ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • សៀមរាប

អំឡុង​ពេល​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ចាប់ពី​ថ្ងៃ​ទី​២៨ រហូត​ដល់ទី​៣០ ខែតុលា ឆ្នាំ​២០២៣ ព្រះសង្ឃ​មួយ​ព្រះ​អង្គ ព្រះ​នាម ចន្ទ មុនី នៅ​ខេត្តកំពង់ឆ្នាំង បាន​និមន្ត​ទៅ​កាន់​ទឹកដី​អង្គរ​។ រយៈពេល​៣​ថ្ងៃ​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា

រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ចាប់ពី​ថ្ងៃ​ទី​២៨ រហូត​ដល់ទី​៣០ ខែតុលា ឆ្នាំ​២០២៣ ព្រះសង្ឃ​មួយ​ព្រះ​អង្គ ព្រះ​នាម ចន្ទ មុនី នៅ​ខេត្តកំពង់ឆ្នាំង បាន​និមន្ត​ទៅ​កាន់​ទឹកដី​អង្គរ​។ រយៈពេល​៣​ថ្ងៃ​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាញ​យក​ភ្ញៀវ​ទេសចរ​ជាតិ​បែប​សាសនា​ប្រមាណ​ជា​២១​ម៉ឺន​នាក់ នៅ​ទឹកដី​សៀមរាប​អង្គរ​របស់​យើង​។

ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្មេង ទាំង​ចាស់ មក​ពី​បណ្តា​រាជធានី និង​ខេត្ត​នានា បាន​នាំ​គ្នា​ទៅ​កាន់​ខេត្តសៀមរាប​យ៉ាងច្រើន​កុះករ ដើម្បី​បាន​ទៅ​ជួប​ព្រះសង្ឃ ព្រះ​ធម្ម វនវាសី ចន្ទ មុនី ហៅ សង្ឃ​ធុ​ដ​ង្គ នៅ​ប្រាសាទ​អង្គរ និង​ទីកន្លែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ក្រុង​សៀមរាប​។ បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ទាំងនោះ បាន​ចាត់​ទុក​ថា ព្រះសង្ឃ ចន្ទ មុនី មាន​ព្រះ​បារមី​ដ៏​ខ្លាំងពូកែ ដែល​គួរ​ឲ្យ​ជាទី​គោរព​។

វត្តមាន​ប្រជាពលរដ្ឋ​ច្រើន​ក​កុញ​នៅ​ប្រាសាទអង្គរវត្ត ក៏​បាន​បង្ក​ឱ្យ​មាន​សំរាម​នៅ​ពាស​វាល​ពាស​កាល ក្រោយ​ពី​ការ​ជួបជុំ​នោះ​រួច​។ ការ​បោះចោល​សំរាម កាក​សំណល់ ចំណីអាហារ​ដូច្នេះ ត្រូវ​បាន​គេ​លើក​ឡើង​ថា មក​ពី​នៅ​ប្រាសាទអង្គរវត្ត មិន​មាន​ដាក់​ពង្រាយ​ធុងសំរាម​ច្រើន ព្រោះ​វា​មាន​ផល​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ប្រាសាទ​អង្គរ​។ ដោយសារ​តែ​មិន​មាន​ធុងសំរាម ទើប​ប្រជាពលរដ្ឋ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​ដូច្នេះ​។

ដូច្នេះ​គេ​លើក​ឡើង​ថា អ្នក​ដើរ​លេង​កម្សាន្ត និង​ប្រជាពលរដ្ឋ​ដែល​ទៅ​ជួបជុំ​ចង់​ជួប​ថ្វាយបង្គំ​ព្រះសង្ឃ ចន្ទ មុនី មិន​ត្រូវ​យក​សំរាម​ច្រើន​ទៅ​តាម​ខ្លួន​ទេ ហើយ​ត្រូវ​តែ​នាំ​យក​សំរាម​ទាំងនោះ​តាម​ខ្លួន​វិញ ព្រោះ​កន្លែង​បេតិកភណ្ឌ គឺជា​កន្លែង​ព្រលឹង​ដូនតា បុព្វបុរស​ខ្មែរ​យើង មិន​ត្រូវ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​ដូច្នេះ​ឡើយ​។

គេ​លើក​ឧទាហរណ៍​ថា នៅ​ស្រុក​គេ សំរាម​របស់​អ្នក​ណា គឺ​អ្នក​នោះ​ត្រូវ​ដាក់​ចូល​ហោប៉ៅ​របស់​គេ ឬ​ក៏​វេច​ខ្ចប់​យក​តាម​ខ្លួន ក្រោយ​ទទួលទាន​រួច​។ មិន​ដូច្នេះ​ទេ ត្រូវ​វេច​កាន់​កាក​សំណល់​សំរាម​ទាំងនោះ​ទៅ​រក​កន្លែង​បោះចោល​សំរាម​នៅ​គំនរ​សំរាម ឬ​នៅ​ធុងសំរាម​ដែល​នៅ​ជិត​ៗ​នោះ​។

ហើយ​ក៏​មានការ​លើក​ឡើង​ទៀត​ថា បើ​មាន​ធុងសំរាម​ច្រើន​ដាក់​ពង្រាយ​នៅ​តាម​ទី​សាធារណៈ តាម​ប្រាង្គ​ប្រាសាទ ដោយ​រចនា​ឱ្យ​មាន​បែបបទ គឺ​មិន​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទបុរាណ​យើង​ទេ​។ បើ​មាន​ធុងសំរាម​ដាក់​ពង្រាយ​ច្រើន​ហើយ ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បោះចោល​សំរាម​ក្រៅ​ធុងសំរាម​ទៀត ទើប​ជា​បញ្ហា​។

ម្យ៉ាងទៀត អ្នក​លក់ដូរ រួម​ទាំង​អាជ្ញាធរ សមត្ថកិច្ច ដែល​មើល​ការ​ខុស​ត្រូវ​ទី​សាធារណៈ និង​ប្រាសាទបុរាណ​ទាំងនោះ គួរតែ​ចូលរួម​អប់រ​ណែនាំ និង​ចែក​ថង់​ប្លា​ស្ទិ​ក សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​យ៉ាង​ហោច​ណាស់ ក៏​បាន​វេច​ខ្ចប់​ដាក់​មួយ​ដុំ​ដែរ​។ អ្នកលក់ ក៏​ត្រូវ​តែ​ចូលរួម​សម្អាត​បរិស្ថាន​នៅ​កន្លែង​​​លក់ដូរ​របស់​ខ្លួន ដោយ​បោសសម្អាត និង​វេច​ខ្ចប់​សំរាម កាក​សំណល់​ទាំងនោះ​ផង​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រោយ​ការ​ជួបជុំ​នោះ ហើយ​មាន​សំរាម​នៅ​ពាស​វាល​ពាស​កាល ក៏​មាន​មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា អ្នក​នាំ​ភ្ញៀវ និង​ក្រុម​យុវជន បាន​ចូលរួម​ប្រមូល​រើស​សំរាម​ទាំងនោះ ដើម្បី​សោ​ភណ្ឌ​ភាព​ប្រាង្គ​ប្រាសាទ​យើង​ផង​ដែរ​។

អស់ពី​ការ​ជួបជុំ​មនុស្ស​ច្រើន បង្កើត​សំរាម​ពាស​វាល​ពាស​កាល​ហើយ ក៏​នៅ​មាន​ករណី​អ្នក​លក់ដូរ​ខ្លះ​បានកា​.​ប់​ភ្ញៀវ​មិន​ដាក់​ទឹក​។ នោះ​គឺ​ទឹកបរិសុទ្ធ​១​ដប ដែល​ធ្លាប់តែ​លក់​តម្លៃ​១​ពាន់​រៀល បែរជា​ពេល​មាន​មនុស្ស​ច្រើន​លក់​ដល់​ថ្លៃ​១​ដប​១​ដុល្លារ ឬ​៤០០០​រៀល​ទៅ​វិញ​។ នេះ​គ្រាន់តែ​ទឹកបរិសុទ្ធ​១​ដប ចុះ​នៅ​នំចំណី​អាហារ​ផ្សេង​ទៀត រួម​ទាំង​សេវា​ដឹក​ជញ្ជូន តើ​អ្នកលក់ និង​អ្នក​ផ្តល់​សេវា​ដឹក​ជញ្ជូន​ដូច្នេះ ឡើងថ្លៃ​កម្រិត​ណា?​។ នេះ​គឺជា​រឿង​ថ្មី​មួយទៀត ដែល​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​លើ​ក្រុម​អ្នក​លក់ដូរ​ខិលខូច​មួយ​ចំនួន​នៅ​តំបន់​អង្គរ ខណៈ​ដែល​អាជ្ញាធរ សមត្ថកិច្ច និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក្រោយ​ស្ងប់ស្ងាត់​អស់​រយៈពេល​យូរ​តាំងពី​មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ទៅ​ទៀត​។

អំពី​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​វិញ​! សូម​ជឿ​ដោយ​បញ្ញា ដោយ​ការ​ត្រឹះ​រិះ​ពិចារណា​លើ​ហេតុផល​។ កុំ​គ្រាន់តែ​ល្បី​តាម​គ្នា​ថា ព្រះសង្ឃ​នេះ ព្រះសង្ឃ​នោះ មាន​បារមី​ពូកែ ឬ​ជា​ទេវតា​ដើរ​ដី ក៏​ផ្អើល​តាម​គ្នា​ជឿ​ដែរ​។ ជាក់ស្តែង អំឡុង​ពេល​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ទទួល​ការ​និមន្ត​ដល់​របស់​ព្រះ​ធម្ម វនវាសី ចន្ទ​មុនី នៅ​អង្គរវត្ត គឺ​ឮ​តែ​គេ​និយាយ​ពី​បារមី​របស់​ព្រះ​អង្គ ដោយ​មិន​មាន​ឮ​អ្នក​និយាយ​ថា ព្រះ​អង្គ​ឲ្យ​ឱវាទ​យ៉ាងណា​ទេ​។ ដូច្នេះ​អ្នកខ្លះ​ដែល​ពោល​ពាក្យ​ថា ជ្រះថ្លា​នឹង​ព្រះ​អង្គ​ណាស់ គួរតែ​នាំ​គ្នា​ទៅ​ស្តាប់​ឱវាទ​របស់​ព្រះ​អង្គ​តាម​បែប​ធម៌​ព្រះពុទ្ធ ជា​ជាង​ទៅ​ឱ្យ​ព្រះ​អង្គ​ប្រោស​ព្រំ សុំ​សេចក្តីសុខ ឬ​ក៏​ទៅ​ជួប ដើម្បី​ថតរូប​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​។

ម្យ៉ាងទៀត ចូរ​កុំ​ភ្លេច​ថា ព្រេងវាសនា តែងតែរ​ត់ទៅ​រក​ជន​ទាំងឡាយ​ណា​ដែល​ខិតខំ​ព្យាយាម មិន​ដេក​ទ្រមក់​-​ហួសពេល​វេលា មិនកើត​ទុក្ខ​ចំពោះ​សេចក្តី​វិនាស​អន្តរាយ ជន​ដែល​មាន​សេចក្តី​ក្លាហាន អ្នកដឹង​នូវ​ឧបការៈគុណ​របស់​អ្នក​ដទៃ និង​ជា​អ្នកមាន​នូវ​ចិត្តល្អ​មាំមួន នៅ​ក្នុង​សន្តាន​ដោយ​ខ្លួនឯង មិនមែន​មក​ពី​ទីលំនៅ ជា​ហេតុ​នោះ​ទេ​៕

អត្ថបទដោយ ៖ មុត ស្រី​ពៅ
រូបភាពដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ