ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជំរុញ​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​ផ្តល់​សេវា​ជូន​ភ្ញៀវ ឲ្យ​កាន់តែ​ល្អ​ប្រសើរ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ជំរុញ​ទៅ​កាន់​មន្ត្រីមាន​សមត្ថកិច្ច​ទាំងអស់ ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ប៉ោយ​ប៉ែ​ត ​ត្រូវ​មាន​ស្មារតី​លះបង់​ខ្ពស់ ស្រប​ពេល​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ​កំពុង​ធ្វើ​កំណែទម្រង់​ បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ជំរុញ​ទៅ​កាន់​មន្ត្រីមាន​សមត្ថកិច្ច​ទាំងអស់ ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ប៉ោយ​ប៉ែ​ត ​ត្រូវ​មាន​ស្មារតី​លះបង់​ខ្ពស់ ស្រប​ពេល​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ​កំពុង​ធ្វើ​កំណែទម្រង់​ បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ចជាតិ​ បាន​ពី​វិស័យ​ទេសចរណ៍ ធុរកិច្ច និង​វិស័យ​ផ្សេង​ៗ​ទៀត ​។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស ដែលឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចុះ​ជួប​សំណេះសំ​ណា​ល​ជាមួយ​មន្ត្រី​នគរបាល​ជាតិ ​ប្រចាំ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣​​ ។

ថ្លែង​ចំពោះ​មុខមន្ត្រី​នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ថ្លែង​បញ្ជាក់​ថា​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ថា ​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ កំពុង​ទទួល​លំហូរ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ការ​ដឹក​ទំនិញ​ចេញចូល ដែល​តម្រូវ​ឱ្យ​មន្ត្រី​ផ្តល់​សេវាកម្ម ​ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការ​ផ្តល់​សេវា​ប្រកបដោយ​ស្នាមញញឹម​រាក់​ទាញ បង្កើន​សមត្ថភាព​ផ្តល់​សេវា​រហ័ស​ទាន់ចិត្ត​ប្រកបដោយ​ទំនុកចិត្ត មាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិ​ភាពល្អ​ប្រសើរ​សម្រាប់​ភ្ញៀវ​ ។

ឯកឧត្តម ស សុខា បាន​លើក​ឡើង​នូវ​បញ្ហា​ជា​អត្ថិភាព​ចំនួន​៤​ធំ​ៗ ដែល​ត្រូវ​យកចិត្តទុកដាក់​ ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​កាន់តែ​ល្អ​ប្រសើរ ពោល​គឺ​បញ្ហា​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន ពិសេស​ក្នុង​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ​។

មួយទៀត​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ផ្តល់​សេវា​ច្រក​ចេញចូល​តែ​មួយ ដែល​គួរ​សិក្សា​បង្កើត​អគារ​ ឬ​បន្ទប់​ផ្តល់​សេវា​ច្រក​ចេញចូល​តែ​មួយ ងាយស្រួល​សម្រាប់​មហាជន​ទូទៅ​ទទួល​សេវាកម្ម​។

ក្នុង​នោះ​ផង​ដែរ ត្រូវ​គ្រប់គ្រង​គន្លង​ផ្លូវ​ចេញចូល​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និង​ច្រក​សម្រាប់​ចេញចូល​ទំនិញ​ឱ្យ​មាន​លំហូរ​ជាក់លាក់​។ ចំណែក​បញ្ហា​សំខាន់​មួយទៀត​នោះ គឺ​ការ​ផ្តល់​ឯកសារ​ធ្វើ​យ៉ាង​ឱ្យ​ប្រា​ដក​ថា​ មាន​ភាព​ងាយស្រួល​ជាង​ពេល​កន្លង​ទៅ ពោល​គឺ​កាត់​បន្ថយ​ភាពយឺត​យ៉ាវ​សម្រាប់​ភ្ញៀវ ​។

យ៉ាងណា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ថ្លែង​កោតសរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ពាក់ព័ន្ធ​កន្លង​ទៅ បច្ចុប្បន្ន និង​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​ នា​ពេល​អនាគត​បន្ត​ទៅ​មុខ​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ វឌ្ឍនភាព ​នៃ​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា បូក​រួម​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ពិនិត្យ​លិខិតឆ្លងដែន ​(​ស្កេ​ន QR code) ​នៅ​ច្រក​ចេញចូល​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត មាន​ជំនឿ​ជាក់​ថា ការងារ​ផ្តល់​សេវា​មួយ​នេះ ​នឹង​កាន់តែ​មាន​ភាព​ងាយស្រួល ឆាប់រហ័ស ចំណេញ​ពេលវេលា​ដល់​ភ្ញៀវ​ចេញចូល​ប្រទេស​កម្ពុជា​ ។

ថ្លែង​បញ្ចប់​ នៃ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់ ​ត្រូវ​បំពេញ​តួនាទី​ភារកិច្ច គោរព​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ពិសេស​ការ​ពង្រឹង​ការ​គ្រប់គ្រង​ការ​ចេញចូល​របស់​អ្នកដំណើរ​ដោយ​ត្រូវ​ប្រា​ដក​ថា ​មាន​ភាព​ត្រឹមត្រូវ​តាម​បទដ្ឋាន​នានា​។ មួយទៀត​ផង​ដែរ មន្ត្រី​ទាំងអស់​ត្រូវ​ត្រៀម​សម្ភារៈ​ និង​មធ្យោបាយ​ផ្សេង​ៗ​ ដើម្បី​អន្តរាគមន៍​ ជួយ​សម្រួល​ដល់​ភ្ញៀវ​ទាន់​ពេលវេលា ករណី​មាន​គ្រោះ​អាសន្ន​ណា​មួយ​កើតឡើង ​ជាយថាហេតុ​ ។

អ្វី​ដែល​ជា​ការ​រំពឹង​ទុក​មួយទៀត​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សង្ឃឹមថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ ​នឹង​ក្លាយជា​ទីតាំង​ផ្តល់​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព សោ​ភណ្ឌ​ភាព អនាម័យ សន្តិសុខ​ល្អ​ប្រសើរ ដែល​នាំ​មក​នូវ​កិត្យានុភាព​ជាតិ ប្រការ​នេះ​ទាមទារ​ឱ្យ​មន្ត្រី​ទាំងអស់​ចូលរួម​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ