ជើងឯកWWE Champion ចន ស៊ីណាបានប្រើកំពូលស្នៀតពិឃាតរបស់ខ្លួន(Attitude Adjustment)យកឈ្នះកីឡាករជែក ស្វែកហ្គ័រនៅក្នុងការប្រកួតមួយទល់មួយនៅសង្វៀនកីឡាកាសRAWកាលពីរាត្រីថ្ងៃចន្ទត្រូវនឹងព្រឹកថ្ងៃអង្គារទី១៧ឧសភានៅកម្ពុជា។ ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅសង្វៀនកីឡាកាសក្រុងSan Antonioរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ការប្រកួតនៅរាត្រីនោះហាក់ដូចជាប្លែកពីលើកមុនៗបន្តិច ដ្បិតជាការប្រកួតដែលគ្មានការកំណត់ម៉ោងឬក៏ការរាប់១ដល់១០ពីសំណាក់អាជ្ញាកណ្តាលហៅកីឡាករមកលើសង្វៀនបន្ទាប់ពីពួកគេធ្លាក់ទៅក្រោម។
នៅមុនការប្រកួត កីឡាករដឺមីសទទួលបានសិទ្ធិក្នុងការជ្រើសរើសប្រភេទនៃការប្រកួតនិងគូប្រកួតសម្រាប់ចន ស៊ីណា។ ដោយស្អប់ស៊ីណាផងនោះ ដឺមីសបានជ្រើសរើសយកជែក ស្វែកហ្គ័រឲ្យប្រដៅស៊ីណាជំនួសរូបគេ។
ក្នុងខណៈស៊ីណាដើរចេញពីបន្ទប់រង់ចាំ ដឺមីសបានគួរសមជាមួយគេ និងបានអញ្ជើញគេឲ្យឡើងសង្វៀនប្រកួត។ ភ្លាមនោះ ស្វែកហ្គ័រក៏ចេញមកវាយសន្ធាប់លើស៊ីណារកតដៃមិនទាន់។ នោះគឺជាការចាប់ផ្តើមប្រកួតក្នុងរាត្រីនោះ។
ក្រោយពីស្វែកហ្គ័រវាយរហូតដល់ជ្រុះមួកព្រមទាំងខ្សែក្រវាត់ នៅលើសង្វៀនស៊ីណាត្រូវរងការធាក់ទន្ទ្រាំផ្ទប់នឹងជ្រុងរេញថែមទៀត។ ចំណែកដឺមីស ឈរមើលការប្រកួតយ៉ាងសប្បាយចិត្តពីច្រកចេញចូលទៅកាន់សង្វៀនប្រកួតរបស់កីឡាករ។ ឯស្វែកហ្គ័របន្ទាប់ពីធាក់ទន្ទ្រាំរួចហើយ ក៏បានចាប់ស៊ីណាបោកលើក្តារេញ តែស៊ីណាបានតបតវិញហើយស្តារបានមកវិញនូវស្ថានការណ៍គ្រោះថ្នាក់លើកនេះ។
ការប្រកួតបន្ត ស៊ីណាត្រូវរងការវាយសំពងលើខ្នងជាមួយនឹងកៅអីដែកពីសំណាក់ជែក ស្វែកហ្គ័រ។ ស៊ីណា ថ្វីដ្បិតតែជាជើងឯកតែជាមួយនឹងកៅអីដែកពិតជាមិនអាចទ្រាំបានឡើយ។ ស្វែកហ្គ័រទទួលបានឱកាសល្អ ប្រើកំពូលស្នៀតពិសេសៗនិងសាហាវដូចជាសត្វធាតុលើស៊ីណា។
ការក្លេកាច់ក.ជើង(lethal ankle lock)ក៏អាចចាត់ទុកជាស្នៀតមួយខ្លាំងគួរសម តែជាមួយស៊ីណាគេនៅតែអាចទ្រាំបានហើយទីបំផុតស៊ីណាអាចដោះខ្លួនរួចនិងធ្វើការវាយបកជាមួយស្នៀតក្លេ.កទាញកាច់មកក្រោយ។ ស្វែកហ្គ័រមិនអាចទ្រាំទ្របានទេ។ ស៊ីណាមិនបង្អង់យូរក៏សម្រេចចិត្តបញ្ចប់ការប្រកួតជាមួយកំពូលស្នៀតលីគូសត្រូវលើស្មារួចលោតបោកទម្លាក់(Attitude Adjustment)យកឈ្នះការប្រកួតទាំងស្រុង។
ចំណែកដឺមីស ដោយខឹងស្វែកហ្គ័រមិនអាចធ្វើអ្វីស៊ីណាកើត ក៏បានចេញមុខនិងពោលពាក្យចំអកឡកឡឺយឲ្យស៊ីណា។ ដឺមីសធ្លាប់បានប្រកាសថានឹងធ្វើឲ្យស៊ីណានិយាយថា៖«ខ្ញុំសុំចាញ់ហើយ»ក្នុងរាត្រីថ្ងៃអាទិត្យខាងមុខ។ ដឺមីសបានឡើងមកលើសង្វៀននិងបានយកបំពង់ទីបដែកវាយចន ស៊ីណា។ ស៊ីណាបានជម្នះលើការឈឺចាប់ហើយបានផ្តល់មេរៀនឲ្យដឺមីសវិញជាមួយនឹងបំពង់ទីបដែក។ ស៊ីណាក្រោយពីបណ្តេញដឺមីសនិងកូនជឹងអាឡិច រីឡេពីសង្វៀនបានពោលពាក្យខែងរ៉ែងថា«ខ្ញុំមិនដែលស្គាល់ពាក្យថាសុំចុះចាញ់ឡើយ» ៕
ចែករំលែកព័តមាននេះ