រាជធានីភ្នំពេញ ៖ កោះសន្តិភាពបានចុះផ្សាយលេខម្សិលមិញ ស្តីពីនាងជួន ចាន់រតនា ហៅក្អយ តារាកំប្លែងដែលបាត់បង់ប្រជាប្រិយភាព ត្រូវតំណាងអយ្យការ គឺលោកគ្រី សុខអ៊ី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីកោះហៅឱ្យចូលខ្លួននៅថ្ងៃទី១៩ ឧសភា ដើម្បីសាកសួរលើបណ្តឹងរបស់ឈ្មោះទៀង គង់ ពីករណីរំលោភលើសេចក្តីទុកចិត្ត។ «តុលាការកោះហៅនាងក្អយចូលបំភ្លឺ ខណៈដេកព្យួរសេរ៉ូមហាក់ដូចជាលាក់ខ្លួន
» នាងក្អយ មិនបានមានវត្តមានតាមដីការបស់តំណាងអយ្យការទេ។ ប្រភពព័ត៌មានឱ្យដឹងថា នាងក្អយ បានបន្តបន្ថែមសេរ៉ូមដោយអះអាងថា អាការរោគនៅមិនទាន់ធូរស្បើយ ឬក៏អាចនិយាយបានថា នាងក្អយបន្ថែមសេរ៉ូមកាន់តែច្រើនបើមានដីកាកោះហៅកាន់តែច្រើននោះ។
ខណៈពេលដីកាកោះឱ្យចូលខ្លួនរបស់លោកគ្រី សុខអ៊ី ព្រះរាជអាជ្ញារងពុំមានប្រសិទ្ធភាព ដោយមូលហេតុនាងក្អយមិនគោរព ឬក៏យកលេសព្យួរសេរ៉ូមនោះ នៅព្រឹកថ្ងៃទី១៩ ឧសភា លោកសុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានឥទ្ធិពលជាងគេក្នុងចំណោមព្រះរាជអាជ្ញារងទាំងអស់បានចេញដីកាថ្មីមួយទៀតកោះហៅនាងក្អយ ឱ្យចូលខ្លួននៅថ្ងៃទី២៧ ឧសភា ខាងមុខ។ ដីកាកោះហៅឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញារង សុខ រឿន ក៏មិនខុសពីដីកាកោះរបស់លោកគ្រី សុខអ៊ី ដែរ គឺហៅនាងក្អយ ឱ្យចូលឆ្លើយបំភ្លឺរឿងរំលោភលើសេចក្តីទុកចិត្ត។
អ្នកតាមដានព័ត៌មានបានសង្កេតឃើញថា នាងក្អយគ្រាន់តែជាតារាកំប្លែងម្នាក់សោះ បានធ្វើឱ្យស្ថាប័នអយ្យការវិលក្បុងចេញដីកាព្រោងព្រាតហើយនៅតែមិនចូលខ្លួន។ មានការលើកឡើងថា នាងក្អយអាចត្រូវអ្នកមានបុណ្យស័ក្តិនៅពីក្រោយ ឬជួយការពារ។ បានជាគេហ៊ាននិយាយយ៉ាងដូច្នេះ ព្រោះគេនៅចាំបានថា កាលពីប៉ុន្មានខែមុន នាងក្អយត្រូវសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន១យប់២ថ្ងៃ ដែលជនរងគ្រោះជាដើមបណ្តឹងបានចាប់ប្រគល់ឱ្យសមត្ថកិច្ចជួយដោះស្រាយរឿងឆបោកជួលរថយន្ត២គ្រឿងយកទៅដាក់បញ្ចាំ។ ការឃាត់ខ្លួននាងក្អយពេលនោះ មានអន្តរាគមន៍ឱ្យនាងក្អយរួចខ្លួនទៅប្រកបអាជីវកម្មរបស់នាងវិញ គ្រាន់តែតម្រូវឱ្យប្រាប់ និងចង្អុលទីតាំងដែលនាងយករថយន្តគេទៅបញ្ចាំប៉ុណ្ណោះ។ ពេលនោះម្ចាស់រថយន្ត២គ្រឿងត្រូវបង្ហូរទឹកភ្នែក ព្រោះរកប្រាក់១ម៉ឺនដុល្លារទៅលោះយករថយន្តខ្លួនឯងមកវិញ។
ទោះបីជាយ៉ាងណា នៅសល់រថយន្តជាច្រើនគ្រឿងទៀតដែលម្ចាស់មិនហ៊ាននិយាយទេ ព្រោះខ្លាចខ្មាសគេ និងកំពុងស្រាវជ្រាវរកទីតាំងបញ្ចាំក្នុងគោលបំណងយកប្រាក់ទៅលោះយករថយន្តខ្លួនឯងមកប្រើប្រាស់វិញដែរ។ បានជាអះអាងយ៉ាងដូច្នេះ ព្រោះមានជនរងគ្រោះខ្លះបានទូរស័ព្ទសួរមកភ្នាក់ងារកោះសន្តិភាពជាញឹកញាប់ ចង់បានព័ត៌មានដែលនាងក្អយ យករថយន្តរបស់ខ្លួនទៅបញ្ចាំថាតើនៅទីណា ដើម្បីយកប្រាក់ទៅលោះយកមកវិញ ហើយគេក៏មិនចង់ប្តឹងប្តល់អ្វីដែរ។ នាងក្អយ មានបណ្តឹងពីជនរងគ្រោះ៦នាក់ បាត់បង់រថយន្ត៩គ្រឿង ដែលបណ្តឹងទាំងនោះមានលោកព្រះរាជអាជ្ញារង៣រូបកាន់សំណុំរឿងនេះ គឺលោកសុខ រឿន លោកគ្រី សុខអ៊ី និងលោកគឺ ប៊ុណ្ណារ៉ា។
មកដល់ពេលនេះ ព្រះរាជអាជ្ញារង២រូបបានចេញដីកាកោះហៅនាងក្អយ ឱ្យចូលខ្លួនដើម្បីសាកសួរពីបណ្តឹងជនរងគ្រោះ ដែលដីកាកោះហៅរបស់តំណាងអយ្យការនោះបានធ្វើឱ្យនាងក្អយធ្លាក់ខ្លួនព្យួរសេរ៉ូម។ បើតាមព័ត៌មានថា នាងក្អយមានសុខភាពស្លេកស្លាំង និងនិយាយស្តីខុសពីធម្មតា ដែលខ្លះចាត់ទុកថា នាងក្អយចង់ខូចប្រព័ន្ធសរសៃប្រសាទ បូករួមនឹងជំងឺប្រចាំកាយផង។ ចាំមើល តើនាងក្អយចូលខ្លួនតាមដីការបស់លោកព្រះរាជអាជ្ញារង សុខ រឿន ដែរឬអត់នៅថ្ងៃទី២៧ ឧសភា ខាងមុខនេះ ឬក៏នាងក្អយ បន្ថែមសេរ៉ូមទៀត៕
ចែករំលែកព័តមាននេះ