ម្ហូបវប្បធម៌ជប៉ុន លើកកម្ពស់សុខភាពអ្នកបរិភោគ និងផ្តល់ជម្រើសល្អសម្រាប់អ្នកចូលចិត្តធ្វើម្ហូបញុំាខ្លួនឯង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ និស្សិតមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាច្រើននាក់បានចូលរួមសិក្ខាសាលា និងបានរៀនពីវប្បធម៌អាហារជប៉ុន និងវិធីធ្វើម្ហូប វ៉ាសូគូ (Washoku) តាមបែបវប្បធម៌ជប៉ុន ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះសិស្សនិស្សិតក៏ទទួលបានចំណេះដឹងក្នុងការជ្រើសរើសគ្រឿងផ្សំ ដែលធ្វើឱ្យម្ហូបមានរសជាតិល្មម និងមានសុខភាពល្អផងដែរ ។

និស្សិតម្នាក់រៀននៅមហាវិទ្យាល័យកសិឧស្សាហកម្ម ឆ្នាំទី ២ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានបង្ហាញចំណាប់អារម្មណ៍ ក្រោយពីចប់សិក្ខាសាលាដូចនេះថា ៖ «ខ្ញុំបានរៀនពីការធ្វើម្ហូបតាមបែបវប្បធម៌ជប៉ុន ខ្ញុំបានភ្លក្សផងដែរ ខ្ញុំគិតថា ម្ហូបរបស់ពួកគាត់ខុសពីម្ហូបខ្មែរយើង ។ រសជាតិម្ហូបជប៉ុនទោទន់ទៅតាមបែបសាបៗ (មិនផ្អែមពេកមិនប្រៃពេក) ប៉ុន្តែមានជាតិឆ្ងាញ់ សម្រាប់ខ្ញុំល្មម» ។

កញ្ញា រៀម រត្ថា បន្តថា ការបរិភោគអាហារតាមបែបដែលគាត់បង្ហាញ នោះយើងនឹងមិនមានបញ្ហាសុខភាពទេទៅថ្ងៃមុខ ដោយសារអាហាររបស់ពួកគាត់មិនប្រៃ មិនផ្អែម ចឹងអ្នកបរិភោគនៅរក្សាទម្ងន់ក៏ដូចជាមិនប៉ះពាល់ដល់សុខភាព ដូចជាការញ៉ាំប្រៃពេក ផ្អែមពេក ។ល។ ដែលវាអាចបង្កជំងឺផ្សេងៗទៅថ្ងៃមុខ ដូចជាប៉ះពាល់ថ្លើម ឬ តម្រងនោម ក៏នឹងងាយកើតជំងឺទឹកនោមប្រៃនិងផ្អែម ជាដើម ។ កញ្ញាបន្ថែមថា ៖ «ពេលខ្ញុំទៅផ្ទះវិញខ្ញុំរៀនធ្វើតាមគាត់ និងប្តូររបបអាហារពីការញ៉ាំរសជាតិដិតៗពេក មកជាការញ៉ាំបែបសាបៗវិញ ។ ខ្ញុំជាមនុស្សចូលចិត្តរសជាតិបែបដិតៗ ដល់ចឹងពេលខ្លះ ធ្វើឱ្យខ្ញុំអត់ស្រួលខ្លួនទេ» ។

នៅក្នុងការបង្ហាញពីរបៀបធ្វើម្ហូបបែបជប៉ុន និងវប្បធម៌ម្ហូបជប៉ុន ការភ្លក្សរសជាតិអាហារជប៉ុន និងចុងបញ្ចប់នៃកម្មវិធីក៏មានការបំពេញបែបបទក្នុងការដាក់ពាក្យប្រកួតប្រជែងធ្វើម្ហូបវប្បធម៌ជប៉ុន ដោយសិស្សនិស្សិតអាចជ្រើសរើសសមាជិកជាក្រុមដើម្បីប្រកួត ។ ការប្រកួតម្ហូបវប្បធម៌ជប៉ុន នឹងត្រូវប្រើគ្រឿងផ្សំជារបស់ខ្មែរ តែចេញជាម្ហូបជប៉ុនមានឈ្មោះថា វ៉ាសូគូ ។ ជាគម្រោងកម្មវិធីប្រកួតម្ហូបវប្បធម៌ជប៉ុន នឹងធ្វើជាស្ពានចំលងអ្នកដែលមានស្នាដៃល្អ ឬអ្នកឈ្នះទៅដល់ទីផ្សារនានាក្នុងប្រទេសកម្ពុជា ។ អ្នកមានស្នាដៃនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងស្នាដៃផលិតផលរបស់ពួកគាត់នឹងដាក់លក់តាមផ្សារទំនើបនានាឬកន្លែងផ្សេង ដែលក្រុមហ៊ុន Kikkoman បានសហការជាមួយ ។

គួររំលឹកផងដែរថា វ៉ាសូគូ (Washoku) ត្រូវបាន UNESCO ចុះបញ្ជីជា «បេតិកភណ្ឌកម្មសិទ្ធិបញ្ញាវប្បធម៌ពិភពលោក» កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៣ ក្នុងប្រទេសអាស៊ែរបៃហ្សង់ ។ នាព្រឹកដដែលនេះដែរ ក៏មានកម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង RUA និង Kikkoman , BUDDY’S សម្រាប់រយៈពេល ៣ ឆ្នាំ ។

ក្នុងនាមជាសាស្ត្រាចារ្យម្នាក់ ក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោកគ្រូ ឯក សុភាព ជាព្រឹទ្ធបុរសរងមហាវិទ្យាល័យកសិឧស្សាហកម្ម (Vice-Dean, Doctor of Philosophy, agriculture sciences [In Food Science]) បានឱ្យដឹងថា ៖ «ជាការសហការគ្នា ប្រសិនបើសិស្សនិស្សិតឈ្នះប្រកួត សិស្សនិស្សិតយើងនឹងធ្វើការជាមួយក្រុមហ៊ុន ឬសហការជាមួយក្រុមហ៊ុន ដោយក្រុមហ៊ុននឹងទទួលយកផលិតផលរបស់ពួកគាត់យកទៅបោះលក់តាមផ្សារទំនើបនានា ដូចជាផ្សារអ៉ីអនជាដើម នៅក្នុងទីផ្សារប្រទេសយើង ។ ការប្រកួតត្រូវតែប្រើគ្រឿងផ្សំ ឬគ្រឿងទេសរបស់ខ្មែរ មកធ្វើជាម្ហូបជប៉ុន ប៉ុន្តែប្រសិនគ្រឿងខ្លះកម្ពុជាមិនមាន ក៏គេអនុញាត្តិឱ្យប្រើគ្រឿងទេសជប៉ុនដែរ (ករណីគ្រឿងខ្មែរមិនមាន ) ។ ការប្រកួតនេះផងដែរ សិស្សអាចចាប់ដៃគូរ ជាក្រុម ដោយមានសមាជិកចាប់ពី ២ នាក់ឡើងទៅដល់ ៥ នាក់ ហើយការប្រកួតនេះក៏ទទួលសាធារណជនផងដែរ» ។ លោកគ្រូបន្ថែមថា នេះជាការសហការមួយដ៏ល្អ ព្រោះស្នាដៃកូនសិស្សនឹងត្រូវបានបង្ហាញ ឬមានទីផ្សារសម្រាប់លក់ផលិតផលរបស់ពួកគេ សិស្សខ្លះគាត់ពិបាករកទីផ្សារខ្លួនឯងដូចនេះ ប្រសិនយើងឈ្នះគឺជាការចំលងស្នាដៃសិស្សនិស្សិតរបស់យើងទៅឱ្យមហាជនបានស្គាល់ ។

លោក Taichi Makino អ្នកគ្រប់គ្រងទីផ្សារប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Kikkoman Trading Asia.Pte.Ltd បានឱ្យដឹងថា ៖ « នៅក្នុងសិក្ខាសាលាថ្ងៃនេះ ខ្ញុំចង់បង្ហាញសិស្សនិស្សិតឱ្យស្គាល់វប្បធម៌អាហារជប៉ុន និងវិធីសាស្ត្រនៃការធ្វើម្ហូបបែបចំណាស់របស់ប្រទេសជប៉ុន ដោយជនជាតិជប៉ុនចូលចិត្តបរិភោគអាហារដែលផ្តល់ឱ្យមានសុខភាពល្អ និងមិនមានរសជាតិដិតខ្លាំង ។ អាហារវប្បធម៌របស់យើងគឺ វ៉ាសូគូ រសជាតិមិនប្រៃខ្លាំង មិនសាបខ្លាំង មិនផ្អែមខ្លាំង និងការផលិតទាំងទឹកស៊ុប និងគ្រឿងផ្សំសុទ្ធសឹងតែចម្រាញ់ចេញពីសារ៉ាយសមុទ្រ និងត្រីសមុទ្រ ។ល។ ដែលគ្រឿងទេសទាំងនេះ ធ្វើឱ្យអ្នកបរិភោគចូលចិត្ត» ។

អ្នកជំនាញខាងអាហារ និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅ Kikkoman រូបនេះ បានបន្តថា អ្វីដែលពិសេសជាងនេះនោះ គឺការខ្លាចការឡើងគីឡូ មានគ្រឿងទេសមួយដែលយើងប្រើក្នុងម្ហូបវប្បធម៌ជប៉ុន គឺមិនធ្វើឱ្យអ្នកបរិភោគឡើងគីឡូនោះទេ មានន័យថា គ្រឿងមួយនោះគេចម្រាញ់ចេញមក និងប្រើក្នុងម្ហូបជប៉ុន ដែលវានឹងធ្វើឱ្យអ្នកញ៉ាំឆាប់ឆ្អែត នៅពេលយើងញុំាឆាប់ឆ្អែត នោះយើងនឹងមិនមានអារម្មណ៍ចង់ញ៉ាំច្រើននោះទេ ។ ចឹងយើងនឹងញុំាបានតិច ដែលជាហេតុធ្វើឱ្យយើងស្រកគីឡូ ។

លោក Taichi Makino ក៏បានបន្ថែមថា ៖ «សម្រាប់ការប្រកួតវិញ យើងចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៤ នេះតទៅ ។ យើងមិនបានជួយអ្វីច្រើនទេដល់អ្នកឈ្នះ ប៉ុន្តែជាគម្រោងយើងដើរតួនាទីជាស្ពានសម្រាប់ចំលង អ្នកមានស្នាដៃធ្វើម្ហូប វ៉ាសូគូ ទៅទីផ្សារក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែធំនិងទូលំទូលាយជាងនេះ ។ យើងនឹងជួយផ្សព្វផ្សាយទៅតាមលទ្ធភាព និងយកផលិតផលរបស់ពួកគេដាក់លក់តាមផ្សារទំនើបនានាដែលយើងបានសហការ រួមទាំងតាមកន្លែងផ្សេងៗផងដែរ ។ គ្រឿងទេស និងម្ហូបរបស់កម្ពុជា គឺឆ្ងាញ់ និងល្អ ស័ក្តិសមយកគ្រឿងផ្សំរបស់កម្ពុជា មកផលិតជាអាហារវប្បធម៌ជប៉ុន ក្នុងប្រកួតម្ហូបជប៉ុន» ៕

















ចែករំលែកព័តមាននេះ