ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​គ្រូទាយ​ម្នាក់​​​ស្លៀកស្បង់ចីវរ​អង្គុយ​ក្នុង​ចាន​ផ្កាឈូក ​ត្រូវ​អាជ្ញាធរ​ចុះ​អប់រំ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ស្ត្រីជា​គ្រូទាយ​ម្នាក់​​ដែល​យក​ស្បង់​ចីវរ​របស់​ព្រះសង្ឃ មក​ស្លៀក​អង្គុយ​ក្នុង​ចាន​ផ្កាឈូក

ខេត្តក្រចេះ​ ៖ ស្ត្រីជា​គ្រូទាយ​ម្នាក់​​ដែល​យក​ស្បង់​ចីវរ​របស់​ព្រះសង្ឃមក​ស្លៀក និង​​អង្គុយ​ក្នុង​ចាន​ផ្កាឈូក ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បង្ក​ការ​​ភ្ញាក់​​ផ្អើល​ និង​មានការ​រិះគន់​ជា​ខ្លាំង​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ក្រចេះ​ រួមនឹង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ព្រមទាំង​ព្រះ​មេគុណ​ខេត្ត ​បាន​ចុះ​អប់រំ និងធ្វើ​កិច្ចសន្យា​​អោយ​ប​ញ្ឈប់​សកម្មភាព កាលពី​​ថ្ងៃ​ទី៣១ ខែតុលា​ ឆ្នាំ​២០២៣ នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់ អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ។

​ក្រោយ​ពី​ផ្ទុះ​ការ​រិះគន់ អាជ្ញាធរ និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​ចុះ​ទៅ​អប់រំ​ស្ត្រី​គ្រូទាយ​មួយ​រូប​នោះ​ឲ្យ​ប​ញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ។

ប្រធាន​មន្ទី​ធម្មការ និង​សាសនា​ខេត្តក្រចេះ លោក ស៊ូ សែ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៣​នេះ​ថា លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​ ហើយ​អ្វី​ដែល​ក្រុមការងារ​បាន​ឲ្យ​គ្រូទាយ​ស្រី​រូប​នោះ​​អនុវត្ត​​​​តាម​លក្ខខណ្ឌ​​ចំនួន៣​ចំនុច រួម​មាន ៖

១-សូម​ឲ្យ​លុប​ចេញ​នូវ​វី​ដេ​អូ​ឃ្លី​ប​ដែល​ខ្លួន​បាន​បង្ហោះ ការ​ស្លៀកពាក់​ស្បង់​ចីវរ​ព្រះសង្ឃ​នោះ​ឲ្យ​លុប​ចេញពី​បណ្ដាញ​សង្គម​វិញ​។
២-​សុំ​ដក​យក​ស្បង់​ចីវរ​ព្រះសង្ឃ​មក​រក្សា​ទុក​នៅ​ព្រះ​ចៅអធិការ​វត្ត​អូរ​ឬ​ស្សី ។
​៣-មិន​អនុញ្ញាត​ឱ្យ​ស្លៀកពាក់​ស្បង់​ចីវរ​ព្រះសង្ឃ​បែប​នេះ​ទៀត​នៅ​ពេល​ក្រោយ​ទេ​។ បើសិនជា​មិន​អនុវត្ត​តាម​កិច្ចសន្យា​ទាំង​៣​ចំណុច​នេះ​ទេ លោក​នឹង​មាន​វិធានការ​ច្បាប់​ផ្សេង​ទៀត​។

លោក​បន្ថែម​ថា​ លក្ខខណ្ឌ​ទាំង​៣ចំនុច​ខាងលើ ដែល​ក្រុមការងារ​បាន​ដាក់​ឲ្យ​គ្រូទាយ​រូប​នោះ គាត់​បាន​យល់ព្រម​អនុវត្ត​តាម​ទាំង​៣​ចំនុច មិន​មានការ​រឹង​រូស​​នោះ​ទេ​។

ស្ត្រី​ជា​គ្រូទាយ​មើល​ជោគវាសនា និង​ព្យាបាល​ជំងឺ​ខាងលើ​ឈ្មោះ សុខ នី បាន​ធ្វើ​កិច្ចសន្យា ដូច​តទៅ ៖ ថ្ងៃក្រោយ ​នាងខ្ញុំ​ឈប់​យក​ស្បង់​ចីវរ​ព្រះសង្ឃ​មក​ស្លៀកពាក់ និង​ឈប់​ធ្វើ​សកម្មភាព​មិន​សមរម្យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​ព្រះពុទ្ធ​សាសនា​ទៀតហើយ ។ ​បើ​ពេល​ក្រោយ​នាង​ខ្ញុំ នៅ​ហ៊ាន​ធ្វើ​ដូច្នេះ​ទៀត នាង​ខ្ញុំ​សូម​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ