កីឡាករបារាំងចន ហ្គាដ្រែតបានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះដំនាក់ទី១១នៃការប្រណាំងកង់កម្មវិធីGiro d’Italiaនៅប្រទេសអ៊ីតាលីកាលពីថ្ងៃពុធទី១៨ខែឧសភាកន្លងមកនេះ។ ការប្រណាំងដំណាក់ខាងលើនេះបានបញ្ចប់នៅទីក្រុងRavennaប្រទេសអ៊ីតាលី។
ហ្គាដ្រែតដែលជាអ្នកជិះកង់ឲ្យក្រុមAG2Rបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៤២គីឡូម៉ែត្រចេញដំណើរពីទីក្រុង Tortoretoឆ្ពោះទៅកាន់ទីក្រុង Ravennaប្រទេសអ៊ីតាលី ដោយប្រើអស់ថិរវេលា៣ម៉ោង៣៣នាទីនិង១១វិនាទីយកឈ្នះកីឡាករអេស្ប៉ាញចាវគីម រ៉ូឌ្រីកហ្គេសជិះឲ្យក្រុមKatusha Teamនិងឈ្នះកីឡាករអុីតាលីហ្ស៊ីអូវ៉ាន់នី វីសកុងទីរបស់ក្រុមFamese Viniដែលអ្នកទាំងពីរបានប្រើថិរវេលាច្រើនស្មើៗគ្នា។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះកីឡាករហ្គាដ្រែតបានបញ្ជាក់ថា៖«ខ្ញុំបានបើកការវាយប្រហារដ៏ធំមួយ។ ជើងរបស់ខ្ញុំពិតជាគ្មានបញ្ហាដ្បិតខ្ញុំគឺជាអ្នកជំនាញខាងជិះឡើងទីទួល។ក្រុមទាំងមូលរបស់ខ្ញុំនៅថ្ងៃនេះពិតជាបានធ្វើរឿងមួយដែលមិនគួរឲ្យជឿ។ ពួកយើងបានធ្វើរឿងមួយយ៉ាងស្រុះគ្នា ហើយទីបំផុតយើងដណ្តើមបានជ័យជម្នះ។ ខ្ញុំបានសម្រេចចិត្តថាវាជាការល្អប្រសើរដែលជិះតាមពីក្រោយកីឡាកររ៉ូឌ្រីកហ្គេស ដ្បិតអីខ្ញុំដឹងថាខ្ញុំអាចវ៉ាកីឡាករអេស្ប៉ាញនេះបានបើសិនជាខ្ញុំចង់។ ខ្ញុំបានជិះតាមពីក្រោយគេរហូត ហើយនៅពេលដែលនៅសល់១៥០ម៉ែត្រចូលដល់ទីព្រ័តខ្ញុំក៏បន្ថែមល្បឿនយកឈ្នះតែម្តង»។ កីឡាកររូបនេះបានបន្ថែមថា៖«នេះជាជ័យជម្នះដែលបានមកដោយការព្យាយាមយ៉ាងខ្លាំងក្លាបំផុត»។
ទោះជាយ៉ាងណា សម្រាប់កីឡាករហ្គាដ្រែតជ័យជម្នះលើកនេះពិតជាមិនអាចជួយឲ្យរូបគេសន្សំពិន្ទុបានគ្រប់គ្រាន់ដើម្បីនាំមុខលើកីឡាករ
ដទៃនៅលើតារាងពេលវេលាសរុបបានទេព្រោះកីឡាករអេស្ប៉ាញអាល់បឺតូ កុងតាឌ័រដែលបានបញ្ចប់ដំណាក់នេះក្នុងចំណាត់ថ្នាក់ទី៥នោះនៅតែមានសមត្ថភាពនាំមុខគេគ្រងអាវកាក់ពណ៌លឿងជាដដែល។
នៅលើតារាងពេលវេលាសរុបបន្ទាប់ពីឆ្លងកាត់ការប្រណាំងអស់១១ដំណាក់មកនេះកីឡាករកុងតាឌ័រដែលជាអ្នកនាំមុខគេគ្រប់គ្រងអាវកាក់ពណ៌លឿងបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ៤០ម៉ោង៣៧នាទីនិង៥១វិនាទីនាំមុខកីឡាករបេឡារុសកង់ស្តង់ស៊ីន ស៊ីវសូវជិះឲ្យក្រុមHTC-Highroadដែលបានប្រើពេលច្រើនជាង៥៩វិនាទីនិងឈ្នះកីឡាករអ៊ីតាលីនៃក្រុមLiquigas-Cannondaleដែលបានប្រើថិរវេលាច្រើនជាង១នាទីនិង២១វិនាទី ។
សូមបញ្ជាក់ថាការប្រណាំងកម្មវិធីGiro d’Italiaឆ្នាំនេះមាន២១ដំណាក់។ ដោយឡែកដំណាក់ទី១២ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៨៤គីឡូម៉ែត្រចេញដំណើរពីទីក្រុង Castelfidardoឆ្ពោះទៅកាន់ទីក្រុង Ravennaប្រទេសអ៊ីតាលី ៕
ចែករំលែកព័តមាននេះ