ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរាជួសជុល​គំនូរ​បុរាណ​ព្រះ​វិហារ​​វត្ត​រាជ​បូ​ណ៌ ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​អភិរក្ស និង​ជួសជុល​គំនូរ​បុរាណ​ដែល​មាន​អាយុ​រាប់រយ​ឆ្នាំ នៅ​ក្នុង​ព្រះ​វិហារ​នៃ​វត្ត​រាជ​បូ​ណ៌ ក្នុង​ទីរួមខេត្ត​សៀមរាប នា​ថ្ងៃ​ទី​០៣…

ខេត្ត​សៀម​រា​ប ៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​អភិរក្ស និង​ជួសជុល​គំនូរ​បុរាណ​ដែល​មាន​អាយុ​រាប់រយ​ឆ្នាំ នៅ​ក្នុង​ព្រះ​វិហារ​នៃ​វត្ត​រាជ​បូ​ណ៌ ក្នុង​ទីរួមខេត្ត​សៀមរាប នា​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ។

ព្រះ​វិហារ​របស់​វត្ត​រាជ​បូ​ណ៌ បាន​សាងសង់​ឡើង​តាំងពី​សតវត្សរ៍​ទី​១៨​នៃ​គ្រី​ស្ដ​សករាជ​ ។ ទាំង​ស្ថាបត្យកម្ម និង​ការ​តុបតែង​នៅ​ក្នុង​ទី​វត្ត​នេះ គឺ​ធ្វើ​តាម​រចនាបថ​ខ្មែរ​សុទ្ធសាធ ដែល​បង្ហាញ​ឱ្យ​ឃើញ​​ពី​ស្នាដៃ​ការ​ច្នៃប្រឌិត និង​មរតក​វប្បធម៌​ខ្មែរ​ដ៏​សម្បូរ​បែប​ ។ នៅ​លើ​ជញ្ជាំង​នៃ​វត្ត​រាជ​បូ​ណ៌​មាន​​គំនូរ​បុរាណ​ចំនួន​ប្រមាណ​១៥៧​ផ្ទាំង ដែល​បង្ហាញ​ពី​ជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ រឿង​រា​មាយ​ណៈ (​រាមកេរ្តិ៍​) ​មាន​បង្ហាញ​ពី​ឋាននរក និង​ឋានសួគ៌ ព្រមទាំង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ដែរ​ ។

បច្ចុប្បន្ន ស្ថានភាព​របស់​ផ្ទាំងគំនូរ​ទាំងអស់​នេះ គឺ​ស្ថិត​ក្នុង​ការ​ប្រឈម​ពុក​ផុយ​ដែល​ទាមទារ​ឱ្យ​មានការ​ជួសជុល និង​អភិរក្ស​ឡើង​វិញ​ជា​បន្ទាន់​ ។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក​ជំទាវ បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា មាន​​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ការ​ដ្ឋា​ន​អភិរក្ស និង​ជួសជុល​គំនូរ​បុរាណ​នោះ​ថា លោក​ជំទាវ​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា គឺ​ពិត​ជា​មាន​មោទនភាព​បំផុត ដែល​បាន​ចូលរួម​ក្នុង​គម្រោង​អភិរក្ស និង​ជួសជុល​ផ្ទាំងគំនូរ​បុរាណ​ដ៏​មាន​តម្លៃ និង​កិ​ត្យា​នុភាព ​។

​​លោក​ជំទាវ ភឿ​ង ស​កុ​ណា មាន​ប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន ដើម្បី​អភិរក្ស​គំនូរ​បុរាណ​នៅ​ក្នុង​ព្រះ​វិហារ​នៃ​វត្ត​រាជ​បូ​ណ៌​នេះ​តាំង​តែ​ពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ ​។ លោក​ជំទាវ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ការពារ​គំនូរ​ដ៏​មាន​អត្ថន័យ និង​មាន​តម្លៃ​ទាំងនេះ​នៅ​តែ​រឹង​មាំ​។

លោក​ជំទាវ​បណ្ឌិត ឯកអគ្គរដ្ឋទូត​សារ​ណ​រដ្ឋ​ឥណ្ឌា ដេ​វី​យ៉ា​នី ខូ​ប្រា​កេ​ឌី (Devyani KhoBragade) ក៏ មាន​ប្រសាសន៍​ដែរ​ថា ការ​គាំទ្រ​លើ​គម្រោង​អភិរក្ស និង​ជួសជុល​គំនូរ​បុរាណ​ក្នុង​ព្រះ​វិហារ​នៃ​វត្ត​រាជ​បូ​ណ៌​នេះ គឺ​ឥណ្ឌា​មាន​គោលបំណង​ស្តារ​ឡើង​វិញ ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​វប្បធម៌ ការ​លើកកម្ពស់​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ការ​គោរព និង​ការ​ដឹងគុណ​ចំពោះ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​ប្រទេស​ទាំង​ពីរ ​។

តាំងពី​ឆ្នាំ​២០០៥​មក អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​កិច្ច​អភិ​រក្ស និង​ថែរក្សា​សំណង់​ទាំងឡាយ​របស់​វត្ត​រាជ​បូ​ណ៌ ហើយ​ចាប់ពី​ឆ្នាំ​២០១៤-២០២០ វត្ត​រាជ​បូ​ណ៌​ត្រូវ​បាន​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​កម្ពុជា​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ