ខេត្តកំពង់ចាម ៖ រថយន្តនីស្សាន់មួយគ្រឿងចំណុះ៥តោន ពាក់ស្លាកលេខកំពង់ចាម 3A-0595 ដឹកដើមដំឡូងមីសំពីងសំពោងពេលបើកចុះពីលើស្ពានគីហ្ស៊ុណាមកត្រើយខាងលិច ជាន់ហ្វ្រាំងមិនស៊ីក៏រកបុកស្ថានីយប្រេងកាល់តិច ដែលស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ប៉ុន្តែដោយសារអ្នកបើកបរមានស្មារតីរឹងមាំបានប្រឹងបួងចង្កូតរថយន្តមកខាងឆ្វេង ធ្វើឱ្យដើមដំឡូងធ្លាក់មកលើម៉ូតូ២គ្រឿង តែសំណាងល្អម្ចាស់ម៉ូតូបានស្ទុះរត់ចេញទាន់ពេលវេលា ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៨ ឧសភា ។
ឈ្មោះហ៊ី សាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា គាត់បានជិះម៉ូតូម៉ាកវ៉េវអេស ចេញពីផ្ទះមកឈប់នៅក្បែរស្ថានីយលក់ប្រេងក្បាលស្ពានគីហ្ស៊ុណា ត្រង់រង្វង់មូលនៃក្រុងកំពង់ចាម ដើម្បីរង់ចាំទទួលប្អូនមកពីរាជធានីភ្នំពេញ។ ក្នុងពេលដែលឈប់រង់ចាំបានប្រហែលជា១៥នាទី ក៏មានម៉ូតូអ្នកស្គាល់គ្នាចំនួន២គ្រឿង មួយគ្រឿងម៉ាកវ៉េវ អេស ដូចគាត់ដែរ មានម្ចាស់ឈ្មោះយ៉ុន យ៉ាន ភេទប្រុស អាយុ៦៥ឆ្នាំ និងមួយគ្រឿងទៀតម៉ាកវីវ៉ា ស៊េរីឆ្នាំ ២០០៨ មានម្ចាស់ឈ្មោះហុង ទាង ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិកំពង់ឫស្សី ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ មកឈប់នៅក្បែរនឹងម៉ូតូរបស់គាត់រង់ចាំអ្នកមកពីភ្នំពេញដែរ។ ខណៈនោះនៅវេលាម៉ោងជាង៧យប់ ស្រាប់តែមានរថយន្តដឹកដើមដំឡូងមីមួយគ្រឿង បើកចុះពីលើស្ពានគីហ្ស៊ុណា ក្នុងស្ថានភាពរកក្រឡាប់នៅត្រង់រង្វង់មូលក្បាលស្ពាន ។ ខណៈដែលរថយន្តកាន់តែមកកៀកណាស់ទៅហើយគាត់បានស្រែកប្រាប់បុរសចំណាស់២នាក់ ដែលនៅក្បែរគាត់នោះឱ្យប្រញាប់រត់ចេញ តែស្រែកបានតែបន្តិច ក៏ត្រូវដើមដំឡូងដែលមានទម្ងន់រាប់តោនបានធ្លាក់សង្កត់លើម៉ូតូរបស់ពួកគាត់ជាប់ ។ សំណាងល្អពួកគាត់រត់ចេញទាន់ បើមានការយឺតយ៉ាវតែបន្តិចនោះនឹងត្រូវដើមដំឡូងសង្កត់លើ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមិនខានឡើយ។
តាមលោកស៊ាម យូសេង ប្រធាននគរបាលចរាចរក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងដែរថា រថយន្តដឹកដើមដំឡូងមីបើកចេញមកពីត្រើយខាងកើតឆ្ពោះទៅកាន់ស្រុកចំការលើ ស្របពេលបើកចុះស្ពានគីហ្ស៊ុណាមកត្រើយខាងលិចក្រុងកំពង់ចាម ជាន់ហ្រ្វាំងមិនស៊ី ក៏ជ្រុលល្បឿនរកបុកស្ថានីយលក់ប្រេងកាល់តិចក្បាលស្ពាន ។ ប៉ុន្តែដោយអ្នកបើកបររថយន្តឈ្មោះឈុំ ប៊ន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំពណ៌ ឃុំតាអុង ស្រុកចំការលើ មានស្មារតីរឹងមាំបានព្យាយាមបួងចង្កូតរថយន្តមកខាងឆ្វេងដៃ បណ្តាលឱ្យផ្អៀងរថយន្តជ្រុះធ្លាក់ដើមដំឡូងមកដីសង្កត់លើម៉ូតូគេ តែរថយន្តមិនក្រឡាប់ទេ។
ក្រោយពេលកើតហេតុ កម្លាំងប៉ូលិសចរាចរបានទៅយករថយន្តនេះ មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់។ មានការកត់សម្គាល់ថា កន្លងមក មានរថយន្តបែនដឹកអាចម៍រណារមួយគ្រឿង ពេលបើកចុះពីលើស្ពានគីហ្ស៊ុណា ជាន់ហ្វ្រាំងមិនស៊ីក៏បានបោលចូលមកក្រឡាប់នៅក្នុងស្ថានីយលក់ប្រេងកាល់តិចនេះដែរ តែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ទេ។ ហើយប៉ុន្មានឆ្នាំមុននេះ ក៏មានរថយន្តសណ្តោងធុនធំ១គ្រឿង ដឹកគ្រឿងចក្របានជ្រុលល្បឿនទៅបុកអ្នករត់ម៉ូតូឌុបម្នាក់រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលឈប់រង់ចាំឌុបម៉ូយនៅក្បាលស្ពានត្រើយខាងលិច បណ្តាលឲ្យស្លាប់ និងខូចខាតសម្ភារអស់ជាច្រើន ៕
ចែករំលែកព័តមាននេះ