ការស្វែងរកតំណែងជើងឯកយូហ្វាខាប់រយៈពេល១ឆ្នាំបានរកឃើញហើយកាលពីរាត្រីថ្ងៃពុធ គឺបានទៅលើក្រុម Porto របស់ព័រទុយហ្គាល់ក្រោយពីផ្តួលប្អូនបង្កើត Braga 1-0 នៅក្នុងពហុកីឡដ្ឋានអាវីវ៉ា ក្នុងទីក្រុងដាប់លីន ប្រទេសអៀរឡង់។
កីឡាករខ្សែប្រយុទ្ធ Falcao បានក្លាយទៅជាវីរបុរសរបស់ក្លឹប Porto ក្រោយពីស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ជួយឱ្យក្លឹប Porto យកឈ្នះBraga1-0 បានលើកពានរង្វាន់យូហ្វាខាប់ឆ្នាំ២០១១។
នៅក្នុងដំណើរការប្រកួត៩០នាទីការគ្រប់គ្រងបាល់របស់ក្រុមទាំងពីរមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺ Porto មានការគ្រប់គ្រងបាល់បានចំនួន៥៤ភាគរយ ខណៈពេលដែលក្រុម Braga មានការគ្រប់គ្រងបាល់បាន៤៦ភាគរយ។ ចំណែកឯឱកាសស៊ុតបាល់បញ្ចូលទីចំគោលដៅ ក្រុម Braga មានចំនួន៣ដង ខណៈក្រុម Porto មានត្រឹមតែម្តងគត់ តែគេអាចធ្វើបានសម្រេចគោលដៅគឺស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ក្នុងនាទីទី៤៤ចុងតង់ទី១។
ចូលមកដល់តង់ទី២ក្រុមទាំងពីរមានឱកាសវាយបកគ្នាទៅវិញទៅមក តែមិនអាចរកគ្រាប់បាល់បញ្ចូលទីបានបន្ថែមទៀតធ្វើឱ្យចប់ការប្រកួតក្រុមទាំងពីររក្សាបានលទ្ធផល១-០ដដែល។
ការទទួលបានពានរង្វាន់យូហ្វាខាប់លើកនេះបានលើកមុខមាត់ឱ្យលោក Andre Villas Boas វ័យ៣៣ឆ្នាំ ក្លាយទៅជាគ្រូបង្វឹកវ័យក្មេងជាងគេបំផុតដែលដឹកនាំក្លឹបឈ្នះជើងឯកយូហ្វាខាប់។ គ្រូបង្វឹកវ័យក្មេងរូបនេះអាចនឹងរកបានពានរង្វាន់បីឱ្យក្លឹប Porto សម្រាប់រដូវកាល
នេះ ។ ពានរង្វាន់ទី១ គឺពានរង្វាន់ព័រទុយហ្គាល់លីក ទី២ ពានរង្វាន់យូហ្វាខាប់ ដែលទទួលបានរួចហើយ និងទី៣ ពានរង្វាន់ព័រទុយហ្គាល់ខាប់ដែលនឹងធ្វើការប្រកួតនៅថ្ងៃអាទិត្យខាងមុខ
នេះ។
លោក Andre Villas Boas បាននិយាយថា នេះ គឺជាសមិទ្ធផលមួយដ៏ល្អឥតខ្ចោះសម្រាប់ក្លឹបPorto ក្នុងរដូវកាលនេះ ហើយខ្ញុំសង្ឃឹមថា ពានរង្វាន់នេះគឺជាដើមទុនសម្រាប់អភិវឌ្ឍន៍ក្លឹប Porto នៅពេលអនាគត។
គួររំលឹកថា ក្លឹបPorto គឺជាក្លឹបល្បីនៅក្នុងលីកព័រទុយហ្គាល់ ព្រមទាំងល្បីក្នុងតំបន់អឺរ៉ុបផងដែរ។ ក្លឹប Porto ធ្លាប់បានជាប់តំណែងជើងឯកយូហ្វាខាប់២ជំនាន់ គឺក្នុងឆ្នាំ២០០៣ និង២០១១នេះលើសពីនេះទៀតគេធ្លាប់ទទួលបានជើងឯកយូហ្វាឆេមពានលីក២ជំនាន់ទៀតគឺក្នុងឆ្នាំ១៩៨៧ និងឆ្នាំ២០០៤ ៕
ចែករំលែកព័តមាននេះ