ឈ្លោះគ្នាបែកផ្សែងតាមបណ្តាញសង្គម គ្មានបានការទេ
- ភ្នំពេញ
បច្ចុប្បន្ននេះ គេបានសង្កេតឃើញថា នៅពេលមានបញ្ហាអ្វីមួយកើតមាន ការរកដំណោះស្រាយបញ្ហាពិតប្រាកដលើបញ្ហានោះ ហាក់ពុំសូវមានឡើយ។ ផ្ទុយទៅវិញ គេបានត្រឹមនាំគ្នាប្រើប្រាស់ព័ត៌មាន ដើម្បីឆ្លើយតប បកស្រាយ និងដោះសារទៅវិញនៅតាមបណ្តាញសង្គម ដូចជាហ្វេសប៊ុក។

បណ្តាញសង្គម បានកំពុងក្លាយជាវេទិកាឆ្លើយឆ្លងព័ត៌មានដាក់គ្នា ប៉ុន្តែដំណោះស្រាយពិតប្រាកដឱ្យបញ្ហា ពុំសូវឃើញមាននោះទេ។ ប្រការនេះ ហាក់បានធ្វើឱ្យសង្គមបាត់បង់សណ្តាប់ធ្នាប់ ប្រសិទ្ធភាពដោះស្រាយបញ្ហាធ្លាក់ចុះ បាត់បង់ទំនុកចិត្ត បញ្ហាតូចក្លាយជារឿងធំ រឿងដដែលៗកើតឡើងជាញឹកញាប់ ជាពិសេសវាបានបង្កឱ្យបាត់បង់ការទទួលខុសត្រូវនៅក្នុងសង្គម។

ដូចគេបានដឹងគ្រប់គ្នាហើយថា ព័ត៌មាន គឺជាព្រឹត្តិការណ៍អ្វីមួយដែលកើតមាន ហើយត្រូវបានគេយកមកផ្សព្វផ្សាយ។ ពីដំបូងឡើយ ព័ត៌មាន ត្រូវបានផ្សព្វផ្សាយដោយបណ្តាញព័ត៌មានផ្លូវការមាន កាសែត វិទ្យុ ទូរទស្សន៍ជាដើម តាមរយៈអ្នកសារព័ត៌មាន។ ប៉ុន្តែនៅក្នុងសម័យដែលបណ្តាញសង្គមរីកចម្រើន មានសារព័ត៌មានពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមសន្ធឹក សន្ធាប់ក្នុងសង្គម ពួកគាត់ទាំងនោះបានចូលរួមយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយហេតុការណ៍សង្គមដែលបានកើតមាន ទោះបីជាព័ត៌មានទាំងនោះគ្មានលក្ខណៈ វិជ្ជាជីវៈ និងមិនគ្រប់ជ្រុងជ្រោយយ៉ាងណាក្តី។

បើគិតត្រឹមព័ត៌មាន គឺគ្រប់ព័ត៌មានទាំងអស់ជាដំណឹង ដែលគេអាចយកមកពិចារណា សិក្សាស្រាវជ្រាវរកការពិត ដើម្បីអនុវត្ត គឺការដោះស្រាយបញ្ហានោះឯង។ បើព័ត៌មាននោះមិនពិត គេអាចធ្វើការកែតម្រូវ ហើយបើពិត គេត្រូវនាំគ្នាដោះស្រាយ តាមមុខសញ្ញា តាមភារកិច្ច តួនាទី និងទៅតាមការពាក់ព័ន្ធ។ គ្រប់បញ្ហា មិនអាចដោះស្រាយតាមរយៈការឆ្លើយឆ្លងគ្នាជាព័ត៌មាននោះឡើយ។

ដោយសារសេរីភាព នៃការប្រើប្រាស់បណ្តាញសង្គម ពលរដ្ឋគ្រប់គ្នាមានសិទ្ធិ សេរីភាព នៅក្នុងការផ្សព្វផ្សាយរឿងរ៉ាវជីវិត រឿងសង្គម ដែលខ្លួនជួបប្រទះ ក៏ប៉ុន្តែព័ត៌មានមិនអាចដោះស្រាយបញ្ហាដែលបានកើតមានឡើយ។ ការពន្លត់ភ្លើងពីដើមហេតុ ដែលនាំឱ្យផ្ទុះជាព័ត៌មាន គឺជាការបញ្ចប់បញ្ហា ដោយធ្វើឱ្យអ្នកពាក់ព័ន្ធស្ងប់ចិត្ត ជាពិសេសធ្វើឱ្យសង្គមមានសុខដុមរមនា។ ការឆ្លើយឆ្លងគ្នាតាមព័ត៌មាន បានត្រឹមធ្វើឱ្យបញ្ហាតូចក្លាយជាបញ្ហាធំ ឬគេនិយាយថា ជាការអេះមិនចំរមាស់តែប៉ុណ្ណោះ។

មិនថា រឿងរ៉ាវតូចនៅក្នុងសង្គមគ្រួសារ ឬរឿងរ៉ាវវប្រទេសជាតិនោះទេ ការទទួលស្គាល់ការពិត ការដឹងពីឬសគល់បញ្ហា ហើយធ្វើការរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព នឹងផ្តល់សេចក្តីសុខដល់សង្គមបានយូរអង្វែង។ នៅក្នុងសង្គមប្រជាធិបតេយ្យ ព័ត៌មានគ្រាន់ជាស្ពាននាំព័ត៌មានពីរាស្ត្រទៅមន្ត្រី និងពីមន្ត្រីមកប្រជានុរាស្ត្រ ដើម្បីទទួលបានដំណោះស្រាយប៉ុណ្ណោះ។
បណ្តាញសង្គម មិនគួរត្រូវប្រើដើម្បីឈ្លោះគ្នាទេ។ វាគួរជាវេទិកាមួយដែលបំផុសការពិភាក្សា និងរកដំណោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងសង្គមខ្មែរ។ នៅពេលដែលយើងប្រើវាបានត្រឹមត្រូវតាមផ្លូវនេះ វានឹងនាំផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប៕
ចែករំលែកព័តមាននេះ