ខេត្តក្រចេះ ៖ យុវជនម្នាក់បានត្រូវកម្លាំងប៉ូលិសក្រុងក្រចេះឃាត់ខ្លួនភ្លាមៗ ក្រោយពីជនរូបនេះស្រវឹងស្រា ហើយខឹងបងស្រីមិនឲ្យឡើងលើផ្ទះក៏បានដុតផ្ទះឆេះគ្មានសល់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ឧសភា បង្កឡើងដោយជនដៃដល់ឈ្មោះប៉ាក ស៊ីណាន អាយុ២៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ ជននេះបានធ្វើសកម្មភាពដុតផ្ទះឈើទំហំ៤ម៉ែត្រគុណ៦ម៉ែត្រប្រក់ស័ង្កសី របស់បងស្រីបង្កើតឈ្មោះប៉ាក់ ស៊ីនឿន មានទីលំនៅភូមិអូរឫស្សីទី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ។
មន្រ្តីប៉ូលិសបានឲ្យដឹងថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ដែលប៉ូលិសតាមប្រមាញ់ក្នុងករណីមនុស្សឃាតដោយចេតនា ដែលជននេះ និងបក្សពួកបានធ្វើសកម្មភាពវាយសម្លាប់បុរសវិកលចរិតម្នាក់រហូតដល់ស្លាប់បាត់បង់ជីវិតកាលពីយប់ថ្ងៃទី២ មេសា ឆ្នាំ២០១១ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់រូបនេះបានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ត្រី អ៊ សំអាង អធិការនគរបាលក្រុងក្រចេះ បានឲ្យដឹងថា កាលពីថ្ងៃកើតហេតុ ជនសង្ស័យរូបនេះស្រវឹងស្រា ហើយបានមកឡើងលើផ្ទះរបស់បងស្រី តែបងស្រីមិនទុកចិត្តក៏បានចាក់សោរារាំងមិនឲ្យឡើងលើផ្ទះទេ។ ដោយមានការខឹងសម្បា ជននេះបានគំរាមយកចំបើងមកគរក្រោមផ្ទះបម្រុងដុតផ្ទះម្តងហើយម្តងទៀត ទោះបីជាមានការចាប់ឃាត់យ៉ាងណាក៏ជននេះមិនព្រមស្តាប់ដែរ។ ដោយដឹងថា ឃាត់មិនឈ្នះស្ត្រីជាបងបានរត់ទៅហៅអ្នកជិតខាងឱ្យមកជួយឃាត់ ទើបជននេះមានឱកាសដុតផ្ទះបងស្រីរបស់ខ្លួននេះ បណ្តាលឲ្យឆេះម៉ដ្ឋតែម្តង។
លោកអធិការបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលអធិការដ្ឋានក្រុងក្រចេះ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យរូបនេះភ្លាមៗតែម្តង។ យុវជនឈាមរាវដៃដល់រូបនេះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់វិធានការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ