ទីក្រុងហូជីមិញ៖ មានករណីពុលនំប៉័ងប៉ាតេ (Pâté) នៅខេត្តដូនណាយ (Dong Nai) វៀតណាមខាងត្បូងបណ្ដាលឱ្យមនុស្ស៣២៨នាក់ធ្លាក់ខ្លួនឈឺកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ពួកគេទិញនំប៉័ងប៉ាតេយកមកញ៉ាំពីហាងលក់តែមួយជាមួយគ្នា។ ហេតុនេះហើយគេសន្និដ្ឋានថានៅក្នុងចំណីអាហារមិនដឹងថាដាក់សារធាតុអ្វីខ្លះទេទើបបានជាមនុស្សពុលដល់ថ្នាក់ហ្នឹង។ នេះបើតាមការផ្សាយរបស់កាសែតវៀតណាមអ៊ិចប្រែស និងកាសែតយុវជនទួយជែ (Vietnam Express & Tuổi Trẻ)។

ជនរងគ្រោះទាំងនេះត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋប្រចាំទីក្រុងឡុងខាញ់ ខេត្តដូនណាយដែលជាប់នឹងទីក្រុងហូជីមិញ។ សាក្សីនិយាយថាជនរងគ្រោះចាប់ផ្ដើមមានអាការៈពុលចំណីអាហារ ក្អួតចង្អោរ រាគរូស ក្ដៅខ្លួនស្ទេញៗ និងចុកពោះមិនព្រមបាត់ទាល់តែសោះ។ នៅពេលគ្រូពេទ្យពិនិត្យទៅទើបដឹងថាពួកគាត់រងការប៉ះពាល់ពោះវៀនធំ។

នៅក្នុងចំណោមជនរងគ្រោះទាំងនោះ គេដឹងថា១៦០នាក់មិនទាន់បានស្រួលខ្លួនមែនទែននៅឡើយទេ។ ពួកគាត់ត្រូវតែស្ថិតនៅក្នុងមន្ទីរពេទ្យជាបន្តទៀតដើម្បីទទួលសេវាថែទាំ និងពិនិត្យតាមដានពីក្រុមគ្រូពេទ្យ។ អ្នកក្រៅពីនេះប្រហែលជាមានកម្លាំងកំហែងល្អដូចដើមវិញ ហើយត្រូវមន្ទីរពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រកបជីវភាពដូចធម្មតានៅផ្ទះឡើងវិញ។

អ្នកនាំពាក្យមន្ទីរពេទ្យខាងលើនេះបង្ហើបឱ្យដឹងថាអ្នកជំងឺភាគច្រើនហាក់ដូចជាលែងមានគ្រោះថ្នាក់ដល់អាយុជីវិតហើយ។ ជាក់ស្ដែងពួកគេបង្ហាញអាការៈបានគ្រាន់បើឡើងវិញជាបណ្ដើរៗ។ សូមជម្រាបថាហាងលក់នំប៉័ងប៉ាតេដែលបណ្ដាលឱ្យអ្នកបរិភោគពុលជាង២រយនាក់នេះមិនមែនទើបតែបើកដំណើរការថ្មីៗនេះទេ ប៉ុន្តែបើកតាំងជាង១០ឆ្នាំមុនមកម៉្លេះ។

ដូច្នេះបើគេនិយាយថាពួកគាត់គ្មានវិជ្ជាជីវៈនៅក្នុងការប្រកបអាជីពមួយនេះក៏មិនត្រូវ។ ទំនងជាពួកគាត់ក៏គ្មានចេតនាធ្វើឱ្យអតិថិជនរបស់ខ្លួនមានបញ្ហាបែបនេះដែរ។ អ្នកខ្លះគិតថាអាចមកពីគ្រឿងផ្សំដែលពួកគាត់ទិញយកមកធ្វើនំប៉័ងប៉ាតេនោះអាចមានបញ្ហា។ សមត្ថកិច្ចបានលើកកម្លាំងចុះឆែកឆេរដល់កន្លែងលក់នោះ ហើយរកឃើញថាហាងនេះមិនទាន់ឈានដល់កម្រិតស្តង់ដាររបស់វៀតណាមនៅឡើយទេនៅក្នុងការបម្រើសេវាចំណីអាហារជូនអតិថិជន។

ដូច្នេះ ហាងនេះត្រូវបិទទ្វារជាបណ្ដោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម។ គេមិនទាន់ដឹងថាតើសមត្ថកិច្ចចាត់វិធានការបែបណានៅក្នុងផ្លូវច្បាប់ចំពោះហាងនេះ ឬក៏ចាត់វិធានការបែបណាចំពោះអ្នកម្ចាស់ហាង។ ករណីពុលនំប៉័ងប៉ាតេនៅវៀតណាមមិនមែនទើបតែកើតឡើងនៅពេលនេះទេ។ ប៉ុន្តែបានកើតឡើងកាន់តែញឹកញាប់នៅដំណាក់កាលចុងក្រោយ។

បញ្ហាធំបំផុតដោយសារភាពស្មោគគ្រោក, ការខ្វះអនាម័យ ហើយអាចគួបផ្សំនឹងការនិយមចូលចិត្តប្រើប្រាស់សារធាតុគីមីនៅក្នុងចំណីអាហារដើម្បីបន្ថែមរសជាតិធ្វើឱ្យអតិថិជនមានអារម្មណ៍ឆ្ងាញ់ និងចាប់មាត់។ ជួនកាល អ្នកខ្លះទៅញ៉ាំចំណីអាហារនៅកន្លែងណាមួយហើយស្រាប់តែមានអារម្មណ៍ញ៉ាម និងញៀន។ លើកក្រោយចង់តែមកញ៉ាំនៅកន្លែងហ្នឹងទៀត។

កាលពីខែមីនា ឆ្នាំ២០២៤មានករណីពុលនំប៉័ងប៉ាតេនៅខេត្តគ័ងង៉ាយ (Quang Ngai) វៀតណាមកណ្ដាលធ្វើឱ្យអ្នកបរិភោគ២៣នាក់ពុលស្ទើរស្លាប់ស្ទើររស់។ កាលណោះ អាជ្ញាធរពិន័យម្ចាស់ហាង៩០លានដុង ឬស្មើនឹងជាង៣៥០០ដុល្លារ និងបិទ ទ្វារ៤ខែ។ មានន័យថាសព្វថ្ងៃនេះមិនទាន់បើកទ្វារឡើងវិញទេដើម្បីធ្វើធានាបញ្ហាអនាម័យ និងសុវត្ថិភាពចំណីអាហារ។

ករណីមួយទៀតកើតឡើងកាលខែកញ្ញា ឆ្នាំ២០២៣នៅខេត្តហយអាន (Hoi An) បណ្ដាលឱ្យពុលអ្នកញ៉ាំនំប៉័ងប៉ាតេ៣១៣នាក់។ ទីនោះជាតំបន់ទេសចរណ៍ដ៏ពេញនិយមប្រចាំខេត្តគ័ងណាម (Quang Nam)។ កាលនោះ អាជ្ញាធរពិន័យម្ចាស់ហាង៩៦លានដុង ឬស្មើនឹងជាង៣៧០០ដុល្លារ និងបិទដំណើរការហាងរយៈពេល៣ខែទុកជាការព្រមានលើកទីមួយ៕


ចែករំលែកព័តមាននេះ