ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី នឹង​ប្រកាស​គោលនយោបាយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា

6 ខែ មុន

ខេត្តកណ្ដាល ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ប្រកាស​អំពី​គោលនយោបាយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

ខេត្តកណ្ដាល ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ប្រកាស​អំពី​គោលនយោបាយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ ១៨,១៩០​នាក់ មក​ពី​បណ្តា​រោងចក្រ សហគ្រាស ចំនួន​២៩ ក្នុង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា គោលនយោបាយ​បណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន​នេះ ចំនួន ១​លាន ៥​សែន​នាក់ ។

សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​យើង​ត្រៀម​អស់ហើយ យើង​បាន​កំពុង​បណ្ដុះបណ្ដាល គ្រូ​ជិត​ចប់​ហើយ វិក្រឹត្យការ ប្រព័ន្ធ​វិក្រឹត្យការ​បន្ថែម យើង​រៀបចំ​ផែនការ យើង​មិនមែន​ទើប​ប្រកាស​ថ្ងៃនេះ ហើយ​ឲ្យ​ចេញ​នោះ​ទេ យើង​បាន​រៀបចំ​ហើយ ថ្ងៃ​ទី​១៤ (១៥​វិច្ឆិកា​) នៅ​សល់​ប្រហែលជា​១០​ថ្ងៃ​ទៀត ខ្ញុំ​ត្រូវ​ទៅ​ប្រកាស​ចេញ​ជា​ផ្លូវការ​តែ​ម្ដង ឥឡូវ​លក្ខណៈ ត្រៀម​ដល់​ពេល​ខ្ញុំ​ប្រកាស គឺ​ចាប់ផ្ដើម​ចេញដំណើរ​តែ​ម្ដង បាន​ន័យ​ថា ត្រៀម​ទាំង​គ្រូ ត្រៀម​ទាំង​ប្រព័ន្ធ​ការងារ យើង​ធ្វើ​ជា​ជំហាន​ៗ» ។

សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​បន្ដ​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​បាន​ដាក់​ចេញ​ច្បាស់លាស់ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេស​ជាតិ​ទាំងមូល មិន​ចេះ​តែ​នឹកឃើញ និង​ឆក់កណ្ដៀត ដូច​អ្នក​អង្គុយ​ចាំ​រិះគន់​នោះ​ទេ ។

សម្ដេច​បន្ថែម​ថា ប្រជាពលរដ្ឋ គឺជា​ជោគវាសនា​របស់​ប្រទេស​ជាតិ ដូច្នេះ​រាជរដ្ឋាភិបាល​គ្មាន​អ្វី​ក្រៅពី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រីក​ចម្រើន និង​មានបាន​កាន់តែ​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត ឲ្យ​វិស័យ​ឯកជន ចូលរួម​ជាមួយ​រដ្ឋ​តែ​ម្ដង ក្នុង​នាម​ជា​ដៃគូ ហើយ​ផ្ដល់​ឱកាស​បើក​ច្រក ឲ្យ​វិស័យ​ឯកជន​ដើរតួ​នាទី​សំ ខាន់​ក្នុង​ការ​ចាត់តាំង​ពិនិត្យ​យន្តការ នៃ​ការ​តម្រង់​ទិស ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ពេល​អនាគត ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា រាជ​ដ្ឋា​ភិ​បាល បើក​ច្រក​ឲ្យ​វិស័យ​ឯកជន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ចាត់តាំង​ពិនិត្យ​យន្តការ​នៃ​ការ​តម្រង់​ទិស ដើម្បី​ត្រៀមលក្ខណៈ នៅ​ពេល​អនាគត​។ ទន្ទឹម​នេះ ត្រូវ​បែងចែក​ភារកិច្ច​គ្នា ឲ្យ​ដាច់​ក្នុង​ការ​បណ្ដុះបណ្ដាល ក្រសួង​អប់រំ យុវជន និង​កីឡា បណ្តុះបណ្តាល​អ្វី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បណ្ដុះបណ្ដាល​អ្វី និង​ក្រសួង​ផ្សេង​ៗ​ទៀត​ត្រូវធ្វើ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី ថ្លែង​បញ្ជាក់​ថា ៖ «​ខ្ញុំ​ចង់​លើក​ទឹក ចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​រដ្ឋ​តែ​ម្ដង ក្នុង​នាម​ជា​ដៃគូ ជួយ​គិត​ជួយ​ធ្វើ​តែ​ម្ដង​។ ជួយ​គិត​បាន​ន័យ​ថា ជួយ​ផ្ដល់​យោបល់ ជាមួយ​ក្រសួង​ការងារ ក្រសួង​អប់រំ ថា​តើ​ជំនាញ​អ្វី ដែល​ខ្លួន​ត្រូវការ ហើយ​ជួយ​បណ្ដុះបណ្ដាល​ឲ្យ​ខ្ញុំ​ផង​។ ជួយ​ធ្វើ គឺ​អាច​បញ្ជូន​គ្រូ​បច្ចេកទេស​មក​ជួយ​តែ ម្ដង​ហើយ​បណ្ដុះបណ្ដាល ដោយ​ខ្លួនឯង​ក៏​បាន​» ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា វិស័យ​ឯកជន មិនមែន​ជាស​ត្រូវ​របស់​រដ្ឋ​ទេ គឺជា​ដៃគូ​ដ៏​ល្អ​របស់​រដ្ឋ គឺ​ទាំងអស់​គ្នា រួម​គ្នា ដើម្បី​បង្កើត​ការងារ បង្កើត​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​របស់​យើង ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី បាន​ឲ្យ​ដឹង​ទៀត​ថា រួម​គ្នា​គិត រួម​ទាំង​ការ​គិតគូរ​អំពី​អត្ថប្រយោជន៍ ជីវភាព​រស់នៅ​សុខភាព និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នេះ ជា​អ្វី​ដែល​យើង​ត្រូវ ត្រូវ​មានការ​បត់បែន យើង​មិន​អាច​រឹង​កំព្រឹស​នោះ​ទេ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​សុំ​ឲ្យ​វិស័យ​ឯកជន ក្រុមហ៊ុន​រួម​គ្នា​ជាមួយ​រដ្ឋ រួម​គ្នា​ធ្វើ រួម​គ្នា​គិត ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​កិច្ច​ការងារ​នេះ ជា​កិច្ច​ការងារ​ជាក់ស្ដែង បើ​យើង​មិន​បាន​ជួយ​ប្រជាពលរដ្ឋ​មិន​បាន​ជួយ​លើកកម្ពស់​សមត្ថភាព​របស់​គាត់​គឺ​មិន​អាច​ទៅ​រួច​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ