ ក្រោយ​ឧត្តម​សិក្សា​លើ​មុខ​ជំនាញ ដែល​ខ្លួន​ស្រឡាញ់ និង​ចូល​ចិត្ត​។ ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រយៈពេល​១២​ឆ្នាំ​កន្លង​មក ត្រូវ​កំណត់​នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​នេះឯង​។

ដោយសារ​តែ​ការ​ប្រឡង​នេះ មាន​សារៈសំខាន់​ដូច្នេះ​ហើយ ទើប​នៅ​ពេល​ប្រឡង​ម្តង​ៗ បេក្ខជន​តែង​តែ​ព្រួយបារម្ភ និង​មាន​អារម្មណ៍​ភ័យ​ព្រួយ​។ រហូត​ដល់​មាន​បេក្ខជន និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​មួយ​ចំនួន​បាន​នាំ​គ្នា​កូនចៅ​ទៅ​បន់ស្រន់ និង​ទៅ​ស្រោច​ទឹកមន្ត​ពី​ព្រះសង្ឃ​ជាដើម នៅ​មុន​ការ​ប្រឡង​មក​ដល់​។ គ្រប់​គ្នា​បានដឹង​ថា ការ​បន់ស្រន់ និង​អ្វី​ៗ​ផ្សេង​ទៀត មិន​អាច​ជួយ​ពួក​គេ​បាន​នោះ​ទេ ក្រៅពី​ការ​ខិតខំ​រៀនសូត្រ ប៉ុន្តែ​ទំនង​ដើម្បី​កុំឱ្យ​ចិត្ត​ភ័យ​ព្រួយ​ខ្លាំង​ពេក ពួក​គេ​ក៏​ទៅ​ពឹង​របស់​ក្រៅ​ខ្លួន​ដែល​ជា​ជំនឿ​.​ត​ៗ​គ្នា​នោះ​។

សិស្សានុសិស្ស​ជា​ច្រើន នៅ​ពេល​ឈាន​ដល់​ការ​សិក្សា​ថ្នាក់​ទី​១២ ដែល​ជា​ឆ្នាំ​ប្រឡង​នោះ ពួក​គេ​បាន​ខិតខំ​សិក្សា​តាំងពី​ដើមឆ្នាំ​មក​។ អ្នក​ខិតខំ​រៀនសូត្រ បែប​នោះ តែងតែ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​ប្រឡង ហើយ​ពួក​គេ​ក៏​មិនសូវ​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ ក្នុង​ថ្ងៃ​ប្រឡង​នោះ​ដែរ​។

ជិត​១០​ឆ្នាំ​ដែល​ក្រសួង​អប់រំ​កម្ពុជា បាន​ធ្វើ​កំណែទម្រង់​នៅ​ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប ក្រោម​ពា​ក្ស​ស្លោ​កថា «​អ្នកចេះ​គឺ​ជាប់​» ក្រសួង​បាន​ខិតខំ​ធ្វើ​យ៉ាងណា​មិន​ឱ្យ​មានការ​ធ្លាយ​វិញ្ញាសារ​នៅ​មុន​ថ្ងៃ​ប្រឡង មិន​ឱ្យ​មានការ​បើក​ចម្លង​ក្នុង​ពេល​ប្រឡង និង​មិន​បណ្តោយ​ឱ្យ​មាន​អំពើ​ពុ​.​ករ​លួ​.​យ ដូច​ជា​ការ​សូកប៉ាន់​ជាដើម​នោះ​ទេ​។ ក្រោម​ការ​រឹត​បណ្តឹង​ពេល​ប្រឡង​បែប​នេះ អ្នក​ប្រឡង​បាក់​ឌុ​ប​ជាប់​ម្នាក់​ៗ មាន​កិត្តិយស​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រវត្តិ​សិក្សា​របស់​ខ្លួន​។ វា​កាន់តែ​ពិសេស និង​នាំ​កិត្តិយស​ជូន​ក្រុម​គ្រួសារ​ផង ប្រសិនជា​ពួក​គេ​បាន​ជាប់​និ​ន្ទេ​ស A ទៀត​នោះ​។

អ្នក​ជាប់​និ​ន្ទេ​ស A នា​ឆ្នាំ​កន្លង​ៗ​មក ទទួល​បាន​រង្វាន់ និង​ការ​លើកទឹកចិត្ត​ពី​សង្គម ជា​ពិសេស​ពី​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​។ នាយក​រដ្ឋមន្ត្រី តែងតែ​ចំណាយ​ពេលវេលា​ជួប​ជាមួយ​សិស្ស​ជាប់ និ​ន្ទេ​ស A ហើយ​នៅ​ក្នុង​ឱកាស​នោះ​ពួក​គេ​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​មួយ​ចំនួន​ដូច​ជា ៖ ម៉ូតូ កុំព្យូទ័រ ពី​ថ្នាក់​ដឹក​នា​ទៀត​ផង​។ ដោយឡែក អ្នក​ជាប់​និ​ន្ទេ​ស A ត្រូវ​បាន​មហាវិទ្យាល័យ​ជា​ច្រើន​បើកទ្វារ​ទទួល​ស្វាគមន៍​ពួក​គេ​ឱ្យ​ចូល​សិក្សា​ដោយ​មិន​គិតថ្លៃ​ទៀត​ផង​។

ដូច្នេះ ជាប់​បាក់​ឌុ​ប​នៅ​ក្នុង​កាលៈទេសៈ​នេះ មិន​ត្រឹម​ជាប់​បាន​ទៅ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​នោះ​ទេ តែ​ជា​ឱកាស​សម្រាប់​កសាង​កិត្តិយស​ឱ្យ​ខ្លួន និង​គ្រួសារ​ក្នុង​វត្ត​សិក្សា​របស់​បេក្ខជន​ផង​ដែរ​។ ជាប់​បាក់​ឌុ​ប​ជាមួយ​និ​ន្ទេ​ស​ល្អ សិស្ស​មានឱកាស​បាន​សិក្សា​នៅ​មហាវិទ្យាល័យ ដែល​មានគុណ​ភាព ហើយ​រៀន​នៅ​សាលា​ល្អ មិន​ថា​នៅ​ក្នុង និង​ក្រៅប្រទេស​នោះ​ទេ ជា​ឱកាស​សំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​ទទួល​បាន​យុវជន​ដែល​ជា​ទំ​ពាង​ស្នង​ឬ​ស្សី ពោល​ពេញ​ទៅ​ដោយ​សមត្ថភាព​មក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​៕

ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ