ខេត្តកំពង់ចាម ៖ អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត សាខាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដោយកសាងចំណាយថវិកាអស់ប្រមាណ១៦ម៉ឺនដុល្លារអាមេរិក។ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត ទល់មុខសាលាក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៦ឧសភាឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអាន់ ដ្រេស្ពីជែល នាយកវិទ្យាស្ថានប៉ាស្ទ័រប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិតគីមសួរ ភីរុណប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា តាងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តនិងមន្ត្រីរាជការសុខាភិបាលទាំងអស់ព្រមទាំងប្រជាជនក្នុងខេត្តកំពង់ចាមនិងរូបលោកផ្ទាល់សូមសម្ដែងនៅការគោរពដ៏ខ្ពង់ខ្ពស់និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុងឧត្តមឯកឧត្តមសាស្ត្រាចារ្យក្រសួងសុខាភិបាល ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនាឱកាសនេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍បន្តថាមន្ទីរសុខាភិបាលមានមន្ត្រីរាជការសរុបចំនួន១៥៦០នាក់ក្នុងនោះស្រី៨៨៩នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន១៩៣នាក់។ដោយចែកចេញជាការិយាល័យចំណុះចំនួន៤ និងមន្ទីរពេទ្យខេត្ត។ដោយគ្របដណ្ដប់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៩ មន្ទីរពេទ្យបង្អែកស្រុកចំនួន៧ មណ្ឌលសុខភាពចំនួន៩៤ និងប៉ុស្តិ៍សុខភាពចំនួន៣កន្លែង ក្នុងចំណោមមន្ទីរពេទ្យបង្អែកចំនួនទាំងប្រាំបួន ដែលកំពុងដំណើរការសិការសកម្មភាពបង្គ្រប់ក្នុងនោះមានមន្ទីរពេទ្យខេត្តសំណុំសកម្មភាពបង្គ្រប់កម្រិត៣(CPA3) មន្ទីរពេទ្យបង្អែកស្រុកចំនួន៤សំណុំសកម្មភាពបង្គ្រប់កម្រិត២ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ទៀត សំណុំសកម្មភាពបង្គ្រប់កម្រិតមួយ។

អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តកំពង់ចាមនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី៦ខែធ្នូឆ្នាំ ២០២៣ មានកម្ពស់មួយជាន់ទទឹង១២ ម៉ែត្រនិងបណ្ដោយ១៥ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម ត្រូវបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤ ដោយចំណាយថវិកាអស់ចំនួន១៦ម៉ឺនដុល្លារ។

ឯកឧត្តមសាស្ត្រាចារ្យង៉ូវ កាងរដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ហើយដឹងដែរថាក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសម្ដេចតេជោសែន អតីតនាយករដ្ឋមន្ត្រីគឺបានគិតគូរខ្ពស់លើវិស័យសុខាភិបាល។ ការការពារចាក់វ៉ាក់សាំងបង្កើតឡើងនៅមជ្ឈមណ្ឌលឆ្កែឆ្កួតក្នុងករណីលេចចេញរោគសញ្ញានោះពិបាកសង្ឃឹមក្នុងការព្យាបាល។

ពេលមានសត្វឆ្កែឬឆ្មាខាំដោយចង្កូមរបស់វាត្រូវប្រញាប់ប្រញាល់មកមជ្ឈមណ្ឌលនេះដើម្បីជួបជាមួយគ្រូពេទ្យពិគ្រោះយោបល់ សំខាន់គឺចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា។កុំចាំបាច់ដល់ពេលចេញរោគសញ្ញាហើយទើបមក មកចាក់វ៉ាក់សាំងនោះមិនមានប្រសិទ្ធភាព អាចឈានដល់គ្រោះថ្នាក់អាយុជីវិត។។ហើយការចាក់វ៉ាក់សាំងនេះមិនតម្រូវឆ្កែនោះឆ្កួតឬមិនឆ្កួតនោះទេ។ ហើយបងប្អូនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ពេលត្រឡប់ទៅផ្ទះវិញត្រូវជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាច់ញាតិរបស់យើងឬអ្នកដទៃឲ្យបានដឹង។

ម្យ៉ាងទៀត ក្នុងករណីបើមានសត្វឆ្កែខាំត្រូវតែធ្វើការតាមដានរយៈពេលចំនួន១៤ថ្ងៃ ដើម្បីវិវត្តមើលសត្វនោះទៅជាយ៉ាងណា តែសំខាន់ខ្លួនយើងត្រូវចាក់វ៉ាក់សាំងបង្ការឲ្យទាន់ពេល ។ ក្នុងនាមក្រសួងសុខាភិបាលសំណូមពរដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមេត្តាពង្រីកមជ្ឈមណ្ឌលនេះឲ្យមានភាពទូលំទូលាយដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាមកទទួលសេវា។





ចែករំលែកព័តមាននេះ