ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពីមាស អូស្ត្រាលី ចង់រកស៊ីពោតលើដី១ពាន់​ហិកតានៅសៀមរាប

3 អាទិត្យ មុន

អ្នកនវិនិយោគទុនអូស្ត្រាលីត្រូវបានគេដឹងថា កំពុងតែចាប់អារម្មណ៍នឹងគម្រោងកសិពាណិជ្ជកម្ម

អ្នកនវិនិយោគទុនអូស្ត្រាលីត្រូវបានគេដឹងថា កំពុងតែចាប់អារម្មណ៍នឹងគម្រោងកសិពាណិជ្ជកម្មនិងឧស្សាហកម្មនៅកម្ពុជាតាមរយៈគម្រោងដាំដុះដំណាំពោត និងកែច្នៃកាកសំណល់កសិកម្មរបស់ខ្លួនតាមរយៈចង្រ្កានពោត ទៅជាជីវធ្យូងដើម្បីរក្សាទុកកាបូន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានបង្ហើបនូវគម្រោងនេះឡើងកាលពីចុងសប្តាហ៍កន្លងទៅនៅពេលដែលលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការនៃក្រសួងនេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្ត្រាលី។

នៅក្នុងជំនួបនេះតំណាងក្រុមហ៊ុន Agribusiness Asian Group (AAG) ដែលមានស្ថាបនិកជាជនជាតិអូស្រា្តលី បានបង្ហាញនូវគោលបំណងក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តភាព តាមរយៈការបង្កើតកសិ-ពាណិជ្ជកម្មនិងឧស្សាហកម្មខ្នាតធំដំបូងដោយការអនុវត្តកសិកម្មឆ្លាតវៃ និងទំនើប លើផ្ទៃដីប្រហែល ១ ០០០ ហិកតា ក្នុងរយៈពេល ៥ឆ្នាំ ។

នៅក្នុងនោះ ក្រុមហ៊ុន AAG បានប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ ទៅជាជីវម៉ាសដែលកើតពីការដុតសំណល់នៅសីតុណ្ហភាព ៦០០ អង្សាសេ ដើម្បីឈានដល់បង្កើតជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១ ០០០ឆ្នាំ។

ប្រភពដដែលបានបន្តថា ជីវម៉ាសចុងក្រោយដែលទទួលបាន នឹងយកទៅប្រើលើដីដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដី រួមមាន ការបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។

ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានស្នើឱ្យ AAG សិក្សាបន្ថែមលើការប្រែក្លាយកាកសំណល់កសិកម្មលើដំណាំស្រូវ ជាពិសេសចំបើង និងដំណាំដទៃទៀត ដែលអាចជា Bio Recycle។ តាមរយៈការអនុវត្តលើដី ១ ០០០ហិកតាក្នុងដំណាក់កាលដំបូង AAG អាចពិចារណាពង្រីកឱ្យកាន់តែធំជាងនេះបន្ថែមទៀត ករណីមានការសិក្សាលើសេដ្ឋកិច្ចច្បាស់លាស់ លើដំណាំពោតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងដំណាំផ្សេងៗ។

បើតាមលោក ប្រាក់ ដាវីដ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពិចារណាក្នុងការសហការគ្នា ដោយផ្អែកលើគោលនយោបាយរបស់ក្រសួង តាមរយៈកសិកម្មបែបទំនើប ដោយបង្កើតនូវម៉ូឌែលអាជីវកម្មថ្មី ដើម្បីជួយដល់កសិកម្ម និងកសិកម្មបែបទំនើប និងកំណត់យកទីផ្សារឱ្យច្បាស់នូវផលចំណេញសេដ្ឋកិច្ច ក្នុងការជួយដល់ការអនុវត្តគម្រោងខាងលើ។

មកដល់ពេលនេះក្រុមហ៊ុនអូស្ត្រាលីមួយចំនួនកំពុងតែប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ហើយ ក្រុមហ៊ុនដែលកំពុងតែដំណើរការនិងល្បីល្បាញជាងគេនោះ គឺក្រុមហ៊ុនដែលកំពុងតែ ធ្វើអាជីវកម្មរ៉ែមាសនៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ