កីឡាករអេស្ប៉ាញ ដានី ប៉េដ្រូហ្សាដែលបើកបរឱ្យក្រុមហុងដា អាចនឹងខកខានការប្រណាំងកម្មវិធី Catalunya Moto Grand Prix បន្ទាប់ពីក្រុមរបស់គេបានអះអាងថា គេ(ប៉េដ្រូហ្សា)បានបាក់ឆ្អឹងស្លាបប្រជៀវអំឡុងការប្រណាំងនៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យកន្លងមក។
ប៉េដ្រូហ្សាបានរងគ្រោះដួលម៉ូតូក្រោយពីកៀរគ្នាជាមួយកីឡាករម៉ាកូ ស៊ីម៉ុនសែល ក្នុងខណៈដែលពួកគេទាំង២នាក់កំពុងប្រជែងគ្នាយកចំណាត់ថ្នាក់លេខ២ នៅទីលានប្រណាំងក្រុង ឡឺម៉ង់ ប្រទេសបារាំង។ ការប្រណាំងនេះ ជើងឯកបានទៅលើកីឡាករអូស្ត្រាលីខាស៊ី ស្តូន័រ ។
កីឡាករប៉េដ្រូហ្សា ត្រូវតែធ្វើការសម្រេចចិត្តថាតើត្រូវវះកាត់ឬក៏ទុកឱ្យឆ្អឹងនោះជាសះស្បើយតាមធម្មជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហុងដាបានបញ្ជាក់ថា៖«នៅក្នុងការព្យាបាលតាមករណីមួយណាក៏ដោយ ក៏វត្តមានរបស់កីឡាករប៉េដ្រូហ្សានៅក្នុងកម្មវិធី Catalunya Moto Grand Prixមិនអាចទៅរួចទេ»។
កីឡាករប៉េដ្រូហ្សាធ្លាប់បានធ្វើការវះកាត់ម្តងរួចមកហើយក្នុងរដូវកាលនេះ ដើម្បីដកយកដែកចេញពីឆ្អឹងស្លាបប្រជៀវរបស់គេក្នុងខែតុលា។ បន្ទាប់ពីយកបន្ទះដែកចេញរួច គេក៏បានវិលចូលប្រណាំងនៅប្រទេសព័រទុយហ្គាល់និងដណ្តើមបានជើងឯកទៀតផង។ ចំណែកនៅលើតារាងជើងឯកពិភពលោកវិញ ប៉េដ្រូហ្សាស្ថិតនៅលំដាប់ទី៣បន្ទាប់ពីកីឡាករចច ឡូរ៉ឹនហ្សូនិងកីឡាករស្តូន័រ។ នេះជាលទ្ធផលបន្ទាប់ពីឆ្លងកាត់៤ប្រណាំងក្នុងរដូវកាល ៕
ចែករំលែកព័តមាននេះ