នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ាដែលទើបតែដណ្តើមបានពានជើងឯកកម្មវិធីItalian Openនៅទីក្រុងរ៉ូមសប្តាហ៍កន្លងទៅនឹងចូលរួមប្រកួតក្នុងក្របខណ្ឌធំFrench Openក្នុងនាមជាកីឡាការិនីដ៏លេចធ្លោនៅក្នុងកែវភ្នែកបណ្តាអ្នកទស្សនា។
ដោយសារតែមានកុងត្រាជាមួយក្រុមហ៊ុនគ្រឿងអលង្ការអាមេរិក Tiffaby & Co ដូច្នេះសារ៉ាប៉ូវ៉ានឹងត្រូវបង្ហាញនូវគ្រឿងអលង្ការដ៏មានតម្លៃមួយចំនួនផងដែរអំឡុងប្រកួតរបស់នាង។
កីឡាការិនីរូបស្រស់របស់រុស្ស៊ីរូបនេះនឹងពាក់ក្រវិលពេជ្រ១គូរបស់នាងដែលមានតម្លៃ៣២០០ដុល្លារអាមេរិកអំឡុងការប្រកួតមួយចប់ក្នុងក្របខណ្ឌ French Openលើកទី២របស់នាងក្នុងឆ្នាំនេះ។ ក្រវិលដែលមានរាងមូលមួយគូរបស់នាងរំលេចទៅដោយគ្រាប់ពេជ្រភ្លឺផ្លេកៗដាំលើប្លាទីន។
នាងសារ៉ាប៉ូវ៉ាបាននិយាយថា៖«ក្រវិលនេះដេញពន្លឺគ្រប់ពេល ហើយវាមានទម្ងន់ស្រាលដែលងាយស្រួលពាក់ក្នុងពេលប្រកួត»។
បើទោះជាក្រវិលរបស់នាងសារ៉ាប៉ូវ៉ាមានតម្លៃថ្លៃក៏ដោយ តែបើប្រៀបធៀបទៅនឹងនាឡិកាដៃរបស់កីឡាករណាដាល់ពាក់ក្នុងពេលប្រកួតតម្លៃ៥២៥០០០ដុល្លារនោះ គឺវានៅតិចជាងខ្លាំងណាស់។
ទោះជាដូច្នោះក្តី ក្រវិលក្រុមហ៊ុនTiffaby& Coដែលនាងសារ៉ាប៉ូវ៉ាពាក់គឺត្រូវគេឌីហ្សាញឡើងដើម្បីតែលក់នៅលើទីផ្សារសាធារណៈប៉ុណ្ណោះ និងតម្លៃជាង៣ពាន់ដុល្លារ។
បើទោះណានាឡិកាដៃរបស់កីឡាករណាដាល់មានតម្លៃថ្លៃក៏ដោយ តែបូកសរុបទាំងអស់គ្រឿងអលង្ការដែលនៅលើខ្លួនសារ៉ាប៉ូវ៉ាគឺនៅតែមានចំនួនច្រើនគួរសមដែរ។ គ្រាន់តែចិញ្ចៀនភ្ជាប់ពាក្យដែលមិត្តប្រុសរបស់នាងឈ្មោះSasha Vujacicបំពាក់ឲ្យនោះមានតម្លៃដល់ជិត២៥០០០ដុល្លារទៅហើយ។ សារ៉ាប៉ូវ៉ានឹងក្លាយជាកីឡាការិនីលេចធ្លោខាងគ្រឿងអលង្ការ១រូបក្នុងពេលប្រកួតឯទីលានរ៉ូឡង់ ហ្គារ៉ូសប្រសិនជាកីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រមិនពាក់ចិញ្ចៀនពេជ្ររបស់គេជាថ្មីទៀតនោះ ៕
ចែករំលែកព័តមាននេះ