ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ប្រធានបទ​ដែល​នឹង​លើក​ឡើង​នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាង​មុខ​នេះ គឺ​សុទ្ធតែ​ក្តៅ​ទាំងអស់ ប៉ុន្តែ​បញ្ហា​ដែល​ក្តៅ​បំផុត​នោះ គឺ​ទំនងជា

ប្រធានបទ​ដែល​នឹង​លើក​ឡើង​នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាង​មុខ​នេះ គឺ​សុទ្ធតែ​ក្តៅ​ទាំងអស់ ប៉ុន្តែ​បញ្ហា​ដែល​ក្តៅ​បំផុត​នោះ គឺ​ទំនងជា​ទេសចរណ៍ អចលនៈទ្រព្យ ឧស្សាហកម្ម​កាត់ដេរ និង​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​ផ្នែក​កសិ​កម្ម​។

ដូចដែល​គ្រប់​គ្នា​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នកដឹកនាំ និង​វិស័យ​ឯកជន ដឹង​ហើយ​ថា វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដែល​មាន​អាយុកាល​ប្រមាណ​ជា ២៤ ឆ្នាំ​មកនេះ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ដើម្បី​និរន្ត​ភាព​សេដ្ឋកិច្ច​កម្ពុជា ហើយ​នៅ​ក្នុង​វេទិកា​នេះ មាន​ក្រុមការងារ​ជា​ច្រើន ដែល​មាន​ដល់​ទៅ​ជាង​ដប់​ក្រុម រាប់​តាំងពី​ទេសចរណ៍ កសិកម្ម ផលិតកម្ម សេវាកម្ម ច្បាប់ ធនាគារ​និង​ហិរញ្ញវត្ថុ ដឹក​ជញ្ជូន នាំ​ចេញ​នាំ​ចូល ឧស្សាហកម្ម​រ៉ែ​ជាដើម​។ ហើយ​វេទិកា​នេះ ត្រូវ​បាន​រៀបចំ ជា​រៀង​រាល់​ឆ្នាំ លើកលែងតែ​នៅ​ក្នុង​អំឡុង​សម័យ​នៃ​ការ​រីក​រាលដាល​កូ​វី​ដ ១៩ ។

វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​នេះ សំខាន់​ណាស់​នៅ​ក្រោម​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច តេ​ជោ ហ៊ុន សែន កន្លង​មក ហើយ​មក​ដល់​អាណត្តិ​ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទំនងជា​នៅ​តែ​សំខាន់ ពីព្រោះ​ថា នៅ​ពេល​ដែល​សម្តេច​ចូល​កាន់​តំណែង​ភ្លាម សម្តេច​បាន ប្រកាស​ច្បាស់​ៗ​ថា «​ខ្ញុំ​នឹង​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែវិច្ឆិកា ខាង​មុខ​នេះ ដើម្បី​ស្តាប់​នូវ​មតិយោបល់ និង​សំណូមពរ​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច និង​ជាក់ស្តែង​មួយ​ចំនួន ដើម្បី​បន្ត​ជំរុញ​គាំទ្រ​វិស័យ​ឯកជន ដែល​ជា​កម្លាំង​ច​លករ​នៃ​កំណើនសេដ្ឋកិច្ច​»​។

នៅ​ពេល​ដែល​ចូល​កាន់​ដំណែង​ភ្លាម សម្តេច​បាន​ប្រគល់​ភារៈកិច្ច​ជូន លោក អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្របសម្រួល​ជាមួយ​ក្រសួង​-​ស្ថាប័ន​, វិស័យ​ឯកជន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​រៀបចំ​វេទិកា​នេះ​។

ដោយសារ​តែ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ខាន​រៀបចំ​យូរ​គួរសម​ដែរ បញ្ហា​សង្គម និង​សេដ្ឋកិច្ច​បច្ចុប្បន្ន​ក៏​ចាក់ស្រេះ​ខ្លាំង​ដែរ​នោះ ប្រធានបទ​ក្តៅ​នឹង​មាន​ច្រើន​ខ្លាំង​ណាស់ ប៉ុន្តែ​ហេតុផល ដែល​យើងខ្ញុំ​ហ៊ាន​សន្និដ្ឋាន​ថា ទេសចរណ៍ អចលនៈទ្រព្យ ឧស្សាហកម្ម​កាត់ដេរ និង​កសិកម្ម​ក្តៅ​ខ្លាំង គឺ​ដោយសារ​វិស័យ​ទាំងនេះ សុទ្ធតែ​ជា​ជ​ន្ទុ​ល​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច ។

នៅ​ក្នុង​សម័យ​កូ​វី​ដ ទេសចរណ៍​រង​របួស​ធ្ងន់ធ្ងរ​សឹងតែ​ស្លា​.​ប់​ខ្លួន ហើយ​ទោះបីជា​ឥឡូវនេះ រៀង​ងើប​ៗ​ឡើង​វិញ​បន្តិច​មែន ប៉ុន្តែ​ហាក់​មិន​ទាន់​មាន​គោលនយោបាយ​ដុំ​កំភួន​ណាមួយ​ចេញ​នៅឡើយ​ទេ ខណៈ​ដែល​ប្រទេស​ជិតខាង គេ​បាន​ដាក់​ចេញ​គោលនយោបាយ​ជា​បន្តបន្ទាប់​រួច​ហើយ ដូច​ជា ៖ ថៃ និង វៀតណាម​ជាដើម ។

វិស័យ​អចលនទ្រព្យ និង​សំណង់​នេះ ក៏​ជា​ចំណុច​ស្នូល​មួយ​ដែរ ពីព្រោះ​នៅ​ពេល​នេះ អ្នកវិភាគ និង​អ្នក​នៅ​ក្នុង​វិស័យ​នេះ ស្ងាត់​មាត់​អស់ហើយ ដោយសារ​តែ​គ្នា​ពិបាក​នឹង​វិភាគ​ស្ថានភាព​ពិតប្រាកដ​ដែល​កំពុង​តែ​កើត​មាន ។

ហើយ​នៅ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​នេះ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ សម្តេច​ធិ​បតី បាន​លើក​ឡើង​ច្បាស់​ៗ​ថា សម្តេច​នឹង​និយាយ​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខណៈ​ដែល​មក​ដល់​ពេល​នេះ ខាង​វិស័យ​ឯកជន បាន​កំពុង​តែ​ជំរុញ​អោយ​រាជរដ្ឋាភិបាល​អនុញ្ញាត​អោយ​ជនបរទេស​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ និង​សំណង់​ចាប់ពី​ជាន់​ផ្ទាល់​ដី​ឡើង ដើម្បី​ជំរុញ​អាជីវកម្ម​នេះ​ឡើង​វិញ ។

វិស័យ​កាត់ដេរ ក៏​កំពុង​តែ​ញាំញី​ដោយ​វិបត្តិ​ច្រើន​ដែរ ខណៈ​ពេល​ដែល​ការ​បញ្ជា​ទិញ ហាក់​មិន​ខ្លាំងក្លា ប៉ុន្តែ​ស្ថានភាព​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​នៅ​អា​មេ​រិ​ក​នៅ​ត្រីមាស​ទី​៣ កន្លង​មក​ឃើញ​ថា មាន​ភាព​វិជ្ជមាន ដែល​អាច​នឹង​អោយ​វិស័យ​កាត់ដេរ​កម្ពុជា​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ដើម្បី​សុំ​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល​នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដើម្បី​ជំរុញ​កំណើន និង​ទ្រទ្រង់​វិស័យ​នេះ​បន្ត​ទៀត ។

ដោយឡែក​វិស័យ​កសិកម្ម ទំនង​ក៏​មាន​បញ្ហា​ពិភាក្សា​តឹង​សរសៃ​.​ក​ខ្លះ​ដែរ នៅ​ក្នុង​វេទិកា​ខាង​មុខ​នេះ ទោះបីជា​កន្លង​មក ស្ថានភាព​វិស័យ​នេះ​មាន​កំណើន និង​ជា​មូលដ្ឋាន​ទ្រទ្រង់​សេដ្ឋកិច្ច កម្ពុជា​ខ្លាំងក្លា​បំផុត​នៅ​ក្នុង​អំឡុង​កូ​វី​ដ​១៩ ដោយ​ការ​នាំ​ចេញ​ស្រូវ អង្ករ និង​ទំនិញ​កសិកម្ម ជា​ច្រើន​សុទ្ធតែ​វិជ្ជមាន លើកលែងតែ​រឿង​បញ្ហា​ចិញ្ចឹមសត្វ​មួយ ដែល​ពេល​នេះ អ្នក​ចិញ្ចឹមសត្វ តាំងពី​ត្រី ជ្រូក មាន់ ទា គឺ​កំពុង​តែ​រងា ដោយសារ​តែ​ចរន្ត​នៃ​ការ​នាំ​ចូល​សាច់​ខុសច្បាប់​ច្រើន​ពេក រហូត​ដល់​អ្នក​ចិញ្ចឹមសត្វ​ខ្លះ​កំពុង​តែ​រកកលនឹង​ក្ស័យធន ដោយសារ​មិន​អាច​ប្រកួតប្រជែង​នឹង​ពពួក​សាច់​នាំ​ចូល​ទាំងនោះ​បាន ។

សរុប​មក យើងខ្ញុំ​សង្ឃឹមថា អង្គ​សមាជិក សមាជិកា នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​នេះ នឹង​អាច​ជជែក​គ្នា​រក​ឃើញ​នូវ​ដំណោះស្រាយ​ជាក់ស្តែង និង​មាន​ប្រយោជន៍ ហើយ​អាច​នឹង​ចាត់វិធានការ​សម​ស្រប ដើម្បី​ដោះស្រាយ​រាល់​បញ្ហា ដើម្បី​ធ្វើ​យ៉ាងណា​ធានា​យន្តការ​កំណើនសេដ្ឋកិច្ច និង​រក្សា ក៏​ដូច​ជា​បន្ត​អភិ​វ​ឌ្ឈ​ន៍​សង្គម ជីវភាព​ប្រជាពលរដ្ឋ កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ប្រកបដោយ​មោទនភាព និង​ឧត្តមភាព ។

ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ