ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ? បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុ​ប​ចាស់​ជាងគេ ពេល​នេះ​គាត់​វិល​មក​ប្រឡង​ជា​ថ្មី ដើម្បី​រត់​តាម​ក្តីស្រ​ម៉ៃ​របស់​ខ្លួន

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​តស៊ូ​មិន​បោះបង់ ដើម្បី​សម្រេច​ក្តី​ស្រ​ម៉ៃ បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុ​បម្នាក់​ដែល​

រាជធានី​ភ្នំពេញ​៖ ការ​តស៊ូ​មិន​បោះបង់ ដើម្បី​សម្រេច​ក្តី​ស្រ​ម៉ៃ បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុ​បម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាងគេ បាន​វិល​ត្រឡប់​មក​ឆាក​ប្រឡង​ជា​ថ្មី​។ ប្រាកដ​ណាស់ បងប្អូន​មហាជន​អាច​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តងទៀត​ហើយ ពេល​បានឃើញ​បេ​ក្ខ​នារី​មួយ​រូប​ដែល​មាន​អាយុ​ចាស់​ជាងគេ នោះ​គឺ​អ្នកស្រី ហែម ស៊ី​ណាត​។

អ្នកស្រី ហែម ស៊ី​ណាត ដែល​ជា​បេ​ក្ខ​នារី​នៅ​ខេត្តបន្ទាយមានជ័យ បាន​បរាជ័យ​ម្តង​ហើយ​កាលពី​សម័យ​ប្រឡង​ឆ្នាំ​២០២២ តែ​ពេល​នេះ​អ្នកស្រី​មិន​បាន​រត់​ចោល​សមរភូមិ ឬ​បាក់ទឹកចិត្ត​នោះ​ទេ គឺ​គាត់​នៅ​តែ​បង្ហាញ​ឆ​ន្ទះ​មុះ​មុត​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យ​មសិ​ក្ស​ទុតិយភូមិ ម្តងទៀត​សម្រាប់​សម័យ​ប្រឡង​ថ្ងៃ​ទី ០៦ វិច្ឆិកា​នេះ ដោយ​មាន​លេង​រៀង​ទី ៤៨៩ ស្ថិត​នៅ​មណ្ឌល​អនុ​វិទ្យាល័យ​ទឹកថ្លា នា​ខេត្តបន្ទាយមានជ័យ​។

គួរ​រម្លឹក​ដែរ​ថា ប្រិ​យ​មិត្ត​មហាជន​ប្រហែល​ពុំ​ទាន់​ភ្លេច​អ្នក​មីង ហែម ស៊ី​ណាត នៅឡើយ​ទេ ដោយ​ស្ត្រី​រូប​នេះ​កាលពី​កន្លង​ទៅ​បាន​មក​ប្រឡង​នៅ​មណ្ឌល សកល​វិទ្យាល័យ​ជាតិ​មាន​ជ័យ ហើយ​បាន​សុំ​ផ្ទះ​គេ​ស្នាក់​នៅ និង​បាន​មក​ប្រឡង​តែ​ម្នាក់ឯង​នោះ ព្រោះតែ​មូលហេតុ​មួយ គឺ​ចង់បាន​សញ្ញាបត្រ​ម​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ និង​ចង់​សម្រេច​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​ចង់​ក្លាយជា​គ្រូបង្រៀន​បើ​ទោះជា​ស្ថិត​ក្នុង ៥៧​ឆ្នាំ​ហើយ​ក៏​ដោយ​នោះ​។

វិល​មក​វិញ​តាម​ការ​សន្យា អ្នកស្រី ហែម ស៊ី​ណា​ម ធ្លាប់​បាន​ប្រកាស​បែប​នេះ​ថា « ឆ្នាំ​ក្រោយ​អ្នក​មីង​នឹង​មក​ប្រឡង​ម្តងទៀត ហើយ​អ្នក​មីង​នឹង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​អោយ​ល្អ​ប្រសើរ​ឡើង​ជាមួយនឹង​មុខ​វិជ្ជា​ដែល​អ្នក​មីង​ខ្សោយ​នោះ ដោយ​អ្នក​មីង​មិន​អាក់អន់ចិត្ត​នោះ​ទេ​ជាមួយ​ការ​ប្រឡង​កាលពី​កន្លង​ទៅ ហើយ​ឆ្នាំ​ក្រោយ​អ្នក​មីង​នឹង​មក​ប្រឡង​ម្តងទៀត ហើយនឹង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មួយ​សន្លឹក​នេះ​អោយ​បាន​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី ហែម ស៊ី​ណាត ដែល​ជា​បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុ​ប​នា​សម័យ​ប្រឡង ៦​វិច្ឆិកា ២០២៣ បានអោយ​ដឹង​ថា មូលហេតុ​ដែល​អ្នក​មីង​ប្រឡង​ម្តង​ហើយ​ម្តងទៀត ដោយ​ចង់បាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ចង់​សម្រេច​ក្តី​ស្រ​ម៉ៃ​ជា​គ្រូបង្រៀន​កិច្ចសន្យា​ផង​ដែរ​។

អ្នក​មីង ហែម ស៊ី​ណា​ម ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា រយៈពេល​កន្លង​មក​ក្រោយ​ពេល​ដែល​ធ្លាក់​បាក់​ឌុ​ប​នោះ អ្នក​មីង​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​នៅ​សាលា​ផ្ទាល់ រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ និង​តាម​អ៊​ន​ឡាញ ដើម្បី​សម្រាប់​ការ​ប្រឡង​ដែល​កៀក​ខិត​ជិត​មក​ដល់​នេះ​។ អ្នក​មីង បាន​បន្ត​ថា មាន​ជំនឿ​ចិត្ត ៥០ ទៅ​៦០​ភាគរយ ដោយ​ក្នុង​នោះ ចំពោះ​មុខ​វិជ្ជា​ដែល​អ្នក​មីង​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ​មាន​ដូច​ជា អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិសាស្ត្រ ហើយ​ចំពោះ​មុខ​វិជ្ជា​ដែល​អ្នក​មីង​គិត​លំបាក​នោះ​គឺ គណិត​វិទ្យា និង​ភាសាបរទេស​។

គួរ​បញ្ជាក់​ដែរ​ថា​ សព្វ​ថ្ងៃនេះ អ្នក​មីង ហែម ស៊ី​ណាត គឺជា​គ្រូ​អក្ខរកម្ម ដោយ​ជា​រៀងរាល់ថ្ងៃ អ្នក​មីង​ត្រូវ​បង្រៀន​សិស្ស​ដែល​មាន​វ័យ​ល្បាក់​ៗ​នឹង​អ្នក​មីង ដោយ​អ្នក​មីង​បាន​បង្ហើប​ថា កូនសិស្ស​របស់​អ្នក​មីង​មាន​វ័យ ៥០​ឆ្នាំ ៦០​ឆ្នាំ និង​៧០​ឆ្នាំ ដោយ​ការ​រៀនអក្សរ​នេះ ដើម្បី​យក​ទៅ​សូត្រធម៌ មើល​ធម៌ ជា​ពិសេស​កូនសិស្ស​ដែល​ចាស់​ជាង​អ្នក​មីង​ផង​នោះ ចង់​ចេះ​អាន និង​ចេះ​សរសេរ​។ ហើយ​សម្រាប់​កា​រប​ង្រៀ​នេះ​ទៀត​សោត អ្នក​មីង​ក៏​ទទួល​បាន​កម្រៃ​ខ្លះ​ៗ​ផង ដោយ​ក្នុង​មួយ​ខែ​ៗ ទទួល​បាន​ប្រាក់ ៥០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​៕ (ដោយ​ ៖ ​លី​ហួ គី​ម​ឆាយ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ