ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​​១​ខ្នង​នៅ​សង្កាត់​ព្រែក​កំពឹស​ទាំង​ព្រឹក

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ព្រះ​អគ្គី​បាន​ឆាបឆេះ​ផ្ទះ​១​ខ្នង​ដែល​សង់​អំពី​ឈើ​ខាងលើ ​និង​បន្ទប់​ថ្ម​ខាងក្រោម​

​រាជធានី​ភ្នំពេញ ​៖ ​ព្រះ​អគ្គី​បាន​ឆាបឆេះ​ផ្ទះ​១​ខ្នង​ដែល​សង់​អំពី​ឈើ​ខាងលើ ​និង​បន្ទប់​ថ្ម​ខាងក្រោម​ទាំងស្រុង ដោយ​ពុំ​ដឹង​ពី​មូលហេតុ ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ចេញ​អន្តរាគមន៍ ​ព្រមទាំង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជាង​១០​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំង​ស្រុង​ ពុំ​បាន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ផ្សេង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ឡើយ​។

ហេតុការណ៍​ខាងលើ​នោះ​បាន​ប​ង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​ផ្ដើម​ចេញពី​អ្វី​នៅឡើយ​ទេ ហើយ​ខណៈ​ពេល​ភ្លើង​ចាប់ផ្ដើម​ឆេះ​តិច​ៗ​ពី​ដំបូង​ពុំ​ត្រូវ​បានដឹង​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​ពេល​ភ្លើង​ឆេះ​ខ្លាំង​ទើប​ដឹង ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ពុំ​អាច​ពន្លត់​ឈ្នះ​ឡើយ ។ ពេល​នោះ​ការ​ឆេះ​លឿន​ខ្លាំង​ណាស់ ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ​និង​មាន​ផ្សែងហុយ​ឃ្មួ​ល​ខ្មាញ់​ឡើង​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អាជ្ញាធរ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​បណ្ដា​អង្គភាព​នានា​ទៅ​កាន់​ទីនោះ​ជា​បន្តបន្ទាប់​ជាង​១០​គ្រឿង​ដើម្បី​ពន្លត់ភ្លើង ព្រោះ​មានការ​ព្រួយបារម្ភ​ខ្លាច​ឆេះ​រាល​ដល់​ផ្ទះ​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ទៀត ​។ ​ប៉ុន្តែ​ក្រោយ​ពី​ការ​ព្យាយាម​បាញ់​ទឹក​ពន្លត់ភ្លើង​បាន​រលត់​ទៅ​វិញ​ទាំងស្រុង ពុំ​បាន​ឆេះ​រាល​ដល់​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ឡើយ តែ​ផ្ទះ​នោះ​រួម​ទាំង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង ហើយ​នៅ​ពុំ​ទាន់​ដឹង​ថា​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ប្រាក់​ប៉ុន្មាន​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ