ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទិញ​ផ្ទះ​ «​បុរី​ទ្រី​គី​ម​ចំការ​ដូង​គម្រោង​ទី​១០»​ ​ផ្ទុះ​ការ​តវ៉ា​ជា​លើក​​ទី​២

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ក្រុម​អ្នកទិញ​ផ្ទះ​«​បុរី​ទ្រី​គី​ម​ចំការ​ដូង​គម្រោង​ទី​១០»​ ចំនួន​ជាង​៥០​គ្រួ​សារបាន​

​រាជធានី​ភ្នំពេញ ​៖ ​ក្រុម​អ្នកទិញ​ផ្ទះ​«​បុរី​ទ្រី​គី​ម​ចំការ​ដូង​គម្រោង​ទី​១០»​ ចំនួន​ជាង​៥០​គ្រួ​សារបាន​លើកគ្នា​បន្ត​ធ្វើការ​តវ៉ា​ជា​លើក​ទី​២​ទៀត​នា​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា​ឆ្នាំ ២០២៣ នៅ​មុខ​បុរី​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ការ​ផ្ទុះ​ការ​តវ៉ា​ជា​លើក​ទី​២​នេះ​ក្រោយ​ពេល​ទទួល​ដំណឹង​ថា ម្ចាស់​បុរី​ត្រូវ​ម្ចាស់​ដី​ប្ដឹង​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ហើយ​ម្ចាស់​ដី​ចង់​លុប​បំបាត់​កិច្ចសន្យា​ទិញ​និង​លក់​រវាង​ពួក​គាត់​និង​ម្ចាស់​បុរី​ចោល​ថែម​ទៀត ហើយ​ការ​តវ៉ា​កាលពី​លើក​មុន​ក៏​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​។

ក្រុម​អ្នក​តវ៉ា​ខាងលើ​បាន​និយាយ​ថា ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​នា​ពេល​នេះ​ ពួក​គាត់​មាន​បំណង​ចង់​ព​ន្លឿ​ន​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ និង​ធ្វើការ​ស្នើ​ឱ្យ​ភាគី​ម្ចាស់​ដី​ឈ្មោះ​ស៊ួ​ន​គឹ​ម​ស្រ៊ុ​ន ចូលខ្លួន​មក​ដោះស្រាយ​ជូន​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​ចំនួន​៥២​គ្រួសារ​នេះ​ផង​។ ហើយ​អ្វី​ដែល​ពួក​គាត់​ដឹង​នោះ​គឺ​លោក​ស៊ួ​ន គឹ​ម​ស្រ៊ុ​ន បាន​ទទួល​លុយ​ថ្លៃ​លក់​ដី​ពី​ម្ចាស់​បុរី​ឈ្មោះ​ហេង ទ្រី សរុប​ចំនួន​១,១៨០,០០០​ដុល្លារ​រួច​ទៅ​ហើយ និង​បាន​ច​ចារ​គ្នា​ដើម្បី​ទារ​លុយ​ដែល​នៅ​សល់​ពី​ម្ចាស់​បុរី​បន្ថែម ប៉ុន្តែ​អត់​ត្រូវ​គ្នា ម្ចាស់​ដី​រូប​នោះ​ក៏​បាន​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ម្ចាស់​បុរី​រូប​នោះ​ដាក់​ពន្ធនាគារ​បាត់​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំណែកឯ​ម្ចាស់​បុរី ឈ្មោះ​ហេង ទ្រី ក៏​បាន​ទទួល​លុយ​ពី​ពួក​គាត់​ទាំង​៥២​គ្រួសារ​សរុប​ចំនួន​ជាង​១,៥០០,០០០​ដុល្លារ​រួច​ទៅ​ហើយ​ដែរ ប៉ុន្តែ​អត់​មានផ្ទះ​ប្រគល់​ឲ្យ​ពួក​គាត់​ដើម្បី​រស់នៅ​ឡើយ ហើយ​ពេល​នេះ​ត្រូវ​ជាប់គុក​ថែម​ទៀត​តើ​ឲ្យ​ពួក​គាត់​ត្រូវ​ទៅ​រំពឹង​អ្វី?​។ ស្រប​ពេល​នេះ​ដែរ​មិន​ត្រឹមតែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ជាមួយ​ម្ចាស់​បុរី​ប៉ុណ្ណោះ​ទេ ម្ចាស់​ដី​ក៏​ចង់​រលាយ​កិច្ចសន្យា​ទិញ​និង​លក់​ផ្ទះ​រវាង​ពួក​គាត់ និង​ម្ចាស់​បុរី​ទៀត ទើប​ធ្វើ​ឲ្យ​ពួក​គាត់​រឹតតែ​កើតទុក្ខ​មិន​សុខចិត្ត​ថែម​មួយ​កម្រិត​ទៀត ហើយ​ប្រមូលផ្ដុំ​តវ៉ា​ជា​លើក​ទី​២​នេះ​។

សូម​រម្លឹក​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ ក្រុម​អ្នកទិញ​បុរី​ខាងលើ​បាន​លើកគ្នា​ទៅ​កាន់​សាលា​ខណ្ឌដង្កោ ធ្វើការ​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ក្រោយ​ទិញ​ផ្ទះ​យូរហើយ អ្នកខ្លះ​បង់ប្រាក់​បាន​ចំនួន​៣០​ភាគរយ ទៅ​៨០​ភាគរយ និង​អ្នកខ្លះ​ទៀត​បង់គ្រប់​១០០​ភាគរយ​ទៅ​ហើយ​ប៉ុន្តែ​នៅ​ពុំ​ទាន់​ទទួល​បាន​ផ្ទះ​នៅឡើយ​។

មិនតែប៉ុណ្ណោះ​ស្រាប់តែ​បែកធ្លាយ​រឿង​ទំនាស់​រវាង​ម្ចាស់​បុរី​និង​ម្ចាស់​ដី​យ៉ាង​រញ៉េរញ៉ៃ​បំផុត​រហូត​ដល់​ការ​ផ្អាក​ការ​សាងសង់​ផ្ទះ ហើយ​ពេល​នេះ​ម្ចាស់​បុរី​ខាងលើ​ក៏​បាន​គេចខ្លួន​លែង​ទទួលខុសត្រូវ​ថែម​ទៀត​ផង ​។ ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​និង​អស់​ទំនុកចិត្ត​លើ​ម្ចាស់​បុរី ទើប​ពួក​គាត់​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជា​ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន ។​ ព្រមទាំង​រូបថត​សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ និង​រូបថត​លោក​អភិ​សន្តិ​បណ្ឌិត​ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លើកគ្នា​ទៅ​រក​អាជ្ញាធរ​ខណ្ឌដង្កោ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​រហូត​មក​ទល់​និង​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ទើប​បន្ត​ធ្វើការ​តវ៉ា​ជា​លើក​ទី​២​បែប​នេះ​ទៀត​។

ពេល​នោះ​ក្រុម​អ្នក​តវ៉ា​ខាងលើ​បាន​និយាយ​ថា ផ្ទះ​នៅ​ក្នុង​បុរី​នោះ​ចែក​ចេញ​ជា​២​ប្រភេទ​គឺ​ទី​១,​ប្រភេទ​ផ្ទះ​អាជីវកម្ម​ក្នុង​១​ខ្នង​តម្លៃ​ចាប់ពី​ជាង​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ និង​ទី​២,​ប្រភេទ​វីឡា​កូនកាត់​តម្លៃ​ចាប់ពី​ជាង​៥​ម៉ឺន​ដុល្លារ​ឡើង​ទៅ ​។ ​ពួក​គាត់​បាន​ចូល​ទៅ​ទិញ​ផ្ទះ​នៅ​ទីនោះ​តាំងពី​ក្រុមហ៊ុន​បុរី​នេះ​នៅ​ពេល​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​ដំបូង ហើយ​បាន​ធ្វើ​កុងត្រា​ជាមួយ​គ្នា​ដោយ​ម្ចាស់​បុរី​ធានា​ត្រឹម​រយៈពេល​២​ឆ្នាំ​និង​បាន​ផ្ទះ​នៅ ដោយ​ពួក​គាត់​តាម​រយៈ​ការ​បង់​រំលោះ​ ហើយ​បើ​គិត​មក​ដល់​និង​ពេល​នេះ​អ្នកខ្លះ​បង់​បាន​៣០​ទៅ​៥០​ឬ​៨០​ភាគរយ រីឯ​អ្នកខ្លះ​ទៀត​បាន​បង់គ្រប់​ចំនួន​១០០​ភាគរយ​ទៅ​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​ផ្ទះ​សម្រាប់​រស់នៅ​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ