ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ព្រះវិហារ

ប្រាសាទ​កោះ​កេរ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេ​ន ខេត្តព្រះវិហារ ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ

ប្រាសាទ​កោះ​កេរ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេ​ន ខេត្តព្រះវិហារ ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នោះ បាន​កំពុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​ទស្សនា​កាន់តែ​ច្រើន​។

នៅ​ពេល​មាន​អ្នកទេសចរ កម្ពុជា​បាន​ទទួល​ចំណូល​។ ចំណូល​ទាំង​រដ្ឋ និង​ចំណូល​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍ ហើយ​កិច្ចការ​អភិវឌ្ឍន៍ និង​អភិរក្ស ក៏​កើត​មាន​ឡើង ជា​ប្រការ​មួយ​ធ្វើ​ឱ្យ​ប្រាសាទ​ដូនតា​ខ្មែរ ស្ថិតស្ថេរ​នៅ​គង់វង្ស​ជា​យូរអង្វែង​តទៅ​។

ជា​ការ​ពិត ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​កេរដំណែល​ដូនតា​ខ្លួន​គ្រប់​ៗ​គ្នា ប៉ុន្តែ​ដោយសារ​ភូមិសាស្ត្រ ទីតាំង​ឆ្ងាយ កន្លង​មក​មិនសូវ​ជា​មាន​អ្នកទេសចរ​បាន​ទៅ​ទស្សនា​ប្រាសាទ​កោះ​កេរ​នោះ​ទេ ទោះបី​គ្រប់​គ្នា​បាន​ស្គាល់ និង​ដឹង​ថា កោះ​កេរ​មាន​រាង​ពីរ៉ាមីត​ដូច​ប្រាសាទ​ពីរ៉ាមីត ដែល​ល្បីល្បាញ​នៅ​អេ​ហ្ស៊ី​ប​។

សម្រាប់​អ្នកទេសចរ​បរទេស​ក៏​ដូច​គ្នា នៅ​ពេល​សេវា​ទេសចរណ៍​មិន​ទាន់​រៀបរយ ចង់​មិន​ចង់ ពួក​គេ​ប្រាកដជា​មិន​ជ្រើសរើស​យក​ដំណើរ​កម្សាន្ត​ទៅ​ទីនោះ​ទេ ដែល​ជា​ហេតុ​នាំ​ឱ្យ​កោះ​កេរ ឃ្លាតឆ្ងាយ​ពី​មហាជន​។ ប៉ុន្តែ​ក្រោយ​ពី​អង្គការ​យូ​ណេ​ស្កូ បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​មក ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ស្កាត់​ទៅ​ឱ្យ​ឃើញ​ប្រាសាទ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​មួយ នេះ​ច្រើន​ឡើង​។ រាល់ថ្ងៃ កោះ​កេរ ទទួល​ស្វាគមន៍​ទាំង​អ្នកទេសចរ​ក្នុងស្រុក និង​បរទេស​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បាន​បង្ហាញ​ថា ក្នុង​ខែតុលា ឆ្នាំ​២០២៣ នេះ មាន​ភ្ញៀវ​ទេសចរ​ទិញ​បណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន​៦៣០០៩​នាក់ និង​ចំណូល​ថវិកា​ចំនួន ៩​លាន​៩២៧០៣៨​ដុល្លារ ។ បើ​និយាយ​ពី​រយៈពេល​១០​ខែ ឆ្នាំ​២០២៣​នេះ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​អង្គរ​សរុប​ជាង ៦០០២៥០​នាក់ និង​ចំណូល​ថវិកា​ជាង ២៧​លាន​ដុល្លារ ហើយ​ការ​លក់​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​កោះ​កេរ​ជិត ១០​ម៉ឺន​នាក់ និង​ចំណូល​ថវិកា​ជាង ១៤​ម៉ឺន​ដុល្លារ​។

វត្តមាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូល​ទៅ​ទស្សនា​ប្រាសាទ​កោះ​កេរ ជា​សញ្ញា​ប្រាប់​ឱ្យ​ពលរដ្ឋ​ត្រូវ​ខិតខំ​រួម​គ្នា​ថែរក្សា​ប្រាសាទបុរាណ​នានា ដែល​ជា​កេរដំណែល​ដូនតា​ខ្លួន ឱ្យ​បាន​ខ្លាំងក្លា​ឡើង ដើម្បី​ឱ្យ​ប្រាសាទ​ទាំងនោះ​នៅ​គង់វង្ស​ជា​យូរអង្វែង​តទៅ​។ ប្រាសាទ​រាប់​ពាន់ ដែល​ស្ថិត​នៅ​ទូ​ទាំង​ប្រទេស មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ ខាង​វប្បធម៌ ជា​ដួង​ព្រលឹង​របស់​ជាតិ​និង​អាច​ឱ្យ​ពលរដ្ឋ និង​ប្រទេស​ជាតិ ទទួល​ចំណូល​ពី​អ្នកទេសចរ​ផង​ដែរ​។

ដោយសារ​សង្គ្រាម​ប្រាសាទបុរាណ​ខ្មែរ​ជា​ច្រើន ត្រូវ​បាន​បោះបង់ រង​ការ​បំផ្លាញ គ្មាន​ការ​ថែទាំ ហើយ​នៅ​ចុងបញ្ចប់​ប្រាសាទ​ទាំង​អស់នោះ អាច​នឹង​បាត់បង់​រូបរាង​តែ​ម្តង​។

គេ​បានដឹង​ថា កាលពី​ឆ្នាំ​២០០៨ នៅ​ពេល​កម្ពុជា និង​ថៃ មាន​ជម្លោះព្រំដែន ប្រាសាទ​តា​មាន់ ត្រូវ​បាន​គេ​ដឹង​ឮ​ថា កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ ពលរដ្ឋ និង​មន្ត្រីរាជការ បាន​នាំ​គ្នា​គាំទ្រ ផ្គត់ផ្គង់ ដល់​ការ​ថែរក្សា​ប្រាសាទ​មួយ​នេះ​។ ពលរដ្ឋ​ជា​ច្រើន​ក៏​បាន​នាំ​គ្នា​ទៅ​ដល់​ប្រាសាទ​តា​មាន់​។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​សភាពការណ៍​ព្រំដែន​បាន​ស្ងប់ស្ងាត់​មក​វិញ ប្រាសាទ​តា​មាន់ ក៏​ហាក់​ងាក​ទៅ​ស្ថានភាព​កម្សត់​វិញ​។ កម្សត់​អ្នក​ទៅ​ដល់ កម្សត់​ទាំង​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សកម្មភាព​ការពារ ថែរក្សា និង​អភិរក្ស​។ និយាយ​ជា​រួម ព័ត៌មាន​ប្រាសាទ​តា​មាន់​តែ​ម្តង មិន​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើន​ឡើយ វា​ហាក់ដូចជា​ធ្វើ​ឱ្យ​ប្រាសាទ​មួយ​នេះ ឃ្លាតឆ្ងាយ​ពី​អ្នកទេសចរ​។

ក្រៅ​ប្រាសាទ​តា​មាន់ នៅ​មាន​ប្រាសាទ​ជា​ច្រើន​ទៀត នៅ​តាម​ព្រំដែន​ខ្មែរ ថៃ និង​តំបន់​នានា​ដែល​ទាមទារ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ទស្សនា ទៅ​គាំទ្រ និង​ទៅ​លើកទឹកចិត្ត​ដល់​សកម្មភាព ការពារ ថែរក្សា​ប្រាសាទ​ទាំង​អស់នោះ ដែល​ជា​ការ​បើកផ្លូវ ដើម្បី​ទទួល​ស្វាគមន៍​អ្នកទេសចរ​បរទេស​។

សូមកុំ​នាំ​គ្នា​ធ្វើ​សកម្មភាព​តែ​មួយ​ភ្លែត អ្វី​ដែល​ជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ មាន​តម្លៃ​គ្មាន អ្វី​កាត់ថ្លៃ​បាន​ឡើយ​។ ថែរក្សា​ប្រាសាទខ្មែរ មិន​ត្រឹម​ជា​ការ​ថែរក្សា​ព្រលឹង​ជាតិ​នោះ​ទេ ប៉ុន្តែ​អាច​បង្កើត​ចំណូល និង​កសាង​កេរ​ឈ្មោះ​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ