ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​! គម្រោង​២​ឆ្នាំ​ហើយ នៅ​ជំពាក់​ឈ្នួល​កម្មករ​៣​ខែ កម្មករ​សំណង់​បុរី​ប៊ូ​យ៉ុ​ង លើកគ្នា​មក​ស្នាក់​ការ​ក្រុមហ៊ុន​ទាមទារ​បើ​ក​ប្រាក់​ឈ្នួល​ថ្លៃ​ពលកម្ម

5 ខែ មុន
  • ភ្នំពេញ

កម្មករ​សំណង់​បុរី​ប៊ូ​យុង ស្ថិត​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ប្រមាណ​១២០​នាក់ ក្នុង​ចំណោម​ជាង​១០០០​នាក់ បាន​លើកគ្នា​មក​ស្នាក់​ក្រុមហ៊ុន «​ប៊ូ​យ៉ុ​ង​» ដើ​ម្បិ​តវ៉ា​សុំ​បើកប្រាក់​ថ្លៃ​ពលកម្ម បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ចប់​គម្រោង​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​បុរី​ប៊ូ​យុង ស្ថិត​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ប្រមាណ​១២០​នាក់ ក្នុង​ចំណោម​ជាង​១០០០​នាក់ បាន​លើកគ្នា​មក​ស្នាក់​ក្រុមហ៊ុន «​ប៊ូ​យ៉ុ​ង​» ដើ​ម្បិ​តវ៉ា​សុំ​បើកប្រាក់​ថ្លៃ​ពលកម្ម បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ចប់​គម្រោង​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​បើកប្រាក់​អោយ​កម្មករ​នោះ​ទេ​។

ការ​តវ៉ា​ខាងលើ​នេះ បាន​ផ្ទុះ​ឡើងជា​ថ្មី កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ ដោយ​ក្រុម​ជាង និង​កម្មករ បាន​មក​ជួប​ប្រមូលផ្តុំ​លើក​បដា និង​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​អោយ​ជួយ​អន្តរាគមន៍​នៅ​មុខ​ស្នាក់​ការ​កណ្តាល​ក្រុមហ៊ុន «​ប៊ូ​យ៉ុ​ង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​បុរី​កម្មករ សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ នៅ​ខណៈ​ពេល​នោះ​ដែរ ក្រុម​កម្មករ​ក៏​បាន​នាំ​គ្នា​យក​កង់​រថយន្ត​មក​គរ បម្រុង​គំ​រា​.​ម​ដុត​ទៀត​ផង​។

តាម​តំណាង​កម្មករ​ម្នាក់​ដែល​ផ្ទុះ​ការ​តវ៉ា បាន​ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​ជា​កម្មករ និង​ជាងសំណង់​គ្រប់​ផ្នែក រួម​មាន ៖ ផ្នែក​ឥដ្ឋ​, ការ៉ូ​, ទឹក​, ភ្លើង និង​ពិ​ដាន​របស់​បុរី «​ប៊ូ​យ៉ុ​ង​» ដែល​មា​នទី​តាំងនៅ​ក្រោយ​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ បាន​នាំ​គ្នា​មក​ទាមទារ​ប្រាក់​ថ្លៃ​ពលកម្ម បន្ទាប់​ពី​បុរី​នោះ​បាន​បញ្ចប់​គម្រោង​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​បាន​បើកប្រាក់​អោយ​កម្មករ​នោះ​ទេ ។

តាម​តំណាង​រូប​នោះ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កម្មករ​បុរី​ទាំងអស់ ប្រមាណ​ជាង​១០០០​នាក់ ដែល​ក្រុមហ៊ុន​មិន​ទាន់​បើកប្រាក់​ថ្លៃ​ពលកម្ម​រយៈពេល​៣​ខែ​ចុង​ក្រោយ បន្ទាប់​ពី​បញ្ចប់​គម្រោង​។ ខណៈ​ពេល​នោះ កម្មករ​ទាំងអស់​បាន​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ប្រាក់​ថ្លៃ​ពលកម្ម តែ​ក្រុមហ៊ុន​ចេះ​តែ​សន្យា​ខ្យល់ រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ ក៏​បាន​លើកគ្នា​មក​ស្នាក់​ការ​ក្រុមហ៊ុន​តែ​ម្តង​។

តាម​អ្នក​តវ៉ា បាន​ប្រាប់​អោយ​ដឹង​ថា ប្រាក់​ដែល​ក្រុមហ៊ុន​ជំពាក់​កម្មករ ផ្នែក​ខ្លះ​៥​ម៉ឺន​ដុល្លារ និង​ខ្លះ​ទៀត​ដូច​ជា​ផ្នែក​ពិ​ដាន រហូត​ដល់​២០​ម៉ឺន​ដុល្លារ​។ បន្ទាប់​ពី មានការ​តវ៉ា អាជ្ញាធរ​ខណ្ឌ​សែន​សុខ ក៏​បាន​ចុះ​ទៅ​សម្របសម្រួល និង​ហាម​កម្មករ​កុំអោយ​ដុត​កង់​រថយន្ត ព្រោះ​វា​នាំ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន និង​បាន​សាកសួរ​រដ្ឋបាល ដើម្បី​រក​ដំណោះស្រាយ​។

តាម​រដ្ឋបាល​ក្រុមហ៊ុន «​ប៊ូ យ៉ុ​ង​» បាន​ប្រាប់​អាជ្ញាធរ​ឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​បាន​ទម្លាក់​ប្រាក់​អោយ​ក្រុមហ៊ុន​ជា​អ្នកម៉ៅការ​អស់ហើយ ហេតុ​អ្វី​ក្រុមហ៊ុន​មិន​បាន​យក​ទៅ​បើក​ឱ្យ​តាម​ផ្នែក​បន្ត​ទៀត?​។

ទោះបីជា​យ៉ាងណា នៅ​រសៀល​នោះ​ដែរ តំណាង​ក្រុមហ៊ុន ក៏​បានអោយ​តំណាង​ក្រុម​កម្មករ​ជួប​ស្រង់​ឈ្មោះ និង​ប្រាក់ ដែល​នៅ​សល់ ហើយ​សន្យា​ថា នឹង​បើក​អោយ​កម្មករ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ